ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានថ្លែង នៅក្នុងពិធីបើកសន្និសីទជាតិក្រោមប្រធានបទ «កំណែទម្រង់វិមជ្ឃការ និងវិសហមជ្ឃការ៖មេរៀនបទពិសោធន៍ បញ្ហាប្រឈមនិងចក្ខុវិស័យទៅអនាគត» នៅសាលមហោស្រពកោះពេជ្រ ថា កំណែទម្រងវិមជ្ឈការ និងវិសហមជ្ឈការ នឹងធ្វើឲ្យប្រទេសជាតិរីកចម្រើន ហើយការគ្រប់គ្រងថ្នាក់ក្រោមជាតិ កាន់តែមាន​ប្រសិទ្ធភាព និងគណនេយ្យភាពជាងមុន។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងទៀតថា កំណែទម្រង់នេះបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ និងដោះស្រាយនូវបញ្ហាប្រឈមជាអាទិភាពនានា នៅតាមមូលដ្ឋានផ្សេងៗគ្នា ដែលប្រការនេះបានចូលរួមចំណែកយ៉ាងមានប្រសិទ្ធភាពដល់ការលើកស្ទួយជីវភាពរស់នៅ គុណភាពជីវិតរបស់សហគមមូលដ្ឋាន និងកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងសមធម៌សង្គមជាដើម ។

សម្តេចក្រឡាហោម បានបន្តទៀតថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការត្រូវបានផ្តួចផ្តើមរៀបចំ ដឹកនាំគ្រប់គ្រង​ ដោយរាជរដ្ឋាភិបាល ផ្អែកតាមបរិបទនយោបាយសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់កម្ពុជា។ កម្មវិធីកំណែទម្រង់នេះ ត្រូវបានរៀបចំ និងអនុវត្តជាដំណាក់កាលៗ ដោយមានការចូលរួមពីក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ផ្នែកឯកជន និងអ្នកពាក់ព័ន្ធនានាជាច្រើនទៀត។

បើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដែលហៅកាត់ថា “គ.ជ.​អ.ប” បានឲ្យដឹងថា ក្នុងរយៈពេលជិត២ទសវត្សរ៍កន្លងមកនេះ រាជរដ្ឋាភិបាលបានផ្ទេរថវិកាសរុបប្រមាណជាង២ពាន់លានដុល្លារអាមេរិក ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការចាត់ចែង ប្រើប្រាស់សម្រាប់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន។

របាយការណ៍ដដែល បានបន្តថា ដោយផ្អែកលើធនធានទាំងនេះ រដ្ឋបាលថ្នាក់ក្រោមជាតិបានអនុវត្តនូវគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តខ្នាតតូចជាច្រើន ដូចជា ផ្លូវលំជនបទ (ផ្លូវដី ផ្លូវក្រួសក្រហម ផ្លូវបេតុង និងស្ពាន) ប្រព័ន្ធស្រោចស្រព (ប្រឡាយ ទំនប់ទឹក និងសំណង់សិល្បការផ្សេងៗ) សំណង់អនាម័យជនបទ ( លូទឹក បង្គន់ និងប្រព័ន្ធបង្ហូរទឹក) សំណង់ផ្គត់ផ្គង់ទឹក ស្អាត (ស្រះទឹក អណ្តូងទឹក និង​បណ្តាញទុយោទឹកស្អាត) សំណង់ផ្សេងៗទៀត (អគារសាលារៀនអគារ សុខាភិបាល អគារសង្គម សំណង់ផ្សារ និងសំណង់សម្រាប់ការពារទឹកជំនន់ បណ្តាញបង្ហូរសំណល់រាវតាមទីប្រជុំជន និងគម្រោងមិនមែនហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតដូចជា ការលើកម្ពស់ការផ្តល់សេវាសង្គមនានា ដូចជាអនាម័យជនបទ ការគាំពារមាតា និងទារក យេនឌ័រ ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការចងក្រងសហគមន៍តាមមូលដ្ឋាន ដើម្បីលើកស្ទួយផលប្រយោជន៍ដល់ក្រុមជនងាយរងគ្រោះជាដើម) ។

របាយការណ៍ដដែល បានបញ្ជាក់ថា ទោះបីកំណែទម្រង់នេះ មានការវិវឌ្ឍទៅមុខជាលំដាប់ស្របតាមដំណាក់កាលនីមួយៗ ដូចបានកំណត់ក្នុងកម្មវិធីជាតិ រួមជាមួយនឹងការបង្កើតបាននូវសមិទ្ធផលជាច្រើនគួរឲ្យកត់សម្គាល់ក៏ដោយ ក៏បច្ចុប្បន្នកំណែទម្រង់នេះបាននិងកំពុង​ឈានចូលដល់ដំណាក់កាលកាន់តែស៊ីជម្រៅ និងកាន់តែសាំញ៉ាំ ទាំងក្នុងកិច្ចការនយោបាយ និងផ្នែកបច្ចេកទេសដែលទាមទារឲ្យបន្តពង្រឹង​នូវការប្តេជ្ញាចិត្តខាងនយោបាយក្នុងរាជរដ្ឋាភិបាលទាំងមូល និងការពង្រឹងកិច្ចសហការ ការចូលរួម និងការគាំទ្រឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតក្នុងការបន្តអនុវត្តនូវកិច្ចដំណើរការកំណែទម្រង់ក្នុងដំណាក់កាលទី៣ នៃកម្មវិធីជាតិ ដើម្បីធានាឲ្យប្រព័ន្ធគ្រប់គ្រង់ នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យកាន់តែមានប្រសិទ្ធភាព កាន់តែឆ្លើយតប និងកាន់តែមានគណនេយ្យភាពក្នុងការផ្តល់សេវាសាធារណៈ ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ចូលរួមចំណែកកាត់បន្ថយនូវភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋទាំងមូល។

សូមរំឭកថា គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នឹងត្រូវចំណាយថវិកាប្រមាណមួយពាន់​លាន​ដុល្លារអាមេរិក សម្រាប់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការសម្រាប់រយៈពេលបីឆ្នាំ ពោគឺចាប់ពីឆ្នាំ២០១៨ដល់ឆ្នាំ២០២០៕