ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ នៅក្នុងពិធីបទសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៧ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៨ កាលពីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨នេះ បានឲ្យដឹង​ថា គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស នាឆ្នាំ២០១៧នេះ បានសម្លាប់មនុស្សជិត២ពាន់នាក់ និងរងរបួសជាង៥ពាន់នាក់ ហើយគ្រោះថ្នាក់ចរាចរណ៍នេះ បានធ្វើឲ្យកម្ពុជា ខាតបង់ថវិកាជាង៣០០លានដុល្លារសហរដ្ឋអាមេរិក។

សម្ដេចក្រឡាហោម បានមានប្រសាសន៍បន្តថា “នៅឆ្នាំ២០១៧ អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ បានកើនឡើង លើសពីឆ្នាំ២០១៦ ហើយគ្រោះថ្នាក់ចរាចរណ៍នេះ បានធ្វើឲ្យប្រទេសកម្ពុជាយើងបាត់បង់ថវិកា ប្រមាណរាប់រយលានដុល្លារសហរដ្ឋអាមេរិក។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យព្រួយបារម្ភនេះ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយផ្លូវគោក នាឆ្នាំ២០១១-២០២០ ដើម្បីកាត់បន្ថយនូវគ្រោះចរាចរណ៍នេះ។

សម្ដេចក្រឡាហោម បានបន្តថា ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ គណៈកម្មាធិការជាតិចរាចរណ៍ផ្លូវគោក បានខិតខំផ្សព្វផ្សាយ និងអប់រំអំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍។ ទោះជាយ៉ាងណា ការគ្រប់គ្រងចរាចរណ៍​​​​​​​​​​​​​​​​​​ នៅមិនទាន់បានល្អ ដោយសារតែបណ្ដោយឲ្យប្រជាពលរដ្ឋជិះមិនគោរព​ច្បាប់ ដែលអាចនាំឲ្យជួបគ្រោះថ្នាក់ និងការកកស្ទះជាដើម។

ជាមួយគ្នានេះ សម្ដេចរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបន្ថែមថា ប្រជាពលរដ្ឋមួយចំនួន បើទោះជាក្រសួងមហាផ្ទៃបានចែកមួកការពារសុវត្ថិភាព ដោយឥតគិតថ្លៃក្ដី ប៉ុន្ដែពួកគាត់នៅតែមិនព្រមពាក់ដដែល។ ដូច្នេះចាប់ពីពេលនេះទៅ សម្ដេចសូមអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវនាំគ្នាគោរពច្បាប់ចរាចរណ៍ ដើម្បីធានានូវសុវត្ថិភាពទាំងអស់គ្នា ហើយសមត្ថកិច្ចនឹងទិញឧបករណ៍ ដើម្បីមើលល្បឿន រថយន្ដ​ណាដែលបើកលឿន។

សម្តេចក្រឡាហោម ស ខេង បានបន្តថា ដោយឡែកចំពោះបញ្ហាផ្លូវជាតិវិញ គឺផ្លូវមួយចំនួនដែលបានកសាង នាកន្លងមកនេះ មានផ្លូវជាតិមួយចំនួន មានគុណភាពល្អ ហើយមានផ្លូវជាតិមួយចំនួនទៀត មានគុណភាពអត់នៅឡើយ។ ជាក់ស្តែងដូចជាផ្លូវជាតិលេខ៨A តភ្ជាប់ពីផ្លូវជាតិលេខ៦A ទៅផ្លូវជាតិលេខ៧A ដែលទើបធ្វើថ្មី ប៉ុន្តែរហូតមកដល់ពេលនេះ វាមានលក្ខណៈទ្រុឌទ្រោមជាងផ្លូវ ចាស់ពីមុន ដែលមិនសូវបានជួសជុល។ សម្រាប់ផ្លូវជាតិលេខ៨ ជួសជុលជាបន្តបន្ទាប់ ប៉ុន្តែនៅតែមិនធានាបាននូវគុណភាព ដូចផ្លវជាតិផ្សេងៗទៀត ដែលនេះជាចំណុចមួយ ត្រូវកែលម្អឡើងវិញ។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍បន្តថា «នេះជាបទពិសោធន៍របស់មន្ទីរសាធារណការ និងដឹកជញ្ជូន ដែលចាំបាច់ត្រូវតែពិនិត្យគុណភាពលើសំណង់ផ្លូវជាតិ និងលក្ខណៈបច្ចេកទេស ឲ្យបានច្បាស់លាស់ ដើម្បីទទួលបាននូវការគាំទ្រពីប្រជាពលរដ្ឋ ដែលជាអ្នកធ្វើដំណើរ និងប្រើប្រាស់លើផ្លូវទាំងនេះ ដោយផ្ទាល់»។ សម្តេចក្រឡាហោមក៏បានជំរុញឲ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ខិតខំកែលម្អ​ ពង្រឹងយុទ្ធការ និងបន្តកិច្ចសហការឲ្យបានជិតស្និទ្ធជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ ចដើម្បីទប់ស្កាត់នូវការដឹកជញ្ជូនលើសទម្ងន់ ដែលកំពុងក្លាយជាជំងឺ និងជាមេរោគបំផ្លាញផ្លូវថ្នល់។

ទន្ទឹមគ្នានេះដែរ សម្តេចក្រឡាហោមបានជំរុញឲ្យមន្ត្រីពាក់ព័័ន្ធ ត្រូវធ្វើការងារឲ្យសកម្ម និងម៉ឹងមាត់បំផុត ក្នុងការគ្រប់គ្រងយានយន្ត ជួស​ជុលកែច្នៃយានយន្ត និងត្រួតពិនិត្យ ដើម្បីឈានទៅដល់ការកាត់បន្ថយរថយន្តខុសបច្ចេកទេស ហើយរួមចំណែកក្នុងការគ្រប់គ្រងយានយន្ត ឲ្យមានរបៀបរាបរយ ដើម្បីចូលរួមការការកាត់បន្ថយនូវការកកស្ទុះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ឲ្យទទួលបានផលវិជ្ជមាន។

https://2.bp.blogspot.com/-0Tp2HMdS9NM/Wl28p3LvNoI/AAAAAAAAIEc/GNoNRECLjyUT-7rAu_J6x4jWnyO7M-uDwCLcBGAs/s1600/3-6-1.jpg

យោង​តាម​របាយការណ៍របស់​នាយកដ្ឋាន​សណ្តាប់ធ្នាប់​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បានឲ្យដឹងថា អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កាលពីឆ្នាំ២០១៧ មានចំនួន១៧៨០នាក់ កើនឡើងចំនួន៦៣នាក់ បើប្រៀបនឹងឆ្នាំ២០១៦។ ដោយឡែកអ្នករបួស មានចំនួន ៥៥៣៩នាក់ ធ្លាក់ចុះចំនួន១០៦៨នាក់ បើធៀបនឹងឆ្នាំ២០១៦ ខណៈគ្រោះថ្នាក់ចរាចរណ៍ មានចំនួន៣៥៣១ករណី បើធៀបនឹងឆ្នាំ២០១៦ ធ្លាក់ចុះ១៦៩ករណី៕