សិល្បៈ៖ ប្រឡូកជាមួយការងារសិល្បៈមិនទាន់បានយូរប៉ុន្មានផង តារាស្រីជើងថ្មីកញ្ញា ណាណៃ ទទួលបានសន្ទុះនៃការគាំទ្រខ្លាំងគួរឱ្យកត់សម្គាល់ ហើយដោយសារតែសមត្ថភាពរបស់កញ្ញាខ្លាំងមិនធម្មតាផងនោះ ទើបអាចអន្ទងចិត្តម្ចាស់ផលិតកម្ម និងផលិតករជាច្រើន ឱ្យឃើញពីទេពកោសល្យនេះ ហើយបានទាក់ទងចូលរួមសម្ដែងមិនថាទាំងស្ពតពាណិជ្ជកម្ម MV ឬភាពយន្តនោះទេ គឺ ណាណៃ មានការងារជាប់ហូរហែជានិច្ច ។

ណាណៃ ត្រូវបានអ្នកគាំទ្រស្គាល់ច្បាស់តាមរយៈតួចិត្តអាក្រក់ ឈ្នានីស ឆ្នាស់ឆ្នើម និងដណ្ដើមប្ដី-សង្សារគេ ជាដើម ហើយបច្ចុប្បន្ននេះ នាងកំពុងថតរឿងឱ្យផលិតកម្មកមហាហង្ស «កាំបិតមុខពីរ» តួឆ្នាស់ឆ្នើម និង MV បទចម្រៀងជាច្រើនទៀត ហើយនៅក្នុងផលិតកម្មថោនភាពយន្ត នាងក៏កំពុងថត MV បទ «តែៗ ស្កៗ» ផងដែរ មិនត្រឹមតែប៉ុណ្ណោះ តារាស្រីដើមទ្រូងស្អាតរូបនេះ ក៏បានបញ្ចប់រឿងមួយមានចំណងជើងថា «សុបិន្តម្ដងទៀត» ។
ជួបផ្ទាល់ជាមួយក្រុមការងារ KBN ស្រីស្រស់មានឈាមកំណើតជាអ្នកស្រុកកំពង់ត្របែក ខេត្តព្រៃវែង រូបនេះបានរៀបរាប់ពីជីវប្រវត្តិដូចតទៅ៖

ស្ថានភាពគ្រួសារ
កញ្ញាមានឈ្មោះក្នុងបញ្ជីជាតិថា ឆោម ណារ៉ុង បច្ចុប្បន្នអាយុ ២១ឆ្នាំ និងឈ្មោះ ណាណៃ នេះគឺដាក់ក្រោយបន្ទាប់ពីចូលប្រឡូកក្នុងសិល្បៈ ។ ព្រោះតែជាកូនកំព្រា (ឪពុកម្ដាយលែងលះគ្នា) ណាណៃ ខំតស៊ូជួយសម្រាលទុក្ខរបស់ម្ដាយ ក្នុងជីវភាពរស់នៅ ដោយបានទូលនំ និងបន្លែផ្សេងៗលក់ ហើយក៏បានបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី ១០ ព្រមទាំងដោយសារតែទឹកចិត្តស្រឡាញ់លើការងារជាអ្នកសិល្បៈតាំងពីអាយុ ៥-៦ឆ្នាំផងនោះ ទើបកញ្ញាមកទីក្រុងភ្នំពេញក្នុងគោលបំណងប្រឡូកក្នុងវីថីសិល្បៈតែម្ដង ។
ស្រីស្អាត ណាណៃ បានបន្ថែមថា ខ្លួនបានឆ្លងកាត់ការលំបាកជាច្រើននៅក្នុងជីវិតជាកូនកំព្រា ដោយមានម្ដាយ និងប្អូនពីរនាក់ទៀតនៅក្នុងបន្ទុកទាំងស្រុង ហើយបន្ទាប់ពីបានប្រឡូកក្នុងសិល្បៈមួយរយៈនេះ ក្រុមគ្រួសាររបស់ ណាណៃ ក៏បានរើមករស់នៅក្នុងទីក្រុងភ្នំពេញទាំងអស់គ្នាពោលគឺមានម្ដាយ និងប្អូនពីរនាក់ទៀត ដែលសព្វថ្ងៃនេះ ម្ដាយប្រកបរបរជាអ្នកលក់នំនៅផ្សារសាមគ្គី ។

ដើមកំណើតសិល្បៈ
ដូចបានរៀបរាប់ខាងលើនេះ ដោយសារតែ កញ្ញា ណាណៃ ស្រឡាញ់សិល្បៈតាំងតែពីតូច ទើបបន្ទាប់ពីបោះបង់ការសិក្សាត្រឹមថ្នាក់ទី ១០ភ្លាម កញ្ញា ក៏មករស់នៅក្នុងទីក្រុងភ្នំពេញក្នុងគោលបំណងចង់ឈោងចាប់ការងារជាអ្នកសិល្បៈ ព្រោះបានឃើញការផ្សព្វផ្សាយរើសតួសម្ដែងរបស់ស្ថាននីយទូរទស្សន៍ CTN ក្នុងឆ្នាំ ២០១៥ ហើយជាលទ្ធផល នាងបានត្រឹមតែជាតួ Background (តួបន្ទាប់បន្សំ) តែដោយសារបានការណែនាំពីសំណាក់អ្នកស្រី សឿន ផាផួង នៅឆ្នាំ ២០១៦ ណាណៃ ក៏បានមានឱកាសសម្ដែងជាតួឈ្នានីស និងចិត្តអាក្រក់ ដែលជាតួសំខាន់នៅក្នុងសាច់រឿង ក្រៅពីនេះ នាងក៏បានសម្ដែងឱ្យផលិតកម្ម Rock នៅឆ្នាំជាមួយគ្នានោះផងដែរ ។
ក្រោយមកទៀត បន្ទាប់ពីបានឃើញពីទេពកោសល្យរបស់ ណាណៃ មានម្ចាស់ផលិតកម្ម និងផលិតករជាច្រើនទាក់ទងនាងមកធ្វើការ ដោយក្នុងនោះនាងបានថតឱ្យផលិតកម្មធំៗដូចជា ហង្សមាស មហាហង្ស ថោន ជាដើម ។

ជីវិតស្នេហា
ថ្វីបើបច្ចុប្បន្ន កញ្ញា ឆោម ណារ៉ុង ឈ្មោះក្រៅ ណាណៃ ទទួលបានភាពជោគជ័យនៅក្នុងការងារយ៉ាងណាក្ដី ក៏កញ្ញានៅមិនទាន់គិតពីរឿងស្នេហាឡើយ ប៉ុន្តែបច្ចុប្បន្ននេះ មានមនុស្សប្រុសជាច្រើនចោមរោមស្រឡាញ់ មានអ្នកខ្លះហ៊ានទាំងធានាចិញ្ចឹម និងផ្គត់ផ្គង់គ្រួសារកញ្ញាឱ្យរឹងមាំទៀតផង តែកញ្ញាបដិសេធមិនព្រមទទួលយកឡើយ ទោះបីសព្វថ្ងៃ គ្រួសារទាំងមូលធ្លាក់មកលើកញ្ញាជាអ្នករ៉ាប់រងយ៉ាងណាក៏ដោយ ។

គោលបំណងនៅថ្ងៃអនាគត
ជាចុងក្រោយ តារាសម្ដែងស្រីនិយមតួកាចឆ្នាស់ ណាណៃ បានប្រាប់ក្រុមការងារយើងថា នៅថ្ងៃអនាគតកញ្ញាចង់ក្លាយជាតារាសម្ដែងម្នាក់ ដែលមានប្រជាប្រិយភាពខ្លាំងដូចរៀមច្បងឯទៀត និងមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ចិញ្ចឹមគ្រួសារ ពោលគឺម្ដាយ និងប្អូនៗ ឱ្យបានល្អធូរធារ ។ កញ្ញាក៏បានបញ្ជាក់ទៀតថា «ទោះបីថ្ងៃមុខ ខ្ញុំមានកេរ្តិ៍ឈ្មោះល្បីខ្លាំងយ៉ាងណាក្ដី ក៏ខ្ញុំនៅតែជាខ្ញុំ មិនផ្លាស់ប្ដូរចារិត អកប្បកិរិយា កំណើតរបស់ខ្ញុំឡើយ» ៕
សហការី KBN