បរទេស៖ ថ្មីៗមានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាក់ចាប់អារម្មណ៍ខ្លាំង ជាមួយវីដេអូឃ្លីបមួយដែលបង្ហាញអំពីសកម្មភាព រញ្ជួយដីមួយនៅលើកោះតៃវ៉ាន់ ខណៈដែលគ្រួសារមួយកំពុងតែសម្រាក និងធ្វើការសុខៗ ហើយអ្វីដែលគេផ្ដោតសំខាន់នោះ គឺបុរសជាប្ដីបានស្ទុះទៅបាំងប្រពន្ធ និងកូនឱ្យគេចផុតពីគ្រោះថ្នាក់ទាំងមិនខ្វល់ពីជីវិតខ្លួនឯង ។

វីដេអូឃ្លីបបានបង្ហាញឱ្យឃើញថា ខណៈដែលស្ត្រី រួមទាំងកូនតូចម្នាក់ កំពុងតែលង់លក់ទៅហើយនោះ ស្រាប់តែពេលនោះរញ្ជួយដីក៏បានចាប់ផ្ដើមដែលគេដឹងថា មានកម្រិត ៦.៤វិចទ័រ ។ ក្នុងកាលៈទេសៈនេះ បុរសជាប្ដីបានស្ទុះចេញពីមុខកុំព្យូទ័រដែលខ្លួនធ្វើការ មកឱបប្រពន្ធ និងកូន ហើយវីដេអូឃ្លីបក៏បានបញ្ចប់ ដោយគ្មានអ្នកណាម្នាក់ដឹងថា តើវាសនាពួកគេទាំងនាក់ ទៅជាយ៉ាងណាឡើយ ។

ជាមួយគ្នានេះ មានមតិមួយចំនួនបានលើកឡើងថា ពួកគេទាំង៣នាក់ប្រហែលជាត្រូវបានគេសង្គ្រោះមានជីវិតហើយ បើពុំដូច្នោះទេ គឺគ្មានវីដេអូឃ្លីបមកបង្ហាញឡើយ ៕
សហការី KBN