ភ្នំពេញ៖ ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញលិខិតអនុញ្ញាតឲ្យបង្កើតក្រុមហ៊ុនថ្មីមួយ រវាងក្រុមហ៊ុនឯកជនក្នុងស្រុករបស់លោកឧកញ៉ា ពុង ខៀវសែ និងរដ្ឋាភិបាល ដើម្បីសាងសង់អាកាសយានដ្ឋានអន្តរជាតិ នៅក្នុងទឹកដីចន្លោះក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល លើទំហំដី២៦០០ហិកតារ ដោយបោះទុនវិនិយោគ សរុប​១៥០០លានដុល្លារសហរដ្ឋអាមេរិក។

យោងតាមលិខិតអនុញ្ញាតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីនេះ ចុះហត្ថលេខាដោយលោក តឹក រ៉េត សំរេច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ចុះ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ហើយត្រូវបានគេចែកផ្សាយ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨។ នៅក្នុងលិខិតនោះបានជម្រាបជូនលោកទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដោយបានលើកឡើង ពីកម្មវត្ថុស្តីពីករណីស្នើសុំគោលការណ៍អនុញ្ញាតបង្កើត “ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនថេសមិន ខូអិលធីឌី ( Cambodia Airport Investment Co., Ltd )” គឺជាក្រុមហ៊ុនភាពជាដៃគូវិនិយោគ រវាងវិស័យសាធារណៈ និងឯកជន (PPP) ។ ការអនុញ្ញាត ឲ្យក្រុមហ៊ុនថ្មីសាងសង់ព្រលានយន្តហោះនេះ គឺធ្វើឡើង ដោយយោងតាមចំណាររបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន ចុះ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧។

លិខិតដដែលនេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានឯកភាពលើការបង្កើត” ក្រុមហ៊ុនខេមបូឌា អ៊ែរផត អ៊ិនថេសមិន ខូអិលធីឌី ( Cambodia Airport Investment Co., Ltd ) ក្នុងគោលបំណងអភិវឌ្ឍ សាងសង់អាកាសយានដ្ឋានអន្តរជាតិ លំដាប់ថ្នាក់ 4F ដែលមានទីតាំងស្ថិតក្នុងទឹកដីក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល លើទំហំដី ចំនួន២៦០០ហិកតារ ជាមួយនឹងទុនវិនិយោគ សរុប ១៥០០លានដុល្លារសហរដ្ឋអាមេរិក។

ទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា ទុនវិនិយោគ ដើម្បីសាងសង់ព្រលានយន្តហោះថ្មីនេះ មានទំហំទឹកប្រាក់សរុប១៥០០លានដុល្លារសហរដ្ឋ អាមេរិក ដែលទឹកប្រាក់ទាំងនេះបានមកពីកម្ចីធនាគារបរទេស ចំនួន១១០០លានដុល្លារដុល្លារសហរដ្ឋអាមេរិក កម្ចីពីភាគទុន OCIC ២៨០លានដុល្លារសហរដ្ឋអាមេរិក និងដើមទុនចុះបញ្ជី ១២០លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះក្រុមហ៊ុន OCIