ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូទៅវិញទៅមក គ្រាន់តែប្អូនប្រុសបង្កើតថាឱ្យតិចតួច ខឹងយកសោ​ច្រវ៉ាក់វាយប្អូនបែកក្បាល ត្រូវឪពុកចូលទៅឃាត់ ​ទាញកាំបិតបុ័ងតោរកកាប់​ទាំងឪពុក និង​សមត្ថកិច្ចដែលមកជួយអន្តរាគមន៍​ទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង9និង30នាទីយប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨​ តាមបណ្តោយផ្លូវ១៨២ នៅកន្លែងលក់ផ្កាក្បែរនឹងវត្តព្រះពុទ្ធ ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។

ជនបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ កុយ សុខរេន ភេទប្រុស អាយុជាង ៣០ឆ្នាំ ស្នាក់នៅតូបលក់ផ្កាលេខ១០ ផ្លូវ១៨២ សង្កាត់វាលវង់ ខណ្ឌ៧មករា ។
តាមប្រភពព័ត៌មានពីឪពុក សុំមិនបញ្ចេញឈ្មោះបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុជនបង្កដែលត្រូវជាកូនប្រុសបង្កើតរបស់គាត់ បានជិះម៉ូតូទៅក្រៅបានមួយសន្ទុះ ក្រោយមកក៏ត្រឡប់មកវិញត្រូវប្អូនប្រុសបង្កើតស្ដីឱ្យថា «អាឯងអត់បានការទេ ជិះម៉ូតូទៅមកៗ» ស្រាប់​តែ​បងប្រុសបង្កើតខឹងថា ប្អូនសោះចេះប្រដៅគេ​ ក៏​បានយកសោ​ច្រវ៉ាក់ចាក់ម៉ូតូ យកទៅវ៉ៃបណ្តាលឱ្យ​ជនរងគ្រោះបែកក្បាល ។

ភ្លាមៗនោះដែរឪពុកក៏ចូលទៅឃាត់កុំឱ្យវ៉ៃគ្នា​ បែរជាកូនប្រុសបង្កើតទាញកាំបិតបុ័ងតោ ហើយនិយាយថា ក្បាលមួយកាំបិឥឡូវហ្នឹង លុះពេលសមត្ថកិច្ចអន្តរាគមន៍ខណ្ឌ៧មករាជួយអន្តរាគមន៍ ត្រូវជនបង្កនោះ រកកាប់ទាំងសមត្ថកិច្ចទៀត ទើបលោកអធិការខណ្ឌ៧មករា បញ្ជាឱ្យចាប់វាយខ្នោះយកមកសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ។

បើតាមសម្ដីរបស់ជនបង្ក​បានរៀបរាប់ប្រាប់ឱ្យដឹងថា មុនពេលកើតហេតុពេលដែលផ្ទុះ​ហេតុការណ៍នេះកើតឡើង គឺគាត់មិនបានរកកាប់ឪពុកគាត់នោះទេ ហើយក៏មិនបានរកវ៉ៃសមត្ថកិច្ចដែរ ប៉ុន្តែសមត្ថកិច្ចគាត់ប្រាប់ថា ចង់រកវ៉ៃគាត់ទៅវិញ​ ។
ក្រោយពេលកើតហេតុ ខាងជនរងគ្រោះដែលត្រូវជាប្អូនបង្កើត មិនបានទៅដាក់ពាក្យបណ្តឹងនោះទេ គ្រាន់តែអោយសមត្ថកិច្ចយកទៅធ្វើការអប់រំ ៕