ខេត្តកណ្ដាល​៖​ បន្ទាប់ពីកើតមានករណីឃាតកម្មមកលើស្ដ្រី​ចំណាស់​ម្នាក់ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង​៧ និង៥នាទីព្រឹក ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០១៨​ ត្រង់​ក្បែរ​ត្រពាំង​ពង្រ​ ស្ថិត​ក្នុងភូមិ​គោល​ ឃុំ​ទួល​ព្រេច ស្រុក​អង្គស្នួល​ នោះមក រហូតមកដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨នេះ សមត្ថកិច្ចជំនាញបានឃាត់ខ្លួនកសាងសំណុំរឿង បញ្ជូនទៅតុលាការ។

​មន្ដ្រី​នគរបាល​ស្រុក​អង្គស្នួល​ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែលសមត្ថកិច្ច​ឃាត់ខ្លួន ឈ្មោះ មុត ម៉ុ​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ (​អតីត​អ្នក​​​ប្រដាល់​ឈ្មោះ ផុល ភាព​) ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​លំនៅ​ក្នុងភូមិ​អង្គ​តា​សិត ឃុំ​ទួល​ព្រេច ស្រុក​អង្គស្នួល ខេត្តកណ្តាល។ នៅក្នុងការ​ចាប់ខ្លួនជនសង្ស័យនោះ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​មួយចំនួន​ រួមមាន ពូថៅ​១ ​ស្បែកជើង​(ជ័រ)​សង្រែក​១​គូ​មួក​​សំ​យាប​របស់​ស្រី​១ ​ក្រ​មា​ក្រឡា​ការ៉ូ​១ ហើយវត្ថុតាង​ទាំងនេះ​គឺ​របស់​ជនរងគ្រោះ។ រីឯស្ដ្រីរង​គ្រោះ​ ឈ្មោះ​ ឃួ​ន​ ខឿន​ អាយុ​៦៧​ឆ្នាំ​ មុខរបរ​កសិករ​ ​ ​មាន​ប្ដី​ឈ្មោះ​ សន​ ស៊ុ​យ​ អាយុ​៧៣​ឆ្នាំ​ មាន​លំនៅ​ក្នុងភូមិ​គោល​ ឃុំ​ទួល​ព្រេច​ ស្រុក​អង្គស្នួល​ ខេត្តកណ្ដាល​។

​ប្រភព​ដដែល​ បានបន្ត​ថា​ បើតាម​ការ​បំភ្លឺ​របស់​ក្រុម​គ្រួសារ​ស្ដ្រី​រង​គ្រោះ​ បាន​ឲ្យ​ដឹង​ថា​ កាលពីព្រឹក​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៨​ ស្ត្រី​រង​គ្រោះ​បាន​ទៅ​ចូលរួម​ ក្នុង​កម្មវិធី​បុណ្យ​សង្ឃទាន​ នៅផ្ទះ​របស់អ្នក​ជិតខាង​ ដោយ​មាន​ពាក់​គ្រឿងអលង្ការ​ និង​ដាក់​លុយ​ចំនួន​៥០០​ដុល្លារ​ នៅជាប់​នឹងខ្លួន​​។​ លុះមកដល់វេលា​ម៉ោង​​២​រសៀលថ្ងៃដដែល​ ប្ដី​របស់​ស្ត្រី​រង​គ្រោះ​បាន​ជិះ​ម៉ូត​ឌុ​ប​កូនស្រី​ម្នាក់​ ហើយ​បាន​ដួល​ម៉ូតូ​ បណ្ដាល​​ឲ្យ​រង​របួស​យ៉ាងដំណំ​។​ ខណៈនោះ​ ស្ត្រី​រង​គ្រោះ​បាន​ដាំទឹក​ក្ដៅ​ស្អំ​របួស​ឲ្យ​ប្ដី​របស់គាត់​។ បន្ទាប់មក នៅវេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ដដែល​ ​គាត់​ក៏​បានចាក​ចេញពីផ្ទះ ដើម្បី​ទៅ​ផ្លាស់ចំណង​គោ​ដែលចង នៅឯវាលស្រែ ស្រាប់តែ​បាត់​គាត់រហូត ​មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​​។​

