បរទេស៖ កាលពីពេលថ្មីៗនេះ កាសែត Daily mail បានចុះផ្សាយហេតុការណ៍ ដ៏ភ្ញាក់ផ្អើលមួយ ដែលធ្វើឲ្យគេងឿងឆ្ងល់យ៉ាងខ្លាំង ដោយរថយន្តមួយគ្រឿង បានបើកទៅបុករនាំងកណ្តាលផ្លូវ ធ្វើឲ្យរថយន្តបានហោះឡើងលើអាកាស ទៅបុកជាប់អគារ Office ជាន់ទី២ មួយកន្លែង នៅក្នុងទីក្រុង Santa Ana រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក តែសំណាងណាស់ ពុំមានមនុស្សរងរបួស ឬស្លាប់នោះឡើយ ។

កាសែតខាងលើ បានចុះផ្សាយបន្តថា រថយន្តនោះបានបើកដោយល្បឿនលឿនខ្លាំង ហើយបានរេចង្កូតទៅបុករបាំងថ្ម ទ្រូងផ្លូវធ្វើឲ្យរថយន្តហោះឡើងលើ ទៅបុកអគារជាន់ទី២ ហើយគេឃើញអ្នកបើកបរ ជាប់នៅក្នុងរថយន្តនោះ ខណៈពេលដែលរថយន្ត កំពុងតែជាប់នៅលើអគារនោះតែម្តង ហើយក្រុមជួយសង្គ្រោះ បានប្រើពេលជាច្រើនម៉ោង ដើម្បីយករថយន្តនោះ ចុះពីលើអគារបាន។

បើតាមការឲ្យដឹង ពីក្រុមជួយសង្គ្រោះ និងក្រុមពន្លត់អគ្គីភ័យ ឈ្មោះ OCFA បានប្រាប់ថា ហេតុការណ៍ខាងលើ បណ្តាលឲ្យមានភ្លើងឆេះបន្តិចបន្តួច មុនពេលពួកគាត់មកដល់ ហើយពួកគាត់បានប្រើរថយន្តកន្ត្រកស្ទូច ដើម្បីឡើងទៅជួយយកអ្នកបើកបរ ចេញពីក្នុងរថយន្ត ហើយបាននាំអ្នកបើកបរនោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយគាត់រងរបួសបន្តិចបន្តួចប៉ុណ្ណោះ ៕