សិល្បៈ៖ បន្ទាប់ពីស្ងាត់ៗ តារាសម្ដែងសាច់សខ្ចី ចរិយា ពេជ្រ ស្រាប់តែប្រកាសដល់ថ្ងៃចូលរោងការ ជាមួយនឹងស្វាមីអាណិកជនអ្នកជំនួញសង្ហាអូស្រ្តាលីម្នាក់ បង្កឱ្យមជ្ឈដ្ឋានជុំវិញភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលកម្មវិធីសិរីមង្គលនេះបានប្រព្រឹត្តឡើងកាលពីថ្ងៃទី ១៥ ខែមករា ម្សិលមិញនេះ ។

យ៉ាងណាមិញ ទោះបីជា ចរិយា ពេជ្រ គឺជាសិល្បការិនីវ័យក្មេងមួយរូប ប៉ុន្ដែនៅក្នុងពិធីមង្គលការនាងជាមួយស្វាមី កាលពីយប់មិញនេះមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសផ្សេងៗ និង អ្នកជំនួញ ប៉ុន្ដែហាក់ពុំសូវឃើញវត្តមានតារាល្បីៗចូលរួមឱ្យបានច្រើនកុះករដូចកម្មវិធីសិល្បករ-ការិនីដទៃទៀតនោះទេ ពោលគឺមានត្រឹមតែវត្តមានមិត្តស្និទ្ធស្នាលជាមួយនាងប៉ុណ្ណោះ ។

ទោះបីជាក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់តារាស្រី ចរិយា ពេជ្រ ខ្សត់វត្តមានអ្នកសិល្បៈក៏ពិតមែន ប៉ុន្ដែកម្មវិធីទាំងមូលបានរៀបចំឡើងដោយយ៉ាងរលូន និង ប្រកបដោយភាពអធិកអធមគួរឱ្យកត់សម្គាល់ ។ ក្នុងនោះ ចរិយា ពេជ្រ ទទួលបានកាដូគ្រឿងអលង្ការតម្លៃជាង ៣ ម៉ឺនដុល្លារពីស្វាមីក្នុងថ្ងៃមង្គលថែមទៀត ។
ចំណែកឯរ៉ូបមង្គលការដែលតារាស្រី ចរិយា ពេជ្រ គ្រងនៅក្នុងពិធីកាត់នំវិញ គឺស្រស់ស្អាតប្លែកភ្នែកខ្លាំងមែនទែន មានតម្លៃរហូតដល់ ២៨០០ ដុល្លារឯណោះ ដែលជាការច្នៃម៉ូដមកពីប្រទេសហុងកុងទៀតផង ៕ Cake KBN