ចែករំលែក

ភ្នំពេញ៖ មន្ត្រីនគរបាលម្នាក់ដែលជាប់ពាក់ព័ន្ធនឹងករណីបំផ្ទុះកាំភ្លើង បង្កឲ្យមានមនុស្សស្លាប់ម្នាក់ ​នៅក្នុងប្រតិបត្តិការបង្ក្រាបសង្វៀនបញ្ជល់មាន់មួយកន្លែង ស្ថិតនៅខាងក្រោយផ្សារកាណាស៊ីធី ភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨នោះ គឺត្រូវបានតុលាការសម្រេចដោះលែងឱ្យមានសេរីភាពវិញ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

បើតាមមន្ត្រីការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នង​ការដ្ឋាននគរបាលរាជធានី បានឲ្យដឹងថា មន្ត្រីនគរបាលរូបនេះ អាចនឹងត្រូវប្រឈមមុខនឹង​ការចោទប្រកាន់ពី​បទ​មនុស្សឃាត ​ដោយ​អ​ចេតនា តាម​មាត្រា​២០៧ នៃ​ក្រមព្រហ្មទណ្ឌ។ បទ​មនុស្សឃាត​ ដោយ​អ​ចេតនា គឺជា​អំពើ​បណ្តាល​ឱ្យ​ស្លាប់​អ្នក​ដទៃ ដោយ​ការ​ធ្វេសប្រហែស មិន​ប្រុង​ប្រយ័ត្ន ឬ​ការ​ខ្ជីខ្ជា​ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ ចន្លោះពី​១​ឆ្នាំទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​រៀល ទៅ​៦​លាន​រៀល។

ប្រភពព័ត៌មានពីមន្ត្រីតុលាការរាជធានីភ្នំពេញ បានឲ្យដឹងថា មន្រ្ដីនគរបាលជាប់ពាក់ព័ន្ធនឹងការបំផ្ទុះកាំភ្លើង បណ្ដាលឲ្យមានមនុស្ស​ស្លាប់នោះ ឈ្មោះ ចន វីរៈ អាយុ​២៥​ឆ្នាំ មាន​ឋានន្តរស័ក្តិ​ជា​អនុសេនីយ៍ត្រី បម្រើ​ការងារ​នៅ​ផ្នែក​អន្តរា​មន៍ ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ប៉ុន្តែដោយសារតុលាការពិនិត្យមើលថា គាត់មិនជាប់ពាក់ព័ន្ធនឹងបទល្មើសផ្សេងទៀត ទើបជននេះត្រូវតុលការដោះលែងឱ្យមានសេរីភាពឡើងវិញ ក្រោយជាប់ឃុំរយៈពេល២០ថ្ងៃ។ រីឯជនរងគ្រោះ ដែលបានស្លាប់ នៅក្នុងហេតុការណ៍បង្រ្កាបសង្វៀនបញ្ជល់មាន់នោះ ឈ្មោះ ឈៀក រ៉ន អាយុ៣៣ឆ្នាំ មុខរបរជាកម្មកររោងចក្រ មានស្រុកកំណើតនៅភូមិសែនអោក ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ មានប្រពន្ធឈ្មោះនុប ផាន្នី អាយុ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ។ ពួកគេទាំង២នាក់ប្តីប្រពន្ធ មានកូនប្រុសស្រី២នាក់ រស់ក្នុងបន្ទុក និងស្នាក់នៅផ្ទះជួលជាន់ទី៣ ស្ថិតនៅខាងក្រោយផ្សារកាណាស៊ីធី ភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

​បើតាម​ប្រពន្ធរបស់​ជនរងគ្រោះ​​ ​ឈ្មោះ ណុប ផានី បានឲ្យដឹងថា កាលពីព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ប្ដីរបស់នាង ទើបនឹងត្រឡប់មកពី​ហូប​កា​ហ្វេ​ ហើយ​បាន​ឡើងទៅ​បន្ទប់​ជួល​របស់​​នាង ​ហើយ​បាន​អឺត​មើល​គេ​បញ្ជល់​មាន់។

​លុះមកដល់​វេលា​ម៉ោង​១១ ​និង​១៥​នាទីព្រឹក ​ថ្ងៃ​ដដែល កម្លាំង​ផ្នែក​អន្តរាគមន៍ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​បាន​ចុះ​បង្ក្រាប​ទីតាំងបញ្ជល់មាន់ ​នៅ​ក្រោយ​ផ្សា​រកា​ណា​ស៊ី​ធី ស្ថិត​ក្នុងភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ​២ ហើយបានបំ​ផ្ទុះអាវុធ​ឡើង​លើ​ជា​ច្រើន​គ្រាប់ ​បណ្តាល​ឱ្យគ្រាប់កាំភ្លើងហោះទៅ​ត្រូវ​ប្ដីរបស់នាងដែល​កំពុង​អើត​ពីលើ​ផ្ទះ​ មើល​គេ​លេងល្បែង​បញ្ជល់មាន់ ហើយ​បាន​ស្លាប់​ ខណៈបញ្ជូន​ទៅ​សង្គ្រោះ ​នៅក្នុង​មន្ទីរពេទ្យ។

មជ្ឈដ្ឋានទូទៅ បានលើកឡើងថា ជាធម្មតា នៅពេលបញ្ជូនទៅតុលាការ គេតែងតែសង្កេតឃើញសមត្ថកិច្ចដាក់ខ្នោះជនសង្ស័យ។ ដោយឡែក មន្ត្រីនគរបាលដែលជាប់ពាក់ព័ន្ធនឹងករណីបំផ្ទុះអាវុធ បណ្ដាលឲ្យស្លាប់មនុស្សស្លូតត្រង់នោះ បែរជាគេមិនឃើញសមត្ថកិច្ច​ដាក់ខ្នោះជនសង្ស័យទៅវិញ។ ករណីនេះ ធ្វើឲ្យមានការលើកឡើងផ្សេងៗគ្នា ពីប្រព័ន្ធច្បាប់ ហាក់បីមានការអនុវត្ត២ខុសគ្នាទៅវិញ។ លើសពីនេះទៅទៀត មន្ត្រីនគរបាលរួបនេះ គ្រាន់តែបញ្ជូនទៅឃុំឃាំងតែ២ថ្ងៃ គឺត្រូវតុុលាការដោះលែងបានទៅហើយ រីឯជនរងគ្រោះបានត្រឹមតែស្លាប់អាសាបង់។

ក្រោយពីជាប់ឃុំរយៈពេល២០ថ្ងៃ ទីបំផុតលោកចៅក្រមបានសម្រេចបើកសវនាការ និងប្រកាសសាលាក្រមផ្តន្ទាទោស រយៈពេល១ឆ្នាំ ប៉ុន្តែទោសទាំងអស់ ត្រូវបានព្យួរ ហើយមន្ត្រីនគរបាលរូបនោះ ក៏ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ។