ភ្នំពេញ៖ ស្រ្តីម្នាក់ត្រូវស្រ្តីបុគ្គលិកខារ៉ាអូខេវាយបែកក្បាល ដោយសារតែខឹងសួរនាំរឿងម្ហូបដែលអត់កុំម្មង់សោះ បែរជាគិតលុយថ្លៃម្ហូបដល់ទៅ ៦មុខ គ្រាន់តែផឹកស្រាបៀរអស់ ១កេះកន្លះ អស់ប្រាក់ ១១៨ដុល្លារ ដែលហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើល ​កាលពីវេលាម៉ោង៣ ទៀបភ្លឺ​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅហាងខារ៉ាអូខេ សែនរីករាយ នៅតាមបណ្តោយផ្លូវ២០០៤ ភូមិ ត្រពាំងល្វា សង្កាត់ កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះមានឈ្មោះ តារា រត្ន ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរអ៊ុតសក់ស្នាក់នៅ សង្កាត់ទឹកថ្លា ខណ្ឌពោធិ៍សែនជ័យ ​បាននិយាយថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង១១​និង៣០នាទីយប់ថ្ងៃទី១៦ ខែមករា ពួកគាត់បាននាំគ្នាចូលច្រៀងខារ៉ាអូខេសែនរីករាយ ​មានគ្នា ៦នាក់ ក្នុង​នោះមានស្រី ២នាក់ និងប្រុស៤នាក់ បានហៅស្រាបៀរចំនួន១កេះកន្លះ ក្នុងតំលៃ ៤០ដុល្លារ Free ម្ហូប ៦មុខ ។

ខណៈពេលកំពង់តែផឹកស៊ីក្នុងបន្ទប់​ ភ្លើងដំណើរការមិនល្អ ចេះតែដាច់ក៏​បានប្តូរបន្ទប់ចុះឡើង ពួកគាត់​មិនបានដឹងថា​ ម្ហូប​៦មុខទៀត​នរណាជាអ្នក​ហៅម្ហូបឡើយ ។ រហូតដល់​ពេលគិតលុយ​អស់​១១៨ដុល្លារ ក៏បានសួរនាំគ្នាងថា ម្ដេចអស់ច្រើនម៉្លេះ? ពួកគេផឹកអស់តែ ១កេះកន្លះសោះ ភ្លាមនោះអ្នកគិតលុយបាននិយាយថា មានអ្នកហៅមុខម្ហូប ៦មុខទៀត ទើបអស់លុយប៉ុណ្ណឹង ។

ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីអ្នកគិតលុយប្រាប់ថា មានអ្នកកុំម្មង់ម្ហូប ៦មុខទៀត ក៏សួរ​​នាំគ្នាមិនមានអ្នកណាកុំម្មង់ទេ តែមិត្តភក្តិម្នាក់ក្នុងចំណោម ៦នាក់ បានចេញលុយថ្លៃផឹកស៊ី គ្រប់ចំនួនរួច ហើយនារីរងគ្រោះបានចេញពីកន្លែងផឹក ដើរទៅរក​ថៅកែឱ្យជួយដោះស្រាយ រឿងអស់លុយច្រើន ។

ពេលជួបម្ចាស់ហាង​ មិនបានជួយសម្របសម្រួលឡើយ បន្ទាប់មកស្ត្រីនៅក្នុងខារ៉ាអូខេជាបុគ្គលិកក្នុងហាងខាងលើ បានឡាយវីដេអូនិយាយថា រូបរាងប៉ុណ្ណឹងដែរ មិនមានលុយឱ្យថ្លៃផឹកស៊ី ហើយនារីរងគ្រោះខាងលើ បាននិយាយថា លុយខ្ញុំមានមិនក្រោម ៣ទៅ៤រយឡើយ ប៉ុន្តែគាត់ផឹកអស់ស្រាបៀរតែ១កេះកន្លះ អស់ដល់ទៅជាង ១០០​ដុល្លារ ក៏​បានឈ្លោះគ្នា រហូតនារីបុគ្គលិកខារ៉ាអូខេខាងលើ បានវាយទៅលើនារីរងគ្រោះជាភ្ញៀវ បណ្ដាលឱ្យរយះមុខ​ ថៅកែហាងមិនដោះ​ស្រាយឱ្យទៀត ទើប​ជនរងគ្រោះទៅប្ដឹងសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍ភ្លាម ។

បន្ទាប់ពីជនរងគ្រោះប្តឹងសមត្ថកិច្ច ឱ្យចុះទៅដោះស្រាយដល់កន្លែងកើតហេតុ ស្រាប់តែ​ម្ចាស់ហាងដែលគេស្គាល់ថាឈ្មោះ យឹម សំណាង ហៅតូ បានបិទទ្វារហាងអស់ទៅហើយ ​ ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលកាកាប១ ដើម្បីឱ្យសមត្ថកិច្ច ចាត់ការតាមនីតិវិធី ។

បើតាមសមត្ថកិច្ចម្នាក់បាន​និយាយទាំងលាក់លៀមថា ហាងខារ៉ាអូខេយីហោសែនរីករាយនេះ តែងតែមានរឿងជាញឹកញាប់មកហើយ ពេលខ្លះ មានរឿងហិង្សា រវាងបុគ្គលិកនិងភ្ញៀវ ពេលខ្លះមានរឿងមុខម្ហូប ដែលភ្ញៀវមិនបានហៅ​ បុគ្គលិកលើកមក ហើយសមត្ថកិច្ចបានបន្ត​ទៀតថា ក្នុងមួយយប់ៗ មិនបានដេកមិនបានពួនឡើយ ពិបាកខ្លាំងណាស់ហាងខារ៉ាអូខេខាងលើនេះ ៕