ខេត្តបាត់ដំបង៖ បន្ទាប់ពីលោក ឈាង វុន តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង បានអំពាវនាវឱ្យសមត្ថកិច្ចខេត្តបាត់ដំបង តាមដានឃ្លាំមើលសកម្មភាព នៅក្នុងហាងរបស់ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត អតីតចៅសង្កាត់អូរចារ កូតាអតីតគណបក្សសង្រ្គោះជាតិ ដោយសង្ស័យថា ជាកន្លែងប្រមូលផ្តុំដោយក្រុមឧទ្ទាមដែលគាំទ្រដល់ចលនាសង្រ្គោះជាតិរបស់លោក សម រង្ស៉ី នោះមក កញ្ញា បានឆ្លើយតបតាមគណនីហ្វេសប៊ុករបស់នាងថា ការអំពាវនាវបែបហ្នឹង គឺដូចផ្តាច់ឆ្នាំងបាយរបស់នាងហើយ តើគ្រាន់តែខ្ញុំសុំរស់ផង ពុំបានទេឬ? តើភ្ញៀវក្នុងហាងនាងខ្ញុំគិតយ៉ាងណា?​ តើរបរលក់នំបញ្ចុកនេះ ខុសនឹងច្បាប់ឬ? ទុកឲ្យក្មេងស្រីម្នាក់នេះបានរកស៊ីចិញ្ចឹមម្ដាយចាស់ជរាផងបានទេ?

លោក​ ឈាង វុន តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង បានថ្លែងប្រាប់បណ្តាញសារព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាល នៅថ្ងៃទី២៩ ខែមករានេះថា «ខ្ញុំចូលទៅក្នុងហាងនោះ ដោយចៃដន្យទេ ប៉ុន្តែអ្វីដែលខ្ញុំមើលឃើញនោះ គឺគួរឱ្យចាប់អារម្មណ៍ណាស់។ នៅកន្លែងនោះ អ្នកដែលចេញចូល ជួយបោសជូតមួយចំនួន គឺជាសមាជិកសកម្ម ដែលគាំទ្រចលនាសង្រ្គោះជាតិ។ ចលនាសង្រ្គោះជាតិនេះ គឺជាចលនាឧទ្ទាម ហើយគេប្រកាសកម្ទេច»។

លោក​ ឈាង វុន តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង បានបន្តថា «រ៉ូហ្ស៊េត មិនមានតម្លៃអ្វីសម្រាប់ខ្ញុំទេ នាងមានតម្លៃតែមួយគត់ គឺតម្លៃឧទ្ទាម បើសិនជាកន្លែងរបស់គាត់ប្រមូលផ្តុំ ដោយក្រុមឧទ្ទាម។ ប៉ុន្តែខ្ញុំមិនទាន់ចោទប្រកាន់ទេ គ្រាន់តែសង្ស័យដោយសារតែឃើញសកម្មភាព មានការចូលរួមពីអ្នកគាំទ្រចលនាឧទ្ទាម»។

កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត អតីត​ចៅ​សង្កាត់​អូរចារ​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បី ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់កាសែតក្នងស្រុកថា ក្រោយ​ពី​នាង​ត្រូវ​បាត់​តួនាទី​ជា​ចៅសង្កាត់​នោះមក នាង​មិន​បាន​ធ្វើ ​ឬ​ប្រកប​មុខរបរ​អ្វី​ដែល​ផ្ទុយ​ពី​ឆន្ទៈ មនសិការ ឧត្តមគតិ​របស់​នាង ឬ​ខុស​ច្បាប់​របស់​សង្គម​ទេ​។ មុខរបរ​ដែល​នាង​កំពុង​ដំណើរការ​ លក់ដូរ​នំ​បញ្ចុក​ខ្មែរ​រាល់​ថ្ងៃ​នេះ គឺ​នាង​ធ្វើ​ដើម្បី​រកប្រាក់​កម្រៃ​ចិញ្ចឹម​ម្តាយ​ និង​ដោះស្រាយ​បង់​រំលស់​បំណុល​ផ្ទះសំបែង​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ​។

