ខេត្តមណ្ឌលគិរី៖ អ្នកកាសែតមកពីអង្គភាពផ្សេងៗគ្នាជាង២០នាក់ បានទៅថតពីសកម្មភាពដឹកជញ្ជូនឈើទៅកាន់ប្រទេសយួនរបស់ឧកញ៉ា មេឈ្មួញឈើម្នាក់ ក៏ត្រូវលោកឧកញ៉ាល្បីល្បាញនោះ បញ្ជាឲ្យប្អូនថ្លៃរបស់ខ្លួនដកកាំភ្លើង បាញ់ប្រហារចំនួន៧គ្រាប់ ធ្វើឲ្យពួកគេរត់បាទជើងសព្រាត កាលពីម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ នៅមុខឃ្លាំងស្តុបឈើដ៏ធំមួយកន្លែងរបស់ក្រុមហ៊ុន​យូលីគ្រីន ដែលមានទីតាំងស្ថិតក្នុងឃុំស្រែសង្គម ស្រុកកោះញែក។

បើតាមក្រុមអ្នកកាសែត បានអះអាងថា ករណីបំផ្ទុះអាវុធចំនួន៧គ្រាប់ គំរាមដល់អ្នកកាសែតខាងលើនេះ បង្កឡើងដោយ ឈ្មោះ ផាន់​ណា ត្រូវជាប្អូនថ្លៃរបស់លោកឧកញ៉ា តុប វីដា មេឈ្មួញឈើដ៏ធំមួយរូប នៅក្នុងខេត្តមណ្ឌលគិរី ហើយជនបង្កហ៊ានបាញ់បោះ ដោយសេរី​បែបនេះ ក៏ធ្វើឡើង​តាមបញ្ជារបស់លោកឧកញ៉ាដែលជាបងថ្លៃដែរ។

ប្រភពព័ត៌មានដដែល បានបន្តថា មុនពេលកើតហេតុ ក្រុមអ្នកកាសែតជាច្រើននាក់​ បានទទួលដំណឹងមកថា ក្រុមហ៊ុន យូនីគ្រីន បានទទួលទិញឈើពីខាងក្រៅក្រុមហ៊ុន ដើម្បីកាត់បេសេស្របច្បាប់ ដឹកជញ្ជូនទៅកាន់ប្រទេសយួន ដោយមានថយន្តយីឌុបចំនួន​៥គ្រឿង កំពុងផ្ទុកឈើ និងដឹកតាមរថយន្តបាឡែនជាច្រើនទៀត។ បន្ទាប់ពីទទួលបាននូវព័ត៌មានបែបនេះ ក្រុមអ្នកកាសែតទាំងនេះបាននាំគ្នាចុះទៅដល់មុខទីតាំងក្រុមហ៊ុន ហើយឡើងលើដើមឈើ​ ដើម្បីផ្តិតយករូបភាពអំពីសកម្មភាពទាំងនេះ។ ឃើញអ្នកកាសែតកំពុងតែថតបែបនេះ កម្មករ និងអ្នកយាម នៅក្នុងក្រុមហ៊ុន ក៏បានផ្ទុះកំហឹងឡើង ហើយបាន​បាញ់​ឡើងលើ ចំនួន៧គ្រាប់ ដើម្បីគំរាមកំហែងទៅលើក្រុមអ្នកកាសែត ធ្វើឲ្យពួកគេភ័យរត់បាទជើងសព្រាត។

ប្រភពព័ត៌មានដដែល បានបន្តថា ក្រោយពេលកើតហេតុ ក្រុមអ្នកកាសែតប្រមាណ២០អង្គភាព បាននាំគ្នាដាក់ពាក្យបណ្តឹង។ ប៉ុន្តែគេពុំទាន់ដឹងថា អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ ធមានចំណាត់ការការយ៉ាងណានោះទេ ព្រោះឈ្មួញឈើដ៏ល្បី (ឧកញ៉ា តុប វីដា)ម្នាក់នេះ គឺ​ជាជនមានអំណាច មានលុយ មានឱកាសជំនួញឈើដោយអំពើខុសច្បាប់ តាមរយៈសកម្មភាព​ប្រមូលទិញឈើពីប្រជាពលរដ្ឋ ពីឈ្មួញជាច្រើនទៀត ដែលកាប់ពីខាងក្រៅក្រុមហ៊ុនរបស់ខ្លួន ដើម្បីកាត់បេសេ ឲ្យទៅជាឈើស្របច្បាប់ដឹកជញ្ជូនទៅប្រទេសយួនយ៉ាងគគ្រឹក​គគ្រេង។ ដោយឡែក សមត្ថកិច្ច និងអាជ្ញាធរ នៅទីនោះ បានចាត់​ទុកសកម្មភាពដឹកជញ្ជូនឈើរបស់ឧកញ៉ា តុប វីដា ជាប្រភពសេដ្ឋកិច្ច និងជាឆ្នាំងបាយរបស់ពួកគេយ៉ាង​ចេញ​មុខ ដោយចំហ មិនខ្លាចច្បាប់ ក្នុងនោះថែមទាំងទុកឱកាសឲ្យឧកញ៉ា តុប វីដា ដឹកជញ្ជូនឈើផ្ទុកលើស​ទម្ងន់ លើសបេសេ តាមច្បាប់មានចំនួន១៧ទៅ១៨ម៉ែត្រគុប បែរជាដឹកក្នុងមួយឡាន​ពី៥០​ទៅ​៦០ម៉ែត្រគុប។

ទោះជាយ៉ាង ទាក់ទិននឹងករណីខាងលើនេះ KBN​ មិនអាចទាក់ទងសុំការបំភ្លឺពីលោកឧកញ៉ា តុប វីដា អាជ្ញាធរ សមត្ថកិច្ច​ និងអ្នកពាក់ព័ន្ធទេ កាលពីព្រឹកមិញ។ ដោយឡែកកម្មករនៅក្នុងក្រុមហ៊ុនខាងលើ បាននិយាយថា សំឡេងផ្ទុះនោះ មិនមែនជាការបាញ់នឹងកាំភ្លើងឡើយ គឺពួកគេដុតទេ៕