ខេត្តស្ទឹងត្រែង​៖ បុរសម្នាក់បានអួតអាង ជាអ្នកសារព័ត៌មាន ហើយយកចិញ្ចៀនក្លែងក្លាយទៅបញ្ចាំ ក៏ត្រូវម្ចាស់ហាងប្ដឹងទៅសមត្ថកិច្ចឲ្យចាប់ខ្លួន កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នៅក្នុងផ្សារសាមគ្គី ស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ហើយមន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនកាន់តុលាការ នៅព្រឹក ថ្ងៃទី១៦ ខែមករានេះ។

មន្រ្ដី​ការិយាល័យ​នគរបាលព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ ជន​សង័្សយដែលសមត្ថកិច្ចឃាត់ខ្លួនជាប់ពាក់ព័ន្ធ​នឹងករណីឆបោកនោះ ​ឈ្មោះ វ៉ា​ន់ សំណាង ​អាយុ​៤៧​ឆ្នាំ មានលំនៅ​ក្នុង​ភូ​មិ​កណ្តាល ឃុំ​សណ្តារ ស្រុក​លើក​ដែក ខេត្តកណ្តាល។ បើតាមប័ណ្ណសម្គាល់ខ្លួនរបស់ជននេះ គឺគេជាបុគ្គលិករបស់សារព័ត៌មាន​អង្គភាព​តា​ព្រហ្ម មានឋានៈ​ជា​ជំនួយការ​ចាងហ្វាង​។

មន្ត្រីនគរបាលដដែល បានបន្តថា កាលពីថ្ងៃទី​១៥​ ខែមករា ​ឆ្នាំ​២០១៨ ជនសង័្សយបានយកចិញ្ចៀនក្លែងក្លាយទៅបញ្ចាំ នៅក្នុងហាងមួយកន្លែង នៅក្នុងផ្សារ​សាមគ្គី ស្ថិតក្នុងភូមិ​ត្រពាំង​ព្រីង សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង​។ ប៉ុន្តែនៅពេលនោះ ម្ចាស់ហាងបានពិនិត្យចុះឡើង ក៏ដឹងថាជាចិញ្ចៀន​ក្លែងក្លាយ ទើបគាត់ប្ដឹងមកសមត្ថកិច្ចឲ្យចុះទៅឃាត់ខ្លួនជនសង័្សយ ដោយចោទប្រកាន់ពីបទឆបោក។

ក្រោយពេលឃាត់ខ្លួនរួច សមត្ថកិច្ចបានបញ្ជូនជនសង័្សយមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ហើយមន្រ្ដីជំនាញបានកសាងសំណុំរឿង​ បញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី១៦ ខែមករានេះ ដើម្បីចាត់ការតាមច្បាប់៕