កញ្ញា​បន្ត​ថា ​នាង​មិន​បាន​យក​កន្លែង​លក់ដូរ​ទៅ​ធ្វើ​ ជា​ទីតាំង​អ្វី​ផ្សេង​ដែល​ប្រឆាំង​នឹង​ការ​ហាមឃាត់​របស់​រដ្ឋាភិបាល​នោះ​ទេ​។ ប៉ុន្តែនៅពេលនាង​ឮអ៊ំ ឈាង វុន ចោទថា ជាកន្លែងប្រមូលផ្ដុំឧទ្ទាម ​នាង​ពិតជា​ព្រួយបារម្ភ និង​សោកស្តាយ​ចំពោះ​លោក ឈាង វុន ដែល​បាន​ធ្វើ​អធិប្បាយ​នៅ​លើ​ហ្វេសប៊ុក​ ដោយ​ចោទប្រកាន់​នាង​ថា​ទីតាំង​លក់ដូរ​របស់​នាង ​អាច​ជា​ទីតាំង​គាំទ្រ​ចលនា​ក្រុម​ឧទ្ទាម​។ ការ​អធិប្បាយ​របស់​លោក វុន នេះ​ពិត​ជា​មាន​បំណង​ចង់​បិទ​ហាង​របស់​នាង ឬ​ធ្វើ​មិន​ឲ្យ​មាន​ភ្ញៀវ​ហ៊ាន​ចូល​ហាង​ ឬ​មិន​ចង់​ឲ្យ​នាង​រស់នៅ​ចិញ្ចឹម​អ្នក​ម្តាយ​ជរា​ម្នាក់​បាន​ទេ​។

កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត បាន​បញ្ជាក់​ថា​៖ «​ការ comment របស់​លោក អ៊ំ (​ឈាង វុន​) នេះ​ ពិត​ជា​មាន​បំណង​ចង់​បិទ​ហាង​ខ្ញុំ ឬ​មួយ​ធ្វើ​មិន​ឲ្យ​មាន​ភ្ញៀវ​ហ៊ាន​ចូល​ហាង ឬ​មិន​ចង់​ឲ្យ​ខ្ញុំ​រស់នៅ​ចិញ្ចឹម​អ្នក​ម្តាយ​ជរា​ម្នាក់​បាន​ទេ​។ តើ​លោក​អ៊ំ អាច​អនុគ្រោះ​ឲ្យ​ក្មេងស្រី​ម្នាក់​នេះ​ រស់នៅ​​ជាមួយ​អ្នក​ម្តាយ​ចាស់ជរា​ម្នាក់​ផង​បាន​ទេ​? ឬ​ត្រូវ​ឲ្យ​នាង​ខ្ញុំ​រត់​ទៅ​ណា​ទៀត​? លោក​អ៊ំ​អើយ​! ក្មេងស្រី​ម្នាក់​នេះ​មាន​បន្ទុក​ធ្ងន់​ណាស់​! បើ​ខ្ញុំ​ចេញ​ទៅ​ណា​ ចោល​អ្នក​ម្តាយ​គឺ​ស្មើ​នឹង​ខ្ញុំ​សម្លាប់​អ្នក​ម្តាយ​ខ្ញុំ​ដោយ​ដៃ​នាង​ខ្ញុំ​»​។

លោក​បណ្ឌិត ឡៅ ម៉ុង ហៃ អ្នក​ស្រាវជ្រាវ និង​វិភាគ​បញ្ហា​សង្គម​បាន​យល់​ឃើញ​ថា​ការ​ចោទប្រកាន់​ថា​មាន​ការ​ប្រមូលផ្ដុំ​ក្រុម​ឧទ្ទាម​ ឬ​ភេរវកម្ម​ផ្សេងៗ​នោះ ​គឺ​វា​មិន​អាច​ទៅ​រួច​ទេ​ ព្រោះ​តាម​ស្ថានភាព​ជាក់ស្ដែង​នៅ​ពេល​នេះ ​ក្រុម​មេដឹកនាំ​កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ផ្នែក​បាន​ប្រកាស​ត្រៀម​កម្ទេច​ក្រុម​បះបោរ​រួច​ជាស្រេច​។ លោក​បន្ត​ថា​កម្ពុជា​គួរ​តែ​បញ្ចប់​វប្បធម៌​លាប​ពណ៌​ដាក់​គ្នា​ ហើយ​ពេល​ខ្លះ​គ្រាន់​តែ​គេ​ជួយ​បញ្ចេញ​មតិយោបល់​លើ​បញ្ហា​អ្វី​មួយ ក៏​នាំ​គ្នា​ចោទ​គ្នា​ថា​អ្នក​ប្រឆាំង​។ គេ​គួរ​រើស​យក​មតិយោបល់​​របស់​អ្នក​ដទៃ​មក​ពិចារណា​ខ្លះ​ផង​។ «​ធម្មតា ការ​ហូបចុក​បើ​កន្លែង​ណា​ធ្វើ​ឆ្ងាញ់​ គេ​រត់​ទៅ​រក​កន្លែង​ហ្នឹង​ហើយ ​គ្រាន់​តែ​គ្នា​ទៅ​ហូបចុក​ ចាំបាច់​ចោទ​គ្នា​ដល់​ថ្នាក់​ហ្នឹង​ធ្វើ​អ្វី អា​រឿង​អ្នក​ណា​ចង់​បង្កើត​ក្រុម​ឧទ្ទាម ឬ​ភេរវកម្ម​អ្វី​នោះ​ គឺ​វា​ទៅ​មិន​រួច​ទេ ហើយ​ក៏​គេ​មិន​ធ្វើ​ដែរ វា​ហួស​សម័យ​ហើយ ហើយ​ក៏​គួរ​តែ​បញ្ចប់​វប្បធម៌​បែប​នេះ​ទៅ​»​។

