ភ្នំពេញ៖ បុរស២នាក់ ចេញពីកន្លែងផឹកស៊ី ជិះម៉ូតូលឿនវ៉ាជែងជាមួយរថយន្ដ តែវ៉ាមិនផុស ចាប់ហ្វាំងបង្ខំ បណ្ដាលអោយដួលបោកក្បាល ស្លាប់ម្នាក់ភ្លាមៗ នៅកន្លែងកើតហេតុ និងអ្នករួមដំណើររងរបួសស្រាល ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។

ជនរងគ្រោះ ដែលស្លាប់មានឈ្មោះ សឿន អាយុ២៦ ឆ្នាំមុខរបរ បាញ់ថ្នាំឈើ ស្នាក់នៅភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ និងមានស្រុកកំណើត នៅភូមិទួលសំពណ៌ ឃុំទួលសុភី ស្រុកអូរាំឪ ខេត្ដត្បូងឃ្មុំ។

ចំណែកជនរងគ្រោះ រងរបួសស្រាលឈ្មោះ ណាន ចិន្ថា អាយុ២៣ ឆ្នាំមុខរបរ បាញ់ថ្នាំឈើ ស្នាក់នៅជាមួយគ្នា ។

បើតាមប្រភពព័ត៌មាន ពីមិត្ដភក្តិ ដែលរួមដំណើរជាមួយគ្នា បានប្រាប់អោយដឹងថា មុនពេលកើតហេតុ ខ្លួនទាំង២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៌ស ដែលពាក់ស្លាកលេខភ្នំពេញ 1CN-1760 ចេញពីកន្លែងផឹកស៊ី នៅម្ដុំជើងឯក ដោយធ្វើដំណើរ តាមបណ្ដោយផ្លូវ៣៧១ ក្នុងទិសដៅពីលិចមកកើត ក៏បានវ៉ាជាមួយរថយន្ដមួយគ្រឿង មិនចាំម៉ាក ប៉ុន្ដែវ៉ាមិនផុស ក៏ចាប់ហ្វាំងបង្ខំដួលបោកក្បាល បណ្ដាលអោយអ្នកបើកម៉ូតូ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកឯអ្នករួមដំណើររងរបួសស្រាល ។

សមត្ថកិច្ចបានប្រាប់អោយដឹងថា ជនរងគ្រោះទាំង២នាក់ បានធ្វើដំណើរដោយមិនពាក់មួកសុវត្ថិភាព និងមានសារធាតុស្រវឹងទៀតផង ទើបបណ្ដាលអោយ មានគ្រោះថ្នាក់ដល់ជីវិតបែបនេះ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងយកម៉ូតូទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌដង្កោ រងចាំយកឯកសារពាក់ព័ន្ធ ទើបសមត្ថកិច្ចប្រគល់ម៉ូតូជូនវិញ ។

ចំណែកឯសាកសព ត្រូវបានសមត្ថកិច្ចធ្វើបានដឹកយកទៅតំកល់នៅវត្តទឹកថ្លា រងចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