សិល្បៈ អាពាហ៍ពិពាហ៍របស់ប្អូនស្រី បង្កើតអ្នកនាង ចន ច័ន្ទលក្ខិណា បានប្រព្រឹត្តិទៅ កាលពីថ្ងៃទី១៧ ខែមករា នេះ ដោយកូនក្រមុំឈ្មោះ ចន ច័ន្ទដារ៉ារស្មី និងកូនកំលោះឈ្មោះ ជា លីវេង ត្រូវបានចូលរួមដោយតារាល្បីៗ ជាច្រើនរូបក្នុងព្រះរាជាណាចក្រកម្ពុជា យ៉ាងច្រើនកុះករ ហើយអ្វីដែលធ្វើឲ្យ អ្នកលេងបណ្តាញសង្គម និងអ្នកសេ្នហាវិស័យសិល្បៈ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះ គឺរូបភាពដ៏កម្រមួយ ត្រូវបានបង្ហោះក្នុងបណ្តាញសង្គមនោះ គឺរូបលោក ហេង ឡុង ស្វាមីក្រោយរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ឈរថតយ៉ាងស្និតស្នាល ជាមួយលោក យុទ្ធរ៉ាឆានី ដែលជាអតីតស្វាមី របស់អ្នកនាង ចន ច័ន្ទលក្ខិណាផងដែរ ។

ក្រោយពីបង្ហោះរូបភាព ដ៏គួរឲ្យទាក់ទាញនេះ មានមតិភាគច្រើន កោតសរសើរចំពោះទឹកចិត្ត របស់អ្នកទាំង២ ដោយបង្ហាញពីមិត្តភាព មិនប្រកាន់រឿងអតីតកាល ហើយក៏ជាលើកទី១ដែរ ដែលគេបានឃើញអ្នកទាំងពីរនាក់ ឈរថតជាមួយគ្នាបែបនេះ។ ជាមួយមួយគ្នានោះដែរ គេបាននឹកឃើញសម្តីរបស់ អ្នកនាង ចន ច័ន្ទលក្ខិណា ធ្លាប់ប្រាប់អ្នកសារព័ត៌មានថា ពួកគាត់ទាំង២នាក់ គឺរាប់អានគ្នាជាមិត្តធម្មតា តែនៅពេលនោះ ពុំសូវមានអ្នកជឿឡើយ ទើបតែពេលនេះ ទើបពួកគេទាំង២នាក់ បានបង្ហាញនូវអ្វីដែលអ្នកនាង ចន ច័ន្ទលក្ខិណា ធ្លាប់អះអាងពិតប្រាកដមែន ៕