សូមជម្រាបថា កាលពី​ថ្ងៃ​ទី ២៣ ខែ​មករា​ឆ្នាំ ឆ្នាំ២០១៨ សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ បាន​និយាយ​បែប​កំប្លែង​ នៅ​ក្នុង​ពិធី​បិទ​សន្និបាត​ការងារ​របស់​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ថា​ «​ឈប់​ទៅ​ទាក់​កញ្ញា ស៊ិនចាន់ ពៅរ៉ូហ្ស៊េត ឲ្យ​មក​​ចុះ​ចូល​នឹង​គណបក្ស​ប្រជាជន​យើង​ទៀត​ទៅ​។ ដល់​ខ្ញុំ​សួរ​ថា ​ទៅ​ភោជនីយដ្ឋាន​របស់​រ៉ូហ្ស៊េត​នោះ​ ធ្វើ​អី​ក៏​ញឹក​ម្ល៉េះ​? គាត់​ឆ្លើយ​ប្រាប់​ខ្ញុំ​ថា ​ទៅ​ទាក់​អូសទាញ​គេ​ឲ្យ​ចូល​យើង​។ តែ​ខ្ញុំ​ប្រាប់​វិញ​ថា ​ទៅ​ដល់​ក្នុង​​ភោជនីយដ្ឋាន​គេ​រាល់​ថ្ងៃ តិច​មិន​គេ​មក ​យើងបែរ​ជា​គេ​ទាញ​ចូល​គេ​វិញ​ទៅ​»​។ ការ​ថ្លែង​របស់​លោក ស ខេង នេះ បើ​ទោះបី​ជា​មិន​បាន​បញ្ចេញ​ឈ្មោះ​អ្នក​ណា​ម្នាក់​ក៏​ត្រូវ​បាន​គេ​គិត​ថា​ទំនង​ជា​ចង់​សំដៅ​ទៅ​លើ​លោក ឈាង វុន ដោយសារ​តែ​លោក​ វុន ធ្លាប់​ទៅ​ហាង​លក់​នំ​បញ្ចុក​របស់​កញ្ញា រ៉ូហ្ស៊េត​។

បន្ទាប់ពី​គណបក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ ​កាលពី​ថ្ងៃ​ទី១៦ វិច្ឆិកា ឆ្នាំ​ ២០១៧ កញ្ញា រ៉ូហ្ស៊េត អតីត​ចៅសង្កាត់​អូរចារ​ក៏​ដូច​មេឃុំ ចៅសង្កាត់ សមាជិក​ក្រុម​ប្រឹក្សាឃុំ សង្កាត់ រួម​ទាំង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ក្រុង​ស្រុក​ខណ្ឌ​សរុប​ជិត​ ៦០០០ ​រូប​បាន​បាត់បង់​តួនាទី មុខ​តំណែង​។ សម្រាប់​កញ្ញា រ៉ូហ្ស៊េត ​ក៏​បាន​បើក​ភោជនីយដ្ឋាន​តូច​មួយ​លក់​ម្ហូបអាហារ​នៅ​ក្រុង​បាត់ដំបង ដើម្បី​រក​កម្រៃ​ចិញ្ចឹម​ជីវិត និង​ជួយ​ដោះស្រាយ​ការងារ​មនុស្សធម៌​ដែល​នាង​ធ្លាប់​តែ​ធ្វើ​កន្លង​មក​៕

ទោះជាយ៉ាង KBN មិនអាចទាក់ទងសុំការបំភ្លឺបន្ថែមពីលោក ឈាង វុន បានទេ នៅល្ងាចថ្ងៃនេះ។ ដោយឡែក កញ្ញា រ៉ូហ្ស៊េត អតីតចៅសង្កាត់អូរចារ កូតាអតីតគណបក្សសង្រ្គោះជាតិ មិនអាចទាក់ទងបានដែរ៕