ថៃ៖ កាលពីវេលាម៉ោងប្រហែល ១២និង៣០នាទី ថ្ងៃទី១៤ ខែមករា ២០១៨ មានករណីផ្ទុះម៉ាស៊ីន អូប័រ (Speed Boat) មួយគ្រឿងនៅកណ្តាលកោះ Phi Phi ស្ថិតនៅក្នុងខេត្តក្រាប៊ី ដោយហេតុការណ៍នេះ បានកើតឡើងដោយសារតែ ប្រេងសាំងរបស់ម៉ាស៊ីនអូប័រនោះ បានធ្លាយចេញមកក្រៅ តែសំណាងល្អ ដោយភ្ញៀវទេសចរណ៍ ដែលជិះនៅក្នុងអូប័រនោះ បានពាក់អាវការពារសុវត្ថិភាព ហើយបានលោតចុះក្នុងទឹកសមុទ្រ ទាន់ពេល មុនពេលក្រុមជួយសង្គ្រោះមកដល់ ។

បន្ទាប់ពីកើតហេតុ ក្រុមជួយសង្គ្រោះបានទៅដល់ភ្លាមៗផងដែរ ហើយបានដឹកជញ្ជូនអ្នកទេសចរណ៍ ដែលរងគ្រោះលោតចូលក្នុងទឹកសមុទ្រ ទៅកាន់មន្ទីរពេទ្យទាន់ពេលវេលា ។

បើតាមការសួរនាំ ពីអ្នកបើកអូប័រខាងលើ បានឲ្យដឹងថា អូប័រនោះ បានដឹកអ្នកដំណើរជនជាតិបរទេស ចំនួនសរុបទាំងអស់៤០នាក់ ធ្វើដំណើរពីកោះភូកេត ដើម្បីមកទស្សនាកោះ Phi Phi នឹងលេងទឹកសមុទ្រ ។

លុះពេលមកដល់កន្លែងកើតហេតុ ស្រាប់តែម៉ាស៊ីនបានឈប់ដំណើរការ និងមានផ្សែងចេញពីក្រោយម៉ាស៊ីន ហើយបានឆាបឆេះយ៉ាងលឿន ហើយបុគ្គលិកនៅក្នុងអូប័រ បានស្រែកប្រាប់ឲ្យភ្ញៀវទេសចរណ៍ទាំងអស់ ពាក់អាវពោងការពារសុវត្ថិភាព ទាំងអស់គ្នា និងលោតចុះទឹកសមុទ្រ ពេលដឹងថា ភ្លើងឆាបឆេះមិនអាចពន្លត់បាន ។

ទោះជាយ៉ាងណា គ្រោះថ្នាក់ដែលបណ្តាលមកពី អូប័រធ្លាយប្រេងសាំងខាងលើ បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ ហើយភ្ញៀវទេសចរណ៍ដែលនៅលើអូប័រនោះ មានជនជាតិថៃ៥នាក់ ជនជាតិចិន២៦នាក់ ក្នុងនោះមានក្មេង៣នាក់ រួមដំណើរជាមួយផងដែរ ចំណែកអ្នករងរបួសចំនួន១១នាក់ ក្នុងនោះមាន៦នាក់ រងរបួសធ្ងន់ សុទ្ធតែជាជនជាតិចិន ៕