ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB)​ បានផ្តល់​ថវិកា​សម្រាប់​គម្រោង​​អនុតំបន់ ដោយ​ផ្តោតលើ​ការអភិវឌ្ឍ​ទីក្រុង​ចំនួន​បី​ ហើយត្រូវបានចុះហត្ថលេខាជាមួយនឹងលោក ស៊ុន ចាន់ថុល ទេសរដ្ឋ​មន្រ្ដី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា។

ពិធីនេះ បានធ្វើឡើង នៅថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមវត្តមាន លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ បានចុះហត្ថលេខាពីអនុគម្រោង​សាងសង់ប្រព័ន្ធបណ្តាញលូក្រុងបាត់ដំបង នៃគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចក្រុងរបៀងខាងត្បូង ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងធនាគារអភិវឌ្ឍន៍អាស៊ី តំណាងក្រុមហ៊ុនBeijing Urban Construction Group Co., Ltd។

អនុគម្រោងនេះ បានផ្តោតលើការងារសាងសង់ប្រព័ន្ធបណ្តាញលូ នៅក្នុងក្រុងបាត់ដំបង ផ្នែកខាងកើតប្រវែង សរុបប្រមាណ ១៥គីឡូ​ម៉ែត្រ សាងសង់ដោយក្រុមហ៊ុន Beijing Urban Construction Group Co., Ltd ក្នុងតម្លៃទឹកប្រាក់ នៃកិច្ចសន្យា​ប្រមាណ ៩ ៣៦៨ ៩៤៣,០៣ដុល្លារអាមេរិក ដើម្បីរំដោះទឹកភ្លៀង ពីផ្នែកខាងកើតក្រុងបាត់ដំបង ស្ថិតក្នុងសង្កាត់រតនៈ និងសង្កាត់ព្រែកព្រះស្តេច ដោយបញ្ចៀសនូវការជន់លេច ក៏ដូចជាដើម្បីការពារតំបន់ទាំងនេះពីការខូចខាតទ្រព្យសម្បត្តិ និងការប្រកបរបរផ្សេងៗ។

បើតាម​គម្រោង នៃការអភិវឌ្ឍក្រុង​ទាំង៣នោះ​ រួមមាន​ ការស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ សម្រាប់ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ គឺ​សាង​សង់​ប្រព័ន្ធ​លូច​ម្រោះ​​ទឹក​សំណល់​ ទីលាន​កែច្នៃ​សំរាម និង​គ្រប់គ្រង​កាកសំណល់​រឹង​។ ចំណែក​ក្រុង​បាត់ដំបង គឺសាងសង់​ប្រព័ន្ធ​លូ និង​ទី​លាន​កែច្នៃ​សំរាម​ និងក្រុង​បាវិត ​គឺ​សាងសង់​ផ្លូវក្នុង​ក្រុង ប្រព័ន្ធ​លូច​ម្រោះ​ទឹក ​សំណល់ និង​ទីលាន​កែច្នៃ​សំរាម។​ ​ការអភិវឌ្ឍ ​នៅក្នុង​ក្រុង​ទាំងបី​នេះ គ្រោង​នឹង​ចំណាយ​ទឹកប្រាក់​ ប្រមាណ​៤៤​លាន​ដុល្លារ​អាមេរិក។

នៅក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ធនាគារអភិវឌ្ឍន៍អាស៊ីដែលបានផ្តល់ប្រាក់កម្ចីសម្បទានសម្រាប់ការអនុវត្តអនុគម្រោងនេះ និងបានណែនាំឱ្យក្រុមហ៊ុនសាងសង់ ត្រូវអនុវត្តតាមសៀវភៅបន្ទុក ធ្វើឱ្យប្រសិទ្ធភាព ធ្វើឱ្យទាន់ពេលវេលា និងគុណភាពល្អប្រើប្រាស់បានយូរអង្វែង៕