ភ្នំពេញ៖ បុរសម្នាក់ជាមន្ត្រីយោធា ស្រវឹងស្រាហៅរថយន្តតាក់ស៊ីម៉ែត្រ​ជិះចេញពីក្លឹបកាសា ពេលទៅដល់ម្តុំផ្សារឌ័រហ្គោល សង្ស័យខឹងអ្នកបើករថយន្តតាក់ស៊ីម៉ែត្រ ​​ដកកាំភ្លើងបាញ់ទៅលើអ្នកបើករថយន្តតាក់ស៊ីម៉ែត្រមួយគ្រាប់ ចំខ្នងបណ្តាលឱ្យរងរបួសធ្ងន់ ដែលហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចម្តុំផ្សារឌ័រហ្គោល តាមបណ្តោយផ្លូវ២១៧កែង និងផ្លូវ១៣៩ ស្ថិតក្នុងសង្កាត់អូឬស្សីទី២ ខណ្ឌ៧មករា ។

តាមប្រភពពត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យទើបតែចេញមកពីក្លឹបកាសាបានហៅរថយន្តតាក់ស៊ីម៉ែត្រ​ជិះ ខណៈពេលជិះទៅដល់ចំណុចកើតហេតុខាងលើ មិនដឹងថាជាជនសង្ស័យស្រវឹងស្រាខ្លាំងពេក សង្ស័យខឹងអ្នកបើករថយន្តតាក់ស៊ីម៉ែត្រ​រឿងអ្វីទេ បានដកកាំភ្លើងខ្លីតូចមួយម៉ាកប្រាក់ហា ​បាញ់នៅក្នុងរថយន្តត្រូវចំខ្នងអ្នកបើករថយន្តតាក់ស៊ីម៉ែត្រ​​មួយគ្រាប់ ​ហើយជនសង្ស័យ​បានរត់គេចខ្លួន ​ទៅសម្ងំលាក់ខ្លួននៅកាំជណ្តើរឌឿហែមអូឬស្សី២ ។

ភ្លាមៗនោះដែរសមត្ថកិច្ចខណ្ឌ៧មករា បានមកអន្តរាគមន៍ឃាត់ខ្លួនបានភ្លាមៗយកទៅសួរនាំ ហើយសមត្ថកិច្ចក៏បានបញ្ជាក់ថាជនសង្ស័យមានឈ្មោះ ប៉ែន សាយ៉ន អាយុ ៣៥ឆ្នាំ ​មុខរបរជាមន្ត្រីយោធាខាងបច្ចេកទេស ។

​ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានមិត្តភក្តិដឹកតាមរថយន្តយកទៅព្យាបាលនៅឯមន្ទីរពេទ្យកាល់ម៉ែត ចំនែកឯជនសង្ស័យវិញ ត្រូវបានសមត្ថកិច្ចសួរចម្លើយរួចក៏ឃុំខ្លួនជា
បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ ៧មករា ៕