ភ្នំពេញ៖ ២នាក់ប្តីប្រពន្ធ ជិះម៉ូតូឌុបគ្នាធ្វើដំណើរតាមដងផ្លូវដោយគ្មានពាក់មួកសុវត្តិភាពទាំង ២នាក់ វ៉ាក់អើជាមួយកម្លាំងសមត្ថកិច្ចកំពុងដាក់គោលដៅអនុវត្តន៍ច្បាប់ចរាចរណ៍ គេចមិនរួចត្រូវបាននគរបាលឃាត់ ដើម្បីអនុវត្តន៍ទៅតាមគោលការច្បាប់ តែផ្ទុយទៅវិញ អ្នកទាំង ២នាក់ខាងលើបែជាបង្កបញ្ហា ជាមួយកម្លាំងសមត្ថកិច្ច ប៉ុស្តិ៍កាកាប២ ដែលកំពុងតែអនុវត្តន៍ច្បាប់ទៅវិញ ដោយជេរប្រមាថ យ៉ាងចាស់ដៃ មកលើសមត្ថកិច្ច ទ្រាំងលែងបាន ប៉ូលិសឃាត់នាំខ្លួនអ្នកល្មើសច្បាប់ទាំងនាក់នៅសាកសួរនៅប៉ុស្តិ៍ ដើម្បីបន្តនីតិវិធី កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវ ចំណុចភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។

ទាំ ២នាក់ខាងលើមាន ប្ដីឈ្មោះ ឈុន សុខចំរើន ភេទប្រុស អាយុ ៣៥ឆ្នាំ ចំណែកប្រពន្ធឈ្មោះ ផាត់ រិទ្ធី អាយុ ២៧ឆ្នាំ មានទីលំនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

តាមនគរបាលបានឱ្យដឹងថា មុនឃាត់ខ្លួនមនុស្ស ២នាក់ប្តីប្រពន្ធខាងលើ ខណៈដែលកម្លាំងនគរបាលប៉ុស្តិ៍កាកាប២ ខណ្ឌពោធិ៍សែនជ័យ ដឹកនាំបញ្ជាផ្ទាល់ដោយលោក ភា ប្រុស នាយប៉ុស្តិ៍រដ្ឋបាល ដើម្បីអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងភូមិសាស្ត្រខាងលើ ផ្អែកទៅតាមបញ្ជារបស់លោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ ស្រាប់តែនៅវេលាម៉ោងខាងលើ ២នាក់ប្តីប្រពន្ធខាងលើ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GM-8716 មានកញ្ចក់មើលក្រោយ តែដាក់ខុសបច្ចេកទេស ហើយទាំង ២នាក់ពុំមានពាក់មួកសុវត្តិភាពឡើយ ឌុបគ្នាពីជើងទៅត្បូង ។

ប្រភពបន្តថា លុះមកដល់គោលដៅរបស់សមត្ថកិច្ច កំពុងតែអនុវត្តន៍ច្បាប់ចរាចរណ៍ ឃើញម៉ូតូ អ្នកបើកបរ ក្នុងសភាពល្មើស គ្មានមួកសុវត្ថភាព ត្រូវបានកម្លាំងត្រួតពិនិត្យហៅឃាត់ ដើម្បីអនុវត្តន៍ច្បាប់ តែបែជាអ្នកទាំង ២ខាងលើ ចុះមកជ្រែងចង្កេះ ព្រលះសម្តីធ្ងន់ៗ ជេរប្រមាថ មកលើសមត្ថកិច្ចទៅវិញ ដោយចោទប្រកាន់ថា «ប៉ូលិសកំបុិកកំប៉ុក បែបហ្នឹងឃាត់គេអត់ពាក់មួក បើចង់ចាប់ឃាត់គេអត់មួក ទាល់តែយកប៉ូលិសស្តង់ដា មកចាប់ទើបគាត់ព្រមឱ្យពិន័យ» ឡូឡាឡាំប៉ា វាយច្រានរុញប៉ូលិស ផ្អើលទាំងព្រឹក ។

សម្តីបែបនេះ ហាក់បីដូចជាប្រមាថមកលើមន្រ្តីនគរបាលប៉ុស្តិ៍ពេកហើយ ដោយទ្រាំលែងបានត្រូវបានសមត្ថកិច្ចកំបុិកកំប៉ុក ស្នើសសុំទៅថ្នាក់លើ ឃាត់ជនទាំង ២នាក់នេះនាំយកទៅសាកសួរនៅ ប៉ុស្តិ៍ប៉ូលិស ដើម្បីបន្តអនុវត្តន៍ទៅតាមនីតិវិធី ។

ចូលទៅដល់ក្នុងប៉ុស្តិ៍ប៉ូលិស ជនទាំង២ បែជាបន្ទន់ឥរិយាបថ សុំទោស សុំរួចខ្លួនទៅវិញ តែទោះជាយ៉ាងណាក្តី ប៉ូលិសត្រូវតែអនុវត្តន៍ទៅតាមគោលការណ៍ច្បាប់ជាមុនសិន ៕