ភ្នំពេញ៖ នារីម្នាក់បានជួបជុំផឹកស៊ីជាមួយមិត្តភក្តិប្រុសស្រីយ៉ាងសប្បាយក្អាកក្អាយ និងនាំគ្នាដើរលេងចូលក្លឹបរាំកម្សាន្តត្រឡប់មកផ្ទះវិញ ឡើងទៅបន្ទប់ដេក ក៏ត្រូវប្រុសព្រានលបឡើងតាមពីក្រោយ ចាប់ផ្តួលទៅលើគ្រែរំលោភរហូតដល់បានសម្រេច កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលរបស់នារីរងគ្រោះ ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

មន្ត្រីនគរបាលខណ្ឌសែន សុខ បានឲ្យដឹងថា​ បុរសល្មោភកាមជាប់ពាក់ព័ន្ធនឹងករណីរំលោភ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ឈ្មោះ​ ដាំ ជារ៉ាយុទ្ឋ ហៅស្រួច អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន (ផ្នែកលក់) មានលំនៅក្នុងភូមិដំណាក់ហ្លួង ឃុំទឹកឈូ ខេត្តកំពត។ រីឯនារីរងគ្រោះ ឈ្មោះ ប ល អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួល ទីតាំងកើតហេតុខាងលើ។

បើតាមសម្តីរបស់ជនរងគ្រោះ បានឲ្យដឹងថា កាលពីក្បាលព្រលប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ នាងបានជួបជុំផឹកស៊ីជាមួយមិត្តភក្តិស្រីរបស់នាងចំនួន៣នាក់ រួមមាន ឈ្មោះ ស្រីនិច (ស្រី) ប្តីរបស់ស្រីនិចឈ្មោះ ភ័ក្ដ្រ និងជនសង្ស័យ​ឈ្មោះដាំ ជារ៉ាយុទ្ធ ហៅស្រួច ដែលជាជាមិត្តភក្តិរបស់ឈ្មោះ ភ័ក្ត្រ នៅក្នុងផ្ទះជួលរបស់នាង។ លុះពេលផឹកស៊ីរហូតដល់ស្រវឹងធ្លាក់ភ្នែករៀងៗខ្លួនហើយ ពួកនាងទាំង៤នាក់ បាននាំគ្នាទៅដើរលេង និងចូលក្លឹបរាំលេងចំនួន២កន្លែង ដោយនាងជិះម៉ូតូជាមួយនឹងជនសង្ស័យ។ រីឯមិត្តភក្តិឈ្មោះស្រីនិច ជិះម៉ូតូជាមួយប្តីរបស់នាង (ស្រីនិច)។

ស្រី្ដរងគ្រោះ បានបន្តថា ក្រោយពេលនាំគ្នាដើរលេងរាំកម្សាន្តអស់ចិត្តហើយ ទើបនៅវេលាម៉ោង៣ទៀភ្លឺ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ពួកនាងទាំង៤នាក់ ក៏បាននាំគ្នាត្រឡប់មកផ្ទះជួលរបស់នាងវិញ។ ប៉ុន្តែដោយសារយប់ជ្រៅទៅហើយ នាងក៏បានសម្រេចឱ្យមិត្តភក្តិ៣នាក់នោះ ដេកសម្រាកនៅផ្ទះរបស់នាង ដោយរង់ចាំព្រឹកឡើង ចាំឲ្យពួកគេទៅផ្ទះវិញ។ មិត្តភក្តិឈ្មោះនិច និងប្តីរបស់នាង ព្រមទាំងជនសង្ស័យដេកនៅជាន់ក្រោម។ រីឯនាងបានឡើងទៅដេកក្នុងបន្ទប់របស់នាងនៅជាន់ឡៅតឿ។

ស្រី្ដរងគ្រោះ បានបន្តថា នៅពេលនាងឡើងដល់បន្ទប់ដេក នាងមិនបានចាប់អារម្មណ៍ដឹងថា ជនសង្ស័យឈ្មោះស្រួច បានលបឡើងមកតាមនាងពីក្រោយនោះទេ ស្រាប់តែពេលនាងចាក់សោបើកទ្វារបន្ទប់ ក៏ត្រូវជនសង្ស័យចូលមកចាប់នាងផ្តួលទៅលើគ្រែ រួចចាប់រំលោភនាងទាំងកម្រោលរហូតបានសម្រេច។

ស្រី្ដរងគ្រោះ បានបន្តថា ក្រោយពេលជនសង្ស័យចាប់រំលោភនាងរួចហើយ នាងបានចុចទូរស័ព្ទហៅមិត្តភក្តិឱ្យមកជួយ។ ប៉ុន្តែភ្លាមៗនោះ ជនសង្ស័យបានលោតផ្លោះរបងរត់គេចខ្លួនបាត់មួយសន្ទុះធំ ទើបលេចមុខជនសង្ស័យត្រឡប់មកវិញ ព្រមទាំងមានស្នាមរបួសជើង ដែលទំនង​ជារត់ទៅណាមិនរួច។ នៅពេលនោះ នាងបានប្តឹងទៅសមត្ថកិច្ចឲ្យចាប់ខ្លួនជនសង្ស័យតែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