ប្រភពព័ត៌មានដដែល បានបន្តថា ក្រោយពេលបាត់ជនរងគ្រោះ ដោយគ្មានមូលហេតុបែបនេះ ធ្វើឲ្យ​ពួកគាត់ងឿងឆ្ងល់ ក៏នាំគ្នាដើរ តាំងពី​វេលា​ម៉ោង​៤​ និង​៣០​នាទី​ល្ងាច​ ​រហូត​ដល់​វេលាទៀប​ភ្លឺ​ ថ្ងៃទី១២ ខែមករា ​នៅ​តែ​រក​ជនរងគ្រោះមិនឃើញ​ ទើបពួកគាត់​ឈប់​រក ហើយនាំគ្នាត្រឡប់មកសម្រាក​សិន​។​ លុះមកដល់​វេាលម៉ោង៧ព្រឹក​ថ្ងៃដដដែល ទើបនាំគ្នាទៅ​ដើរ​រក​បន្តទៀត​ ស្រាប់តែ​​ប្រទះ​ឃើញ​សាកសព​របស់ស្ដ្រី​រង​គ្រោះ​ ត្រូវឃាតករយកក្រមាចងរឹកកសម្លាប់ នៅក្នុង​ព្រៃ​លើ​ដី​ទួល​ ក្បែរមាត់​ត្រពាំង​ពង្រ​ ក៏បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រស់នៅក្នុងនាំគ្នាទៅចោមរោមមើល និងរាយការណ៍ទៅសមត្ថកិច្ច។

​សមត្ថកិច្ច​ដដែល បាន​បន្តថា​ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​បែបនេះភ្លាម​ សមត្ថកិច្ច​បច្ចេកទេស​ និង​វិទ្យាសាស្ត្រ​ខេត្ត​បានសហការជាមួយនឹងមន្រ្ដីនគរបាល​ជំនាញរបស់អធិការដ្ឋាននគរបាលស្រុក​ លោក​ក្រុមប្រឹក្សា​ឃុំ​ គ្រូពេទ្យ​ មេ​ភូមិ​ នគរបាល​ប៉ុស្តិ៍​ ​ចុះ​ទៅកាន់​កន្លែង​កើតហេតុ​ ដើម្បី​ពិនិត្យ​ និងធ្វើ​កោស​ល្យវិច័យលើសាកសព។ តាមលទ្ធផល នៃការពិនិត្យ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ​ករណី​នេះគឺជាពិតឃាតកម្ម​ ដោយ​ជនល្មើសបានយកក្រមាមករឹត​ក​សម្លាប់ជនរងគ្រោះ។

ប្រភពព័ត៌មានពីក្រុមគ្រួសាររបស់ជនរងគ្រោះ បានឲ្យដឹងថា ក្រោយពេលវិល​ត្រឡប់​មក​ពី​បុណ្យ​សង្ឃទាន​វិញ​ ស្ត្រី​រង​គ្រោះ​បាន​ដោះ​គ្រឿងអលង្ការ​ រួម​ជាមួយ​លុយ យកមក​ទុក​នៅ​ទូ​ នៅក្នុងផ្ទះ​អស់ហើយ​ ទើប​ចេញពីផ្ទះ​ទៅ​ផ្លាស់​គោ​ ដោយនៅ​សល់​តែ​ចិញ្ចៀន​ចំរៀកផ្ដៅ​ពាក់​ជាប់ដៃ​១​វង់​ប៉ុណ្ណោះ​ ហើយ​នៅ​ពេល​ប្រទះ​ឃើញ​សាកសព​ចិញ្ចៀន​នោះ​ ក៏​បាន​បាត់​មិនឃើញ​ នៅ​ជាប់​នឹង​ខ្លួនរបស់​ស្ដ្រី​រង​គ្រោះ​នោះឡើយ។ករណីនេះ​សង្ស័យ​ឃាតករបាន​ដោះ​យកចិញ្ចៀននោះ ​ក្រោយ​ពេល​គេសម្លាប់​គាត់​រួច​។​

