ខេត្តព្រៃវែង៖ បុរស​ម្នាក់​បានព័ទ្ធវង់ផឹកស៊ីជាមួយនឹងអ្នកភូមិ រហូតស្រវឹងជោកជាំ ទើបនាំកូនទៅរាយមង បណ្ដាលឲ្យលង់ទឹកស្លាប់ បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រត់ទៅរាវយកសាកសព កាលពី​វេលា​ម៉ោង​៨ ​និង​៣០​នាទី​យប់ ​ថ្ងៃ​ទី​១៥ ខែមករា នៅ​ក្នុងទឹកត្រពាំងខាងក្រោយផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុង​ភូមិ​ព្រែក​ធំ ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍។

មន្ត្រីនគរបាលស្រុកពាមរក៍ បានឲ្យដឹងថា ជន​រង​គ្រោះ​ ​ឈ្មោះ ​នួ​ង រ៉ា​ន់ អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជា​កសិករ មានលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ។ មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ព័ទ្ធវង់ផឹកស្រា​ជាមួយ​អ្នកភូមិរស់នៅជាមួយគ្នា រហូតស្រវឹង​ជោកជាំ ទើប​នាំ​កូនប្រុសម្នាក់ ​ឈ្មោះ ​ចាន់ ចំរើន អាយុ​១៤​ឆ្នាំ ទៅ​រាយ​មង ​នៅ​ក្នុង​ត្រពាំង​ទឹក​ខាងក្រោយ​ផ្ទះរបស់គាត់​។ លុះពេលទៅដល់ទីនោះ ជនរងគ្រោះ​បានប្រាប់​ឲ្យ​កូនប្រុសរបស់គាត់ រង់​ចាំ​នៅ​លើមាត់ត្រពាំង​ ហើយ​គាត់បាន​ចុះ​ទៅ​រាយ​មង។

ប៉ុន្តែដោយសារ​គាត់ស្រវឹងជោកជាំផង ក៏រអិល​ជើង​ចូលទៅក្នុងទឹកជ្រៅ លិច​ចូល​ទៅ​ក្នុង​ទឹក​បាត់​។ ឃើញហេតុការណ៍បែបនេះ កូនប្រុសរបស់ជនរងគ្រោះ បាន​រត់​មក​​ប្រាប់​ម្តាយ បង្កឲ្យភ្ញាក់​ផ្អើល​ឆោឡោពេញភូមិ រត់ទៅជួយសង្គ្រោះជនរងគ្រោះ ប៉ុន្តែទម្រាំអ្នកភូមិរត់ទៅដល់ គឺជនរងគ្រោះបានលង់ទឹកស្លាប់បាត់ទៅហើយ។

ក្រោយ​ពេល​រាវរក​សាកសព​របស់ជន​រង​គ្រោះឃើញ ក្រុម​គ្រួសារ​បាន​នាំយក​​មក​ផ្ទះ ហើយក៏​មិន​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ភ្លាម​ៗ​នោះ​​​ដែរ គឺទុក​រហូត​ដល់​ព្រឹក​ឡើង ទើប​ក្រុម​គ្រួសារ​រាយការណ៍​ជូន​សមត្ថកិច្ចឲ្យ​ចុះ​ទៅ​ត្រួតពិនិត្យ ហើយ​​សមត្ថកិច្ចក៏បានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារការលង់ទឹកប្រាកដមែន។ បន្ទាប់មក សមត្ថកិច្ចក៏បានប្រគល់សាកសពរបស់ជនរងគ្រោះទៅក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