ភ្នំពេញ៖ បុរសកំហូចម្នាក់មានតួនាទីធំ មានមុខមាត់ និងមានប្រពន្ធកូនរួចទៅហើយ បែរនៅតែបណ្ដែតបណ្ដោយទុកឲ្យកាមតណ្ហាដឹកមុខ លួចលាក់ទាក់ទងស្រីថ្មី ហើយ​ថែមទាំងនាំនាងមកចូលក្នុងផ្ទះ ធ្វើឲ្យប្រពន្ធអត់ទ្រាំមិនបាន ក៏ផ្ទុះភ្លើងប្រចណ្ឌ ស្ទុះទៅទាញកាជ័រ យក​មកវាយក្បាលប្តី ២-៣កា បង្កឲ្យមានការ​ប្រតាយប្រតប់គ្នា ទើបអាវុធហត្ថ ចុះទៅចាប់ប្រពន្ធ និងបងថ្លៃ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃ​ទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងផ្ទះ​លេខ១០៣៥ បុរីសេវិនវីឡា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

មន្ត្រីអាវុធហត្ថខណ្ឌសែនសុខ បានឲ្យដឹងថា បុរសដែលនាំស្រីក្មេងចូលមកក្នុងផ្ទះ ហើយត្រូវបងថ្លៃ និងប្រពន្ធវាយនោះ ឈ្មោះ ជា សំអាន មានតួនាទីជាប្រធានមន្ទីរពហុព្យាបាល និងសម្ពពវិសាលសុខ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ រីឯស្ត្រីជាប្រពន្ធ ឈ្មោះ ទូច រស្មី ហៅអាមី បច្ចុប្បន្នពួកគេទាំង២នាក់ប្ដីប្រពន្ធ ស្នាក់នៅផ្ទះកើតហេតុខាងលើជាមួយគ្នា។ ចំណែកបុរសដែលរងនូវការចោទប្រកាន់នោះ​ ឈ្មោះ ទូច សុធា ហៅតុង អាយុ៣៥ឆ្នាំ ត្រូវជាបងប្រុសបង្កើតរបស់ស្ត្រីឈ្មោះ ទូច រស្មី។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា​ មុនពេលកើតមាននូវអំពើហិង្សានៅក្នុងគ្រួសារនោះ លោកប្រធានមន្ទីរពហុព្យាបាល និងសម្ភពវិសាលសុខ បានលួចមានទំនាក់ទំនងជាមួយនឹងនារីវ័យក្មេងម្នាក់។ លុះមកដល់ថ្ងៃកើតហេតុ គាត់បាននាំនារីម្នាក់នោះ ចូលមកដល់ក្នុងបន្ទប់ ស្រាប់តែប្រពន្ធបើកទ្វារឡើង ឃើញនារីវ័យក្មេងមិនស្គាល់ឈ្មោះម្នាក់ដែលកំពុងនៅជាមួយនឹងប្ដីរបស់ខ្លួនយ៉ាងស្និទ្ធស្នាល ធ្វើឲ្យគាត់កើតក្ដីប្រចណ្ឌ។ ឃើញហេតុការណ៍បែបនេះ ស្ត្រីជាប្រពន្ធបានផ្ទុះកំហឹងយ៉ាងក្រេវក្រោធឡើង ស្រែកឡូឡាដាក់ប្ដី បង្កឲ្យមានការ​ប្រតាយប្រតប់គ្នា។ ឮប្អូនស្រីបង្កើតរបស់ខ្លួនកំពុងស្រែកឡូឡា និងប្រតាយប្រតប់ជាមួយប្ដីរបស់នាងបែបនេះ ឈ្មោះ ទូច សុធា បានស្ទុះទៅចាប់ដៃ កុំឱ្យលោក ជា សំអាន វាយប្រពន្ធ ដោយសារតែប្រពន្ធសួរនាំពីរឿងនាំស្រីក្មេងមកដេកដល់ក្នុងផ្ទះ។

ប្រភពព័ត៌មានដដែល​បានបន្តថា ឆ្លៀតពេលឃើញបងប្រុសចាប់ដៃប្តីជាប់បែបនេះ ឈ្មោះទូច រស្មី បានស្ទុះទៅយកកាទឹកជ័រ មកវាយក្បាលប្តី ឈ្មោះជា សំអាន ២-៣ប៉ូក បណ្តាលឱ្យបែកឈាមហូររឹមៗ។ បន្ទាប់ពីរងរបួសបែបនេះ ឈ្មោះជា សំអាន ក៏បានប្តឹងមកសមត្ថកិច្ចអាវុធហត្ថឱ្យចុះមកឃាត់ខ្លួនប្រពន្ធ និងបងថ្លៃ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ទោះជាយ៉ាងណាទាក់ទិននឹងករណីនេះ KBN មិនអាចសុំការបំភ្លឺពីលោកប្រធានមន្ទីរពហុព្យាបាល និងសម្ភពវិសាលសុខ ហើយនិងភាគីពាក់ព័ន្ធបានទេ កាលពីរសៀល​ថ្ងៃទី១៣ ខែកុម្ភៈនេះ៕