ចែករំលែក

បរទេស៖ បន្ទាប់ពីមានភាពតានតឹងនឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំមក នៅពេលនេះ មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន កាល​ពីថ្ងៃទី១២ ខែកុម្ភៈម្សិលមិញ បានសាទរចំពោះការរាក់យ៉ាងខ្លាំងដល់ប្រតិភូរបស់ខ្លួន ពីសំណាក់ប្រទេសកូរ៉េខាងត្បូង ហើយលោកបានសន្យា​ជំរុញឲ្យ​ទំនាក់ទំនង​ល្អប្រសើរ ​រវាង​កូរ៉េ​ទាំងពីរ​។

យោងតាមសារព័ត៌មាន KCNA ដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសកូរ៉េខាងជើង បានរាយការណ៍ថា មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន កាលពីម្សិលមិញ បាន​ជួប​ជាមួយ​ប្រតិភូ​កូរ៉េខាងជើង​ ​ដែល​ទើប​ត្រឡប់មក​ពី​ការចូលរួម​ពិធី​បើក​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា​ កាលពី​ចុង​សប្ដាហ៍​មុន​។ បន្ទាប់ពីបាន​ស្ដាប់​លទ្ធផល​ទស្សនកិច្ច​រប​ស់​ប្រតិភូ​ដែល​ដឹកនាំ​ប្រធានសភា គីម យ៉ុង​ណា​ម និង​ប្អូនស្រី​របស់ខ្លួន គីម យ៉ូ​ចុង រួចមក ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​បានពេញចិត្តនឹង​លទ្ធផល​នេះ ដោយលោកបាន​កោតសរសើរ​ដល់ប្រទេសកូរ៉េខាងត្បូង​យ៉ាងខ្លាំង​។​

​លោក គីម ជុង​អ៊ុន បាន​រំភើប​យ៉ាងខ្លាំង​ចំពោះ​បដិសណ្ឋារកិច្ច​ជា​អាទិភាព​ចំពោះ​ប្រតិភូ​កូរ៉េខាងជើង​ពី​សំណាក់​ភាគី​កូរ៉េខាងត្បូង ហើយ​លោក​សូម​អរគុណ​ចំពោះ​រឿងនេះ​។ នេះ​ជា​រឿងដ៏​កម្រ​បំផុតមួយ ដែល​មេដឹកនាំ​កូរ៉េខាងជើង​ និយាយ​លើកសរសើរចំពោះ​ក្រុង​សេ​អ៊ូ​ល ដោយ​មិនចាំបាច់​និយាយ​ដល់​ការ​អរគុណ​ផងនោះទេ​ ពីព្រោះកន្លងមក ទីក្រុង​ព្យុងយ៉ាង​តែងតែ​ប្រើប្រាស់​ពាក្យពេចន៍​គំរាម និង​រិះគន់​ក្រុង​សេ​អ៊ូ​ល​មិន​សំចៃមាត់។

សារព័ត៌មានដដែល បានបន្តថា នៅពេលនេះ លោក គីម ជុង​អ៊ុន បាន​អញ្ជើញ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ចេ​អ៊ី​ន តាម​រយៈ​លោកស្រី គីម យ៉ូ​ចុង ជា​ប្អូនស្រី បានប្រគល់​លិខិតអញ្ជើញ​ទៅ​ឲ្យ​លោក មូ​ន កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ​។ ប៉ុន្តែ​ប្រធានាធិបតីកូរ៉េខាងត្បូង​ មិនទាន់​ឆ្លើយតប​ភ្លាមៗ​ឡើយ។

​ក្នុង​កិច្ចប្រជុំ​ដដែលនោះ លោក គីម ជុង​អ៊ុន ក៏បាន​ដាក់ចេញ​ផែនការ​ជំរុញឲ្យមាន​ទំនាក់ទំនង​អន្តរ​កូរ៉េ​ដែល​កំពុងតែ​ប្រសើរឡើង នាពេល​បច្ចុប្បន្ននេះ និង​ណែនាំ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ​ចាត់វិធានការ​ជាក់ស្ដែង ​ដើម្បីថែ​រក្សា​ស្ថានភាព​បែបនេះ​។ លោក គីម ជុងអ៊ុន​បាន​អះអាងថា វា​ជា​រឿង​សំខាន់​ ក្នុងការ​សម្រេចបាន​នូវលទ្ធ​ផល​ល្អៗ ​តាមរយៈ​ការពង្រឹង​បរិយាកាស​ផ្សះផ្សា និង​ការសន្ទនា ដែលទទួលបាន​ផ្លែផ្កា​ ​នៃ​បំណង និង​ឆន្ទៈ​រួម​របស់​កូរ៉េខាងជើង និង​ខាងត្បូង​។​

​តាមរយៈ​ព្រឹត្តិការណ៍​អូឡាំពិក​ នៅ​ទីក្រុង​ព្យុង​ឆាងនោះ ទំនាក់ទំនង​អន្តរ​កូរ៉េ​ បានដំណើរការកាន់តែល្អ​ប្រសើរ​ឡើងជាលំដាប់​។ រីឯកូរ៉េខាងត្បូង​បានទទួល​ប្រតិភូ​កូរ៉េខាងជើងយ៉ាង​ដិតដល់​បំផុត ពីព្រោះ​លោក គីម យ៉ុង​ណា​ម គឺជា​មន្ត្រីជាន់ខ្ពស់​របស់ប្រទេសកូរ៉េខាងជើងជាលើក​ដំបូង ដែលមក​ធ្វើ​ទស្សនកិច្ច​ នៅ​ក្នុងប្រទេសកូរ៉េខាងត្បូង។ ​រីឯវត្តមានរបស់​លោកស្រី គីម យ៉ូ​ចុង ប្អូនស្រីរបស់លោក គីម ជុងអ៊ុន អាចធ្វើវើ​ឲ្យ​លោកស្រី ដែលជា​សាច់ញាតិ​សន្តិ​វង្ស​ត្រកូល គីម ទីមួយ ដែល​បានជាន់​ទឹកដី​កូរ៉េខាងត្បូង បន្ទាប់ពីកូរ៉េ​ទាំងពីរ ​ស្ថិតក្នុង​ប្រឈមមុខដាក់គ្នានៅឡើយ៕