ភ្នំពេញ៖ ប្រជាពលរដ្ឋប្រទះឃើញសពបុរសម្នាក់ អណ្ដែតទឹកផ្កាប់មុខទើរជាប់នឹងកំប្លោក មានសភាព​ហើម​ស្អុយទៅហើយ​ ក៏បានរាយការណ៍ជូនសមត្ថកិច្ចចុះមកត្រួតពិនិត្យ ​បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នៅចំណុចមាត់ទន្លេបាសាក់ ក្រុម៣១ ស្ថិតនៅភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ។

តាមសម្តីបុរសម្នាក់មានឈ្មោះ ចាន់ វាសនា ​អាយុ ៣៤ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅភូមិជំទាវបុត្រត្រី ឃុំផ្សារ ស្រុក បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានប្រាប់ថា ​មុនកើតហេតុគាត់ដើរទៅមាត់ទន្លេបាសាក់ រកក្លិនស្អុយដែលសាយភាយនោះ ក៏បាន​ប្រទះឃើញសពបុរសម្នាក់ពាក់អាវខ្មៅ ផ្គាប់មុខទើរនៅកំប្លោក​ ក៏បានទូរស័ព្ទប្ដឹងសមត្ថកិច្ចឱ្យចុះទៅកន្លែងកើតហេតុ ដើម្បីយកសពឡើងលើគោកត្រួតពិនិត្យ ។

​សមត្ថកិច្ចបានប្រាប់ថា ក្រោយពីការត្រួតពិនិត្យ​សព រកឃើញមានកាបូបមួយនៅជាប់នឹង​ខ្លួន ​ក្នុងនោះមានអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរមានឈ្មោះ ឃួង សុភា ភេទប្រុស អាយុ ៣១ឆ្នាំ ទីកន្លែងកំណើតនៅភូមិត្រពាំងគ្រួស ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង និងប័ណ្ណសំគាល់យានជំនិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BS-6697 ។

តាមរយៈការធ្វើកោសល្យ​វិច័យឃើញថា សពមានសភាពហើមស្លាប់ មិនក្រោម២ថ្ងៃទេ គឺ​ស្លាប់ដោយសារលង់ទឹក ។ សពមិនទាន់មានសាច់ញាតិមកទទួលទេ ប៉ុន្តែសពមានសភាព​ហើមខ្លាំងទៅហើយ ទើបបានបូចជានៅ​វត្តចាក់អង្រែក្រោម ​ខណ្ឌមានជ័យ៕