កាលពីពេលថ្មីៗនេះ កាសែតក្នុងស្រុករបស់ថៃ បានចុះផ្សាយពីខេត្ត Udon Thani ភាគឥសាន្តប្រទេសថៃ នៅក្នុងបរិវេណស្រះទឹកមួយកន្លែង ស្ថិតនៅក្នុងភូមិវែង ឃុំបានធឿរ ស្រុកបានធឿ ខេត្តឧត្តនថានី មានប្រជាពលរដ្ឋប្រទះឃើញដើមគគីរ ដែលមានអាយុរាប់ពាន់ឆ្នាំ កប់ដីនៅក្នុងទឹកស្រះ មុនពេលគេនាំយកឡើងលើគោក ដោយក្រុមកម្មករសំណង់ បានយកគ្រឿងដង្វាយជាច្រើន មករៀបចំពិធីបួងសួង អញ្ជើញម្ចាស់ដើមគគីរនោះ ហើយយកទៅរក្សាទុកនៅក្នុងវត្ត ជាមួយនិងដើមគគីរមួយដើមផ្សេងទៀត ។

បើតាមការរៀបរាប់ របស់លោកអតីតអិបាលស្រុកខាងលើ មានអាយុ៤៩ឆ្នាំ បានប្រាប់ឲ្យដឹងថា តាមគំរោងរបស់រដ្ឋ បានមានគំរោងដើម្បីជីកប្រឡាយ និងស្រះទឹក ឲ្យប្រជាជនអាចប្រើប្រាស់ទឹកបាន មានចំនួន៥ស្រុក ដោយនាំយកក្រុមកម្មករ និងគ្រឿងចក្រដើម្បីមកធ្វើការជីកប្រឡាយ ស្រះទឹកនេះ ចាប់តាំងពីថ្ងៃ១២ ធ្នូ ២០១៧ មក រហូតដល់ថ្ងៃទី ៩ មករា ២០១៨ ខណៈពេលដែលរថយន្តជីកដី កំពុងតែជីកបានជំរៅ១០ម៉ែត្រ បានប្រទះឃើញដើមគគីរ ប្រវែង៦ម៉ែត្រ ដែលមានរង្វង់១,៦០ម៉ែត្រ លិចជាប់និងដី។

តាមការរៀបរាប់ របស់លោកអតីអភិបាលស្រុកខាងលើថា រូបគាត់បានសុបិន្តឃើញ ស្ត្រីម្នាក់ អាយុប្រហែល២១-២៣ឆ្នាំ តែងខ្លួនដូចមនុស្សបុរាណ ស្លៀកសំពត់ និងស្បៃក្រហម សក់វែង បានមកអង្គុយនៅលើដើមគគីរខាងលើ តែស្ត្រីរូបនោះ មិនបាននិយាយអ្វីឡើយ ។

លុះព្រឹកឡើង រូបគាត់បានទៅប្រាប់មេភូមិ ដើម្បីនាំយកគ្រឿងសក្ការៈបូជា និងផ្កាផ្សេងៗ ទៅធ្វើពិធីបញ្ជូលរូប ។ ក្រោយពីបានចូលរូបរួចមក បរិវេណកន្លែងនោះ ជាកន្លែងបុរាណ ឬជាភូមិបុរាណចំណាស់យូរមកហើយ មិនតែប៉ុណ្ណោះមានវត្តចាស់បុរាណទៀតផង ចំណែកដើមគគីរនោះ មានអាយុ៣,២០០ឆ្នាំ ត្រូវបានគេកប់ទុកចោល នៅក្នុងភូមិ និងបរិវេណវត្តចាស់បុរាណនោះ ។

បើតាមការរៀបរាប់ពីបុរសជាកម្មករ នៅក្បែរកន្លែងដែលគេប្រទះឃើញដើមគគីរនោះ បានដេកសម្រាកនៅទីនោះ ស្រាប់តែគាត់ ប្រាប់ឲ្យដឹងថា ក្រោយពីនាំយកដើមគគីរមកទុកខាងលើមក និងរៀបចំទានធូប ទឹកក្រូច ផ្លែដូងមួយចំនួន ដើម្បីដាក់ថ្វាយមក ក៏ប្រទះឃើញលេខ៤៥ នៅលើដើមគគីរនោះ ហើយគាត់បន្តថា បើសិនជាមានសំណាង ឲ្យគាត់ចាក់ឆ្នោតត្រូវ គាត់នឹងយកលុយ មកធ្វើបុណ្យឧទ្ទិសកុសល្យ ដល់កន្លែងសក្តិសិទ្ធិខាងលើនេះភ្លាម ៕