​ភ្នំពេញ៖ អាជ្ញាធរ​សង្កាត់​ព្រៃ​សបាន​រៀបចំ​ធ្វើ​ពិធី​ប្រណាំង​រទេះគោ​ ​ដើម្បីរំឭក​ដល់​ម្ចាស់​ទឹក​ម្ចាស់​ដី និងរក្សា​ទំនៀមទម្លាប់​ប្រពៃណី​ តាំងពី​បុរាណកាលមក ហើយពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ ​កាលពី​វេលា​ព្រឹក​ ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ទីលានប្រណាំង​រទេះគោ ស្ថិត​ក្នុងភូមិ​ព្រៃ​ស​ខាងកើត សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា នៅក្នុងពិធីប្រណាំងគោនោះ គេឃើញមានវត្តមានរបស់លោកស្រី ​តង់ សំ​អូន ប្រធាន​ក្រុមការងារ​សង្កាត់​ព្រៃ​ស និង​លោក​ខាត់ សុ​ខៃ ចៅសង្កាត់​ព្រៃ​ស ​កីឡាករ​ប្រណាំង​ទេះ​គោ និង​ប្រជា​ពលរដ្ឋ​ជាច្រើននាក់។

អាជ្ញាធរ​សង្កាត់​ព្រៃ​ស បាន​ឲ្យ​ដឹង​ថា គោ​ដែល​ចូលមករួម​ប្រណាំង​យក​ចំណាត់ថ្នាក់ និង​ជយ​លា​ភី នៅក្នងការប្រណាំងរទេះគោនោះមានចំនួន១១នឹម រួមមាន គោមកពីខេត្តកណ្ដាល ចំនួន៧នឹម(១៤គោ) គោមកពីខេត្តកំពង់ស្ពឺ មានចំនួន៣នឹម និងគោមកពីរាជធានីមានចំនួន១នឹម។ រីឯការប្រកួតនេះ គណៈកម្មការ​រៀបចំ​ការ​ប្រណាំង​ បានកំណត់​យក​៣​ចំណាត់ថ្នាក់​ ពោលគឺលេខ​១ លេខ២ និង​លេខ​៣។

អាជ្ញាធរ​សង្កាត់​ព្រៃ​ស បានបន្តថា ជារៀងរាល់ឆ្នាំ នៅពេលរដូវច្រូតកាត់រួចហើយ គឺអាជ្ញាធរសង្កាត់ព្រៃស តែងតែ​ប្រារព្ធ​ធ្វើ​ពិធី​ប្រណាំង​គោ​នេះ ហើយការប្រកួតនេះ​គឺជា​លើក​ទី​៣៩​ហើយ។ ចំណែកការរៀបចំការប្រណាំងរទេះគោនេះ គឺធ្វើឡើង ដើម្បីរំឭកដល់ម្ចាស់ទឹកដី និងរក្សានូវទំនៀមទម្លាប់​ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់ជាតិខ្មែរយើងដែលបានបន្សល់ទុក តាំង​ពី​ដូនតា​មកឲ្យនៅគង់វង្ស និងកុំ​ឲ្យ​ក្មេង​ៗ​ជំនាន់​ក្រោយ​ភ្លេច​ពី​ទំនៀមទម្លាប់​ប្រពៃណីរបស់ខ្លួន។


អាជ្ញាធរសង្កាត់ព្រៃស បានបន្តថា នៅក្នុងការប្រណាំងរទេះគោនោះ គឺម្ចាស់ជយ​លា​ភី​ចំណាត់ថ្នាក់​លេខ​១​បាន​ទៅ​លើ​រទេះគោ​មកពី​ខេត្តកណ្ដាល​ ចំណាត់ថ្នាក់​លេខ​២​បាន​ទៅ​លើរទេះគោ​ នៅ​ក្នុងរាជធានីភ្នំពេញ និងចំណាត់ថ្នាក់​លេខ​៣​ គឺបានទៅលើរទេះគោ​ពី​ខេត្ត​កំពង់​ស្ពឺ។ ក្នុងនោះ រង្វាន់​ជយ​លា​ភី ​ចំណាត់ថ្នាក់​លេខ​១​ទទួល​បាន​ប្រាក់​ចំនួន​៥០​ម៉ឺន​រៀល​ ចំណាត់​ថ្នាក់​លេខ​២​បាន​ចំនួន​៤០​ម៉ឺន​រៀល​ និងចំណាត់ថ្នាក់​លេខ​៣ ទទួលបានប្រាក់រង្វាន់​ចំនួន​៣០​ម៉ឺន​រៀល។ ដោយឡែក រទេះគោ​ដែល​មិន​បាន​ជាប់​ចំណាត់ថ្នាក់​ គឺទទួល​បានប្រាក់រង្វាន់​លើកទឹកចិត្ត​ ចំនួន​២០​ម៉ឺន​រៀល​៕