មន្ត្រីនគរបាលស្រុកអង្គស្នួល បានបន្តថា ក្រោយពេលកើតមានករណីឃាតកម្មបែបនេះកើតឡើងភ្លាម លោក​ឧត្ដមសេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្ដ​កណ្ដាល បានបញ្ជាាឲ្យមន្ត្រីជំនាញ នៃអធិការដ្ឋាននគរបាល​ស្រុក​អង្គស្នួល និងមន្ត្រីជំនាញ នៃ​ការិយាល័យ​នគរបាលព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សហការគ្នាស្រាវជ្រាវ រហូតកំណត់បាននូវមុខសញ្ញារបស់ជនសង្ស័យ។ ប៉ុន្តែជននេះ បានរត់គេចខ្លួនពីលំនៅឋានរបស់ខ្លួនទៅសំងំលាក់ខ្លួន នៅក្នុងផ្ទះប្អូនរបស់គេ នៅក្នុងភូមិ​ស្វាយជ្រំ ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។ បន្ទាប់មក​ មន្ត្រី​ជំនាញ​ខេត្ត ស្រុកអង្គស្នួល បានចុះទៅសុំកិច្ចសហការជាមួយនឹងនគរបាលស្រុកខ្សាច់កណ្ដាល។ ប៉ុន្តែនៅពេលសមត្ថកិច្ចចុះទៅដល់ គឺ​ជនសង្ស័យ​បានដឹងខ្លួន​មុន ក៏រត់គេច​ខ្លួនចេញភូមិ​ស្វាយជ្រំ ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។

មន្ត្រីនគរបាលដដែល បានបន្តថា ដោយសារសមត្ថកិច្ចនគរបាល​ស្រុក​អង្គស្នួល ​និង​ការិយាល័យ​នគរបាលព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្តកណ្តាល សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ខ្សាច់កណ្តាល ក៏បាន​ស្វែងរក រ​ហូត​ចាប់ខ្លួនបាន កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ នៅក្នុងឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្ដាល ហើយ​នាំ​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ​ដើម្បី​បន្ត​នីតិវិធី។

នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាពថា មុន​ពេលកើតមាននូវអំពើឃាតកម្មនោះ គឺ​ស្ដ្រី​រងគ្រោះ​បាន​ទៅ​ផ្លាស់​គោ​នៅឯ​វាលស្រែ​ នៅខាងជើង​ភូមិ ហើយ​បានឃើញ​រូបគេ ​និង​ក្មេងៗ​អាយុ​ចន្លោះពី១៤-​១៥​ឆ្នាំ ​កំពុង​ប្រើប្រាស់​ថ្នាំញៀន​ នៅក្នុង​គុម្ពោត​ព្រៃ។ ​ឃើញ​បែបនេះ ស្ដ្រី​រងគ្រោះ​បាន​ស្រែក​ឡូឡា​ និងស្ដីឲ្យពួកខ្លួន។ ភ្លាមៗនេះ ​ក្មេងៗ​បាន​រត់គេចខ្លួន​ចេញទៅ​អស់ ហើយនៅសល់តែរូបគេម្នាក់ឯង ក៏កើតមានចិត្តខឹងសម្បា ​ដើរ​សំដៅ​វាយតប់ និង​យក​ក្រ​មា​រឹត​ក​សម្លាប់​ជនរងគ្រោះ រួច​អូស​សាកសពរបស់ជនរងគ្រោះ​ យកទៅ​លាក់​នៅក្នុង​គុម្ពោត​ព្រៃ ដែលមាន​ចម្ងាយ​ពី​កន្លែងកើតហេតុ​ប្រហែល​ ៤៥​ម៉ែត្រ រួច​គេចខ្លួនបាត់។

ក្រោយទទួលបានចម្លើយសារភាពបែបនេះ សមត្ថកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូង ដើម្បីចាត់ការតាមច្បាប់៕