ភ្នំពេញ៖ មានករណីបុរសជនជាតិចិនម្នាក់ ជិះម៉ូតូដួលម្នាក់ឯង បោកក្បាលស្លាប់តាមផ្លូវ ខណៈពេលរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចមុខក្រសួងការងារ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោគ។

តាមប្រភព័ត៌មាន ពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុ គេឃើញបុរសជនជាតិចិនម្នាក់ មិនស្គាល់ឈ្មោះ វ័យ​ ៤០ឆ្នាំ ជិះម៉ូតូមួយគ្រឿងម៉ាក សង់ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BG-8972 ​ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិច។

លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតធ្លាក់ចង្អូបង្ហូរទឹកតាមដងផ្លូវ ដួលបោកក្បាលទៅនិងថ្នល់សន្លប់ស្តូកស្តឹង ភ្លាមៗនោះ ក៏ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅឯគ្លីនិកពន្លឺ តែជាអកុសល ខណៈពេលដឹកបញ្ចូនទៅតាមផ្លូវ បុរសរងគ្រោះក៏បានស្លាប់​បាត់ ។

ក្រោយពេលកើតហេតុ សពបុរសខាងលើត្រូវបានយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំសមត្ថកិច្ចជំនាញចុះមកធ្វើកោសលវិច័យ និងរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ តាមប្រពីណៃ ចំណែកម៉ូតូ សមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកល្អក់១ រង់ចាំសាច់ញាតិមកទទួលយកត្រឡប់ទៅផ្ទះវិញ ៕