ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នៅព្រឹក​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន​ថា មន្ត្រី​ជំនាញ​របស់​លោក មិន​ល្ងង់​កាត់​ទូ​កុងតឺន័រ​នោះ​ទេ ពោល​គឺមន្រ្ដីជំនាញគ្រាន់តែ​វាស់វែង និង​គូស ដើម្បី​កត់​សម្គាល់ពី​ការ​លើស​របស់​ទូ​កុង​តឺន័រ​​តែ​ប៉ុណ្ណោះ ។

លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល ​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បានបន្តថា បើតាមទូ​កុងតឺន័រ​ គឺអ្នកផលិតធ្វើត្រឹមត្រូវ​តាមក្បួនខ្នាតរបស់គេ។ ប៉ុន្តែអ្វីដែលយើងឃើញទូកុងតឺន័រវែងៗលើសខ្នាតនោះ គឺ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​មួយ​ចំនួន បាន​​យក​រថយន្ត​ក្បាល​វែង​យក​មក​អូស ឬ​ដឹក​ទូ​កុងតឺន័រ​ទាំងនេះ ទើប​ធ្វើ​ឲ្យ​មានការ​លើស​ប្រវែង ដែល​ខុស​នឹង​ច្បាប់​ចរាចរណ៍ ​នៅ​ក្នុងប្រទេសកម្ពុជា តែបើ​ក្រុមហ៊ុនដឹកជញ្ជូនទាំងនោះ ប្រើ​ក្បាល​ដឹក និង​អូស​ខ្លី​ គឺវាមិន​មាន​បញ្ហា​ចោទ​នោះ​ឡើយ។

ក្រោយពេល​​សមត្ថកិច្ចចាប់រថយន្ត​កាត់​ទូ​កុង​តឹ​ន័​ររបស់ពួកគេនោះមក ក្រុមហ៊ុន​ដឹក​ជញ្ជូន​មួយ​ចំនួន បានប្រតិកម្មយ៉ាងខ្លាំង និងសម្ដែង​នូវការមិនពេញចិត្ត ដោយលើកជា​ទស្សនៈ​មួយ​ថា «​កុំ​ដុត​ឲ្យ​ខ្លោច កុំ​រោល​ឲ្យ​ឆៅ​»។ ដោយសារតែមានប្រតិកម្មបែបនេះ ទើបលោក​ ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បានចេញមុខមកបញ្ជាក់ថា មន្ត្រី​របស់​ក្រសួង​មិន​ល្ងង់​ដល់​ថ្នាក់​កាត់​ទូ​កុងតឺន័រ​នោះ​ទេ បើ​កាត់​ទូ​កុងតឺន័រ​មិន​មាន​អ្វី​ធ្វើ​គន្លឹះ​ទាក់​ជាមួយ​តួ​រថយន្ត​សណ្តោង​នោះ​ឡើយ។

លោក​ទេស​រដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ​បញ្ជាក់​ថា «​យើង​មិន​កាត់​កុងតឺន័រ​ទេ យើង​បាន​វាស់​ពី​ក្បាល​ខាង​មុខទៅ​ខាងក្រោយ ហើយ​​គូស​គំនូស​បញ្ជាក់​ថា កុងតឺន័រ​ហ្នឹង​ ទាំង​ក្បាល ​ទាំង​អី​ទៅ​ វា​លើសពី​១៦​ម៉ែត្រ​»។ តាម​ច្បាប់ចរាចរណ៍របស់យើង គឺកំណត់យ​១៦​ម៉ែត្រ ហើយ​ខ្នាត​អន្តរជាតិ ប្រទេស​ណា ដែល​មាន​ផ្លូវ​ពីរ​គន្លង គឺ​គេកំណត់ត្រឹម១៦​ម៉ែត្រ​កន្លះ កុងតឺន័រ​៤៥​នេះបាន​ដែរ ​ប្រ​សិន​ណា​ យើង​យក​ក្បាល​ខ្លីដឹក​បាន​ វាស់​ទៅវា​ជិត​១៦​ម៉ែត្រ ឬ​លើស​បន្តិចបន្តួច​ក៏​យើង​អនុញ្ញាត​ដែរ។ ប៉ុន្តែ​ផ្នែក​ឯកជន​មួយ​ចំនួន ​នៅ​តែ​មានអស្មិមានះ គាត់​យក​ក្បាល​វែង​របស់​អា​មេ​រិ​កមក​អូសឬ​ដឹក​។ លុះពេល​ដឹក​ទៅ​ គឺវា​មានប្រវែង​១៨​ម៉ែត្រ គឺខុស​ខ្នាត​អន្តរជាតិ ​ចំពោះ​ផ្លូវ​ពីរ​គន្លង​ផង ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​ផង និង​ខុសច្បាប់​ចរាចរណ៍​ផង​» ។

ក្រោយពេលសម្ដេចនាយករដ្ឋមន្ត្រី បានប្រកាសចាត់វិធានការក្ដៅលើរថយន្តតទ្រុង (កាត់តកែច្នៃ) ចាប់ពីម៉ោង០០យប់ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨នោះមក អាជ្ញាធរខេត្ត-រាជធានី និងសមត្ថកិច្ចពាក់ព័ន្ធ បានចាប់ផ្ដើមធ្វើការយ៉ាងយកចិត្តទុកដាក់លើរថយន្ត​ត​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស និងចាប់ផាកពិន័យជាបន្តបន្ទាប់៕