អ្នកលក់អនឡាញម្នាក់ បានធ្វើដំណើរអស់មួយថ្ងៃមួយយប់ ពីភាគខាងកើតទៅភាគខាងត្បូង ប្រទេសចិនដើម្បីសងសឹក អ្នកទិញស្រីម្នាក់ ដែលបានប្រើពាក្យអាក្រក់ Review លើទំនិញរបស់ខ្លួន ដែលបានលក់នៅលើ អ៊ីនធើណេត ។

ទំនិញជាច្រើន ត្រូវបានប្រជាជន និងអ្នកជំនួញជាច្រើនដាក់លក់ តាមរយៈអនឡាញ ជាហេតុធ្វើឲ្យងាយស្រួលដល់អ្នកទិញ ដែលគ្រាន់តែបញ្ជាទិញ តាមកុំព្យូទ័ររបស់ពួកគេ ឥវ៉ាន់ទាំងនោះ នឹងត្រូវផ្ញើទៅដល់ផ្ទះតែម្តង ។

ហើយក្នុងនោះដែរ ក៏មានវេបសាយជាច្រើនបានបង្កើត ដើម្បីដាក់លក់ផលិតផល ឲ្យកាន់តែងាយស្រួល ហើយក្នុងនោះអ្នកទិញក៏អាចទទួលបានទំនិញ សម្រាប់តម្លៃទាបបំផុត ដែលអាចធ្វើទៅបាន ជាពិសេសជាមួយឈ្មួញ ដែលមានសក្តានុពលជាច្រើន ដែលលក់នូវផលិតផលដូចៗគ្នា ។ ម្យ៉ាងវិញទៀត អ្នកលក់នៅលើអនឡាញទាំងអស់ ត្រូវបង្កើតកេរ្តិ៍ឈ្មោះល្អ ដើម្បីឲ្យអតិថិជនជឿជាក់ និងទិញដោយទំនុកចិត្ត ។

ដូច្នេះដើម្បីឲ្យមានតម្លាភាព ទើបគ្រប់វេបសាយលក់អនឡាញ ល្បីៗទាំងអស់លើពិភពលោក ត្រូវមានប្រអប់មួយ ដើម្បីឲ្យអតិថិជនសរសេរឆ្លើយតប (Feedback) ទៅនិងអ្វីដែលពួកគេទទួលបាន ពីអ្នកលក់ ។

អតិថិជនម្នាក់ មកពីភាគខាងត្បូងប្រទេសចិន ឈ្មោះ Xiao Die បានទិញសម្លៀកបំពាក់ ៣០០យន់ ($34) តាំងពីថ្ងៃ២០ ខែធ្នូ ២០១៧ ពីហាងលក់ទំនិញតាមប្រព័ន្ធអ៊ីនធើណេត របស់ក្រុមហ៊ុនធំជាងគេនៅចិន Alibaba ។ បន្ទាប់ពីការទិញហើយ នាងពុំត្រូវបានគេផ្ញើអីវ៉ាន់ ដែលនាងបានទិញនោះទេ បន្ទាប់ពីបង់លុយរួចរយៈពេលពីរបីថ្ងៃ ។

ដោយហេតុតែរង់ចាំយូរពេក នាងក៏បានសរសេរពាក្យបណ្តឹង និងផ្តល់នូវមតិរិះគន់ អវិជ្ជមានទៅលើម្ចាស់ហាង ដែលនាងបានទិញនោះ ។ បន្ទាប់មកនាងបានសរសេរពាក្យរិះគន់ អវិជ្ជមាននៅលើ Store ដែលនាងទិញនោះ នាងក៏ទទួលបានការទូរស័ព្ទគំរាម ពីបុរសម្នាក់ដែលចាត់ទុកជាសារព្រមាន ។

នាងបានទទួលសារមួយ ដែលសរសេរថា “ខ្ញុំអាចបំផ្លាញអ្នកបាន” នៅថ្ងៃទី២៣ ធ្នូ បន្ទាប់ពីនាងសរសេរប្តឹងទៅក្រុមហ៊ុនវេបសាយ លក់ឥវ៉ាន់នោះ។ នាងក៏បានទទួលទូរស័ព្ទ ពីជនអនាមិក ដែលទូរស័ព្ទពី Sushou ដែលប្រាប់ថា គាត់គឺជាម្ចាស់ទំនិញ ដែលនាងបានទិញនោះ ។

នៅថ្ងៃទី២៧ ខែធ្នូ ២០១៧ មានបុរសម្នាក់ បានវាយប្រហារទៅលើ អ្នកនាង Xiao នៅកន្លែងដែលនាងទទួលឥវ៉ាន់ ក្នុងខេត្តហឺណាន។ នាងត្រូវបានគេវាយចំពីមុខ ខ្លួន នឹងរុញឲ្យដួលទៅលើថ្នល់ ដោយបុរសម្នាក់ បណ្តាលឲ្យរងរបួសស្រាល ។

អ្នកនាង Xiao ជឿជាក់ថា អ្នកដែលវាយប្រហារ មកលើរូបនាងនោះ គឺជាម្ចាស់ហាងទំនិញ នៅលើអនឡាញដែលនាងបានទិញនោះ និងជាបុរសដែលទូរស័ព្ទមកគំរាមនាង ដោយបុរសនោះ អះអាងថា គាត់បានធ្វើដំណើរទាំងយប់ទាំងថ្ងៃ ដើម្បីយកដៃរបស់គាត់ វាយលើរូបនាងដោយផ្ទាល់ ទុកជាមេរៀនសម្រាប់នាង ។

Xiao Die បានរងរបួសបាក់ឆ្អឹងនៅកែងដៃខាងឆ្វេង និងរបួសស្រាលលើមុខ និងខ្លួន បន្ទាប់ពីរងការវាយប្រហារពីបុរសអនាមិកខាងលើ ។ ប៉ូលិសមិនបានធ្វើការ អត្ថាធិប្បាយលំអិត ពីការវាយប្រហារនោះនៅឡើយទេ ប៉ុន្តែពួកគេបានបញ្ជាក់ថា ក្រុមប៉ូលិសកំពុងតែបើកការ ស៊ើបអង្កេតទៅលើករណីនេះហើយ ៕