ខេត្តកណ្ដាល៖ សាមណេរទ្រុស្ដសីលមួយអង្គ បានចូលមកបួសនៅក្នុងព្រះពុទ្ធសាសនាហើយ មិនព្រមលះបង់នូវរាគៈ ទោសៈ និងមោហៈ​ចោល ដោយទុកឲ្យតណ្ហាដឹកមុខ រហូតលង់នឹងរឿងស្នេហ៍ លួងលោមក្មេងស្រីជាអនីតិជន នាំគ្នាលេងល្បែងស្នេហាបានចំនួន៩ដង ទើប​អស់​លក្ខណ៍ បែកការដឹងដល់ម្ដាយរបស់នាង ក៏ប្ដឹងទៅកងរាជអាវុុធហត្ថ ឲ្យឃាត់ព្រះកាយប្រគេនមន្ត្រីសង្ឃចាប់ផ្សឹក កាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងវត្តស្វាយជ្រំ ភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្ដាល។

មន្ត្រីអាវុធហត្ថស្រុកខ្សាច់កណ្ដាល បានឲ្យដឹងថា សាមណេរទ្រុស្ដសីល ជាប់ពាក់ព័ន្ធនឹងករណីសេពមេថុនធម្ម(រួមភេទ)ជាមួយនឹងក្មេងស្រីជាអនីតិជន ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ព្រះសង្ឃព្រះពុទ្ធសាសនា ហើយត្រូវមន្ត្រីសង្ឃចាប់ផ្សឹកនោះ មាននាម ស៊ូ ផា ព្រះជន្ម២០​វស្សា គង់នៅក្នុងវត្តស្វាយជ្រំ ​ភូមិ​ស្វាយ​ជ្រំ ឃុំ​ស្វាយ​ជ្រំ ស្រុក​ខ្សាច់កណ្តាល។ រីឯ​ក្មេង​ស្រី​រង​គ្រោះ​ ឈ្មោះ គ ធ អាយុ​១២​ឆ្នាំ មុខរបរ​ជាសិស្ស នៃអនុវិទ្យាល័យស្វាយជ្រំ រស់នៅឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្ដាល។

ប្រភពព័ត៌មានពីអ្នកភូមិស្វាយជ្រំ បានឲ្យដឹងថា កាលពីអំឡុងឆ្នាំ២០១៧កន្លងមកនេះ សាមណេរទ្រុស្ដសីលខាងលើ បានទៅរៀនភាសា​អង់គ្លេស នៅក្នុងសាលាមួយ ហើយក៏បានស្គាល់ និងរាប់អានគ្នាជាមួយនឹងក្មេងស្រីរងគ្រោះ។ តាមរយៈការសិក្សាភាសាអង់គ្លេសនោះ បានធ្វើឲ្យសាមណេរទ្រុស្ដ និងក្មេងស្រីរងគ្រោះ កាន់តែមានទំនាក់ទំនងនឹងគ្នាយ៉ាងជិតស្និទ្ធពីមួយថ្ងៃទៅមួយ រហូតប្រែក្លាយពីមិត្តភក្ដិធម្មតា ទៅជាសង្សារនឹងគ្នា។

ប្រភពព័ត៌មានដដែល បានបន្តថា បន្ទាប់ពីមានទំនាក់ទំនងស្នេហានឹងគ្នា តាមទូរស័ព្ទជាញឹកញាប់នោះមក ធ្វើឲ្យក្មេងស្រីរងគ្រោះមានចិត្តស្រឡាញ់​សាមណេរទ្រុស្ដសីល ហើយស្របពេលនោះនេនកំហូចអង្គនេះ ក៏បានល្បួងក្មេងស្រីរងគ្រោះ នាំទៅសេពមេថុនធម្ម នៅក្នុងឃ្លាំងដាក់សម្ភារ​របស់វត្តស្វាយជ្រំជាញឹកញាប់ ដោយសន្យាថា នៅពេលក្មេងស្រីរងគ្រោះមានអាយុ១៨ឆ្នាំ នេនកំហូចអង្គនេះ នឹងសឹកយកនាងធ្វើជាប្រពន្ធ។

ដោយសារតែពាក្យសន្យា និងសម្ដីដ៏ផ្អែមល្ហែមនេះ បានធ្វើឲ្យក្មេងស្រីរងគ្រោះតែងតែស្កាត់ទៅជួបនេនកំហូច ហើយសេពមេថុនធម្ម(រួមភេទ)ជាមួយគ្នា បានសម្រេចចំនួន៩ដង ក្នុងនោះសម្រេចបាន៧ដង។ លុះក្រោយមកម្ដាយរបស់នាង ក៏មានការសង្ស័យនឹងទង្វើរបស់កូនស្រីខ្លួន ទើបគាត់តាមដាន ក៏ដឹង​ថា កូនស្រីរបស់គាត់ ត្រូវសាមណេរទ្រុស្ដសីលខាងលើ ល្បួងនាំទៅសេពមេថុនធម្ម នៅក្នុងឃ្លាំងដាក់សម្ភារ នៅក្នុងវត្ត។
ក្រោយពេលដឹងរឿងរ៉ាវអស់សព្វគ្រប់ហើយ ធ្វើឲ្យមានការខឹងសម្បាយ៉ាងខ្លាំង ហើយបាននាំកូនស្រីរបស់គាត់ទៅដាក់ពាក្យបណ្ដឹង នៅក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកខ្សាច់កណ្ដាល។

មន្ត្រីអាវុធហត្ថដដែល បានបន្តថា បន្ទាប់ពីមានពាក្យបណ្ដឹងពីអាណាព្យាបាលរបស់ក្មេងស្រីរងគ្រោះរួចមក សមត្ថកិច្ចបានចុះឃាត់ព្រះកាយសាមណេរអង្គនោះ នាំទៅប្រគេនមន្ត្រីសង្ឃ ចាប់ផ្សឹក រួចហើយមន្ត្រីអាវុធហត្ថបាននាំជនសង្ស័យទៅសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