ភ្នំពេញ៖ ​កូនស្រី​ច្បង​របស់លោក កឹម សុខា អតីតប្រធានគណបក្ស​សង្គ្រោះ​ជាតិ កាលពីថ្ងៃទី១៨ ខែកុម្ភៈកន្លងទៅថ្មីៗនេះ បានទទួលប័ណ្ណ​សរសើរ ​ស្តីពី​កា​រត​ស៊ូ ដើម្បី​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា ពី​លោក Ed Royce និងលោក Alan Lowenthal តំណាងរាស្ត្រ​ ​នៃ​សហរដ្ឋ​អាមេរិក​។ ការផ្តល់​ប័ណ្ណ​សរសើរ​នេះ បានធ្វើឡើង​ ក្នុងឱកាស​ដែល​កញ្ញា កឹម មនោ​វិទ្យា ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ ក្នុង​ទីក្រុង​ឡង​ប៊ិច ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៨​។

​កញ្ញា កឹម មនោ​វិទ្យា ជា​អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និងជាកូនស្រី​ច្បង​របស់លោក កឹម សុខា អតីតប្រធានគណបក្ស​សង្រ្គោះជាតិ ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្រោមការចោទប្រកាន់ ពីបទល “ក្បត់ជាតិ “។ កញ្ញាបាន​ទទួលប័ណ្ណ​សរសើ​រ ​ស្តីពី​កា​រត​ស៊ូ ដើម្បី​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា ពី​តំណាងរាស្ត្រ​សហរដ្ឋអាមេរិកចំនួន២រូប គឺ​លោក Ed Royce និងលោក Alan Lowenthal​។

​លោក Ed Royce បាន​សរសេរ​ នៅក្នុង​ប័ណ្ណ​សរសើរ​ថា​ «​នេះជា​កិត្តិយស​របស់​កញ្ញាដែល​បាន​ប្តេជ្ញាចិត្ត ក្នុងការ​គាំទ្រនូវ​គោលការណ៍​ប្រជាធិបតេយ្យ​។ សូម​អរគុណ​ចំពោះ​ការប្រឹងប្រែង​យ៉ាង​ខ្ជាប់ខ្ជួន​របស់​កញ្ញា​។ ស្របគ្នានោះដែរ ​លោក Alan Lowenthal ក៏បានសរសេរថា​ «​ភាពជា​អ្នកដឹកនាំ​របស់​កញ្ញា ​ក្នុងការ​លើកកម្ពស់​សិ​ទិ្ធ​មនុស្ស ​និង​ប្រជាធិបតេយ្យ គួរតែ​ទទួលបាន​នូវការកោតសរសើ​របែបនេះ​»​។

​កញ្ញា កឹម មនោ​វិទ្យា ​គឺជាតួអង្គ​លេចធ្លោ​មួយរូប និង​មាន​សកម្មភាព​យ៉ាងខ្លាំង​ក្លា​ ក្នុងការ​ស្វែងរក​ជំនួយ​ពី​សហគមន៍​អន្តរជាតិ ដើម្បី​ជួយដល់​ឪពុក​របស់​នាង ឲ្យ​បាន​រួច​ផុតពី​ពន្ធនាគារ​។ កាលពី​ប៉ុន្មាន​ខែ​មុន កញ្ញា កឹម មនោ​វិទ្យា បាន​ពឹងពាក់​មេធាវី​អន្តរជាតិ​មួយក្រុម ឲ្យ​យក​ករណី​ឃុំខ្លួន​លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ប្តឹង​ទៅក្រុមការងារ​ទទួលបន្ទុក​ផ្នែក​ការឃុំខ្លួន ​ដោយ​បំពាន (The Working Group on Arbitrary Detention) ដែលជា​ស្ថាប័ន​មួយ​របស់​អង្គការសហប្រជាជាតិ ដើម្បី​ឲ្យ​ជួយ​ស្វែងរក​យុត្តិធម៌​ ជូនឪពុករបស់នាង ដែលកំពុងជាប់ឃុំឃាំង នៅក្នុងពន្ធនាគារត្រពាំផ្លុង ខេត្តត្បូងឃ្មុំ។

កញ្ញា កឹម មនោ​វិទ្យា ​កន្លងមកបាន​អំពាវនាវទៅយ​អង្គការ​សហ​ប្រជា​តិ ឲ្យព្យួរ​អាសនៈ​របស់​ប្រទេស​កម្ពុជា ហើយ​បច្ចុប្បន្ននេះ នាងនៅតែ​បន្ត​ធ្វើដំណើរ​ទៅតាម​បណ្តា​ប្រទេស​នានា ដើម្បី​ជំរុញ​ឲ្យ​ដាក់​សម្ពាធ​បន្ថែម​ទៀត មកលើ​រដ្ឋាភិបាល​កម្ពុជា​។ មិនមែន​មានតែ​កញ្ញា កឹម មនោ​វិទ្យា ម្នាក់​នោះទេ សូម្បីតែថ្នាក់ដឹកនាំ​ផ្សេងទៀត ​នៃ​អតីតគណបក្ស​សង្គ្រោះ​ជាតិ ក៏កំពុងតែ​ពុះពារ​យ៉ាងខ្លាំង​ណាស់ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា និង​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​សកម្មភាព​ឡើងវិញ​។

ដោយឡែេកលោក សម រង្ស៊ី រួមទាំង​អតីត​ថ្នាក់ដឹកនាំ​មួយចំនួន​ នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ឡើង​ ដោយធ្វើ​សកម្មភាព​តែ​នៅក្រៅ​ប្រ​ទេស​ប៉ុណ្ណោះ​ ​ដោយ​ពួកគាត់យល់ថា ចលនានេះអាចទទួលបាន​ជោគជ័យ៕