ខេត្ត​ព្រះ​សីហ​នុ៖ ជនជាតិមួយក្រុមបានព័ទ្ធវង់ផឹកស៊ីរហូតស្រវឹងជោកជាំ ស្រាប់តែទាស់ពាក្យសម្ដីគ្នា ស្រែកឡូឡា រត់ទៅទាញដំបង កៅអី និងកាំបិត ដេញកាប់គ្នាផ្អើលដល់ប្រជាពលរដ្ឋ រស់នៅជិតខាង រាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកឃាត់ខ្លួនបានចំនួន២នាក់ កាលពីវេលាម៉ោង​ជាង​៧​យប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ​២០១៨ នៅក្នុងក្រុងព្រះសីហនុ។

មន្ត្រីនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនជាតិចិនទាំងនេះ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន បានរាយការណ៍​មក​​សមត្ថកិច្ចថា ជា​រៀងរាល់ថ្ងៃ ពួកគាត់​តែងតែ​ឃើញ​ជនជាតិ​ជា​ច្រើន​នាក់ ចេញចូល​ទាំង​យប់​ទាំង​ថ្ងៃ នៅក្នុងផ្ទះកើតហេតុខាងលើ ហើយ​ពួកគេតែងតែស៊ីផឹក ស្រែកឡូឡារំខានដល់ការរស់នៅរបស់អ្នកជិតខាត។ លុះមកដល់ព្រលប់ ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៨ នេះ ជន​ជាតិ​ចិនទាំងនោះបាននាំគ្នាផឹកស៊ីជល់កែវគ្នាចុះឡើង លុះបន្តិចក្រោយមក ស្រាប់តែ​ឮពួកគេស្រែក​ឈ្លោះប្រកែក​គ្នា​យ៉ាង​ខ្លាំង ហើយ​វាយ​ប្រតាយប្រតប់​គ្នា អ្នកខ្លះរត់ទៅទាញ​កាន់ដំបង អ្នកខ្លះ​កាន់​កៅអី និង​អ្នកខ្លះ​កាន់​កាំបិត និង​មួយ​ចំនួន​ទៀត​បាន​រត់​ស្ទុះ​ចេញ​មកខាងក្រៅ​ផ្ទះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ចចុះ​មក​ធ្វើអន្តរាគមន៍​ ចាប់​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត។

ដោយឡែក​សន្តិសុខ​ឯកជនដែល​ប្រចាំការ ​នៅផ្ទះ​ជួល​នោះ បានឲ្យដឹង​ថា ការ​វាយតប់​គ្នា​នេះ តាម​ពិតវា​គ្មាន​រឿង​អ្វី​ធំដុំ​នោះ​ទេ ហើយករណីនេះ គឺ​កើតឡើង​ដោយសារ​ការ​ប៉ាវ​ផឹកស្រា និង​វាយ​ក្បាល​គ្នា​លេង ប៉ុន្តែដោយ​សារពួកគេ​ស្រវឹង​រៀង​ៗ​ខ្លួន ទើប​កើតជា​រឿង​វាយតប់​គ្នា​បែបនេះតែ​ម្តងទៅ៕