ភ្នំពេញ៖ ស្ត្រីម្នាក់មិនស្គាល់អត្តសញ្ញាណ មានវ័យប្រហែលពី២៥ទៅ២៦ឆ្នាំ មិនដឹងថាដើរមកពីណា បាន​កើតជំងឺខ្យល់​គរដួលសន្លប់ស្ដូកស្តឹង បង្កឲ្យផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាជួយសង្គ្រោះបឋម ​រួចហៅសមត្ថកិច្ចឲ្យទាក់ទងទៅរថយន្តសាមុយដឹកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត កាលពីវេលាម៉ោង៨ និង៣0នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមបណ្តោយ​ផ្លូវព្រះមុនីវង្ស ត្រង់ចំណុច​កែងនឹងសណ្ឋាគារ Royal ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

​សាក្សីដែលឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់មិនស្គាល់អត្តសញ្ញាណ មានវ័យប្រហែលចន្លោះពី​២៥​ទៅ២៦ឆ្នាំ មិនដឹងថាគាត់ដើរ​មកពីណានោះទេ។ លុះពេលគាត់ដើរមកដល់ចំណុចកើតហេតុខាងលើ ក៏ដួលសន្លប់ស្ដូកស្ដឹង បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ ​នាំគ្នាជួយសង្គ្រោះបឋម ដោយធ្វើចលនាឱ្យ និងយកប្រេងកូឡាយកមករឹត ។

ភ្លាមៗនោះដែរ សមត្ថកិច្ចមូលដ្ឋានបានចុះម​កដល់កន្លែងកើតហេតុ ​ជួយទំនាក់ទំនងហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាល់ម៉ែត មកដឹកយកទៅព្យាបាល តែស្រ្តីខាងលើបាន​ដឹងខ្លួនវិញ ហើយ បែរជាសមត្ថកិច្ចសួរនាំរកបងប្អូនសាច់ញាតិ​ ស្រ្តីរូបនោះឆ្លើយប្រាប់សមត្ថកិច្ចថា គាត់មិនមានបងប្អូនសាច់ញាតិនោះទេ ។

ក្រោយពេលកើតហេតុ រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាលម៉ែត បានមកដល់ដឹកស្រ្តីខាង​លើយកទៅព្យាបាល ។ សមត្ថកិច្ចអះអាងថា ករណីខាងលើនេះ គឺស្រ្តីវ័យក្មេងនោះខ្យល់គ រហូតដើរដួលសន្លប់តែម្តង ៕