កាលពីថ្ងៃទី១០ មករា ២០១៨ វេលាម៉ោងប្រហែល១០និង៣០នាទី មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ ដោយអ្នកស្រុកបានឃើញ បុរសមាឌធំម្នាក់ បានចូលទៅចាប់រំលោភស្ត្រីម្នាក់ នៅក្នុងបន្ទប់ តែសំណាងល្អមានប្រជាជន បានឃើញទាន់ ហើយបានចូលទៅជួយ។

ហេតុការណ៍នេះ បានកើតឡើងនៅក្នុងបន្ទប់ជួលមួយ ស្ថិតនៅក្នុងទីរួមខេត្ត សាមុទ្រសាខន ចំនុចភូមិទី៧ ហើយជនល្មើសបានរត់ទៅលាក់ខ្លួន នៅក្នុងចំការស្មៅ ក្រោមការស្ទាក់ចាប់ ពីប្រជាជនយ៉ាងច្រើនកុះករ ។

ពេលប៉ូលិសទៅដល់កន្លែងកើតហេតុ មានក្រុមប្រជាជនមួយក្រុម បានព្យាយាមចូលទៅចាប់ជនល្មើសនោះ ដោយប្រើពេលវេលាប្រហែល១៥នាទី ទើបរកឃើញជនល្មើស ដែលចូលទៅលាក់ខ្លួននិងគុម្ពស្មៅ តែត្រូវប្រជាជនចូលទៅចាប់បានសម្រេច ព្រមទាំងនាំខ្លួន ឡើងមកលើគោក ដោយការខឹងសម្បារយ៉ាងខ្លាំង ហើយបាននាំខ្លួនជនល្មោភកាមនេះ ប្រគល់ឲ្យប៉ូលិស។

បើតាមការសួរនាំ បុរសល្មោភកាម បានសារភាពថា ខ្លួនគាត់បានទិញកាវមកហឹត ក្រោយមកខ្លួនក៏បានដើរលេងជាមួយមិត្តភក្តិ នៅក្បែរបន្ទប់កើតហេតុ។ ពេលដែលដើរឆ្លងកាត់បន្ទប់ស្ត្រីរងគ្រោះនោះ រូបគាត់ឃើញបន្ទប់នោះអត់ចាក់សោរឡើយ ខណៈពេលនោះ រូបគាត់កើតអារម្មណ៍ផ្លូវភេទខ្លាំងតែម្តង ទើបរូបគាត់បានចូលទៅដាល់ពោះនាង១ដៃ ហើយពេលនោះ នាងក៏បានស្រែកឲ្យគេជួយ ។ បន្ទាប់ពីស្ត្រីរងគ្រោះស្រែករួច ក៏មានមនុស្សឮហើយបានចូលមកជួយ ធ្វើឲ្យរូបគេភ័យពេក ក៏រត់គេចខ្លួន ចូលទៅក្នុងព្រៃស្មៅក្បែរផ្ទះនោះតែម្តង ។

បើតាមការរៀបរាប់ របស់ស្ត្រីរងគ្រោះ មានអាយុ២១ឆ្នាំ បានប្រាប់ឲ្យដឹងថា រូបនាងទើបតែសម្រាលកូនខ្ចី បាន១អាទិត្យ នៅពេលកើតហេតុ នាងមិនស្រួលខ្លួន ណាមួយប្តីរបស់នាង បានចេញទៅធ្វើការបាត់ នាងនៅក្នុងបន្ទប់តែ២នាក់កូនប៉ុណ្ណោះ ដោយបារម្មណ៍ពីរូបនាង ទើបប្តីរបស់នាង ប្រាប់មិនឲ្យចាក់សោរបន្ទប់ឡើយ ដើម្បីពេលឈឺខ្លាំង ឬមិនស្រួលខ្លួន ទូរស័ព្ទប្រាប់សាច់ញាតិ ឬហៅអ្នកជិតខាងមកជួយបាន ។ ពេលនោះ នាងបានលេបថ្នាំមួយគ្រាប់ ហើយក៏ងងុយដេកតែម្តង ទើបនាងមិនដឹងថា មានមនុស្សចូលទៅក្នុងបន្ទប់របស់នាង។

ពេលនេះប៉ូលិសកំពុងនាំខ្លួនជនល្មើស ទៅឃុំនៅក្នុងប៉ុស្តិ៍ខេត្ត ដើម្បីរងចាំធ្វើការសាកសួរ និងទទួលទោសតាមផ្លូវច្បាប់បន្ត។ ខណៈនោះផងដែរ ប៉ូលិសក៏បានណែនាំឲ្យប្រជាជនទូទៅ គួរចាក់សោរទ្វារបន្ទប់ជួល ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ទោះជានៅកន្លែងណាក៏ដោយ ឬប្រសិនបើមានសម្លេងជនមិនស្គាល់មុខ មកគោះទ្វារនោះ កុំបើកទ្វារឲ្យសោះ គួរតែទូរស័ព្ទទៅប្រាប់ប៉ូលិស ឬមិត្តភក្តិក៏បាន ៕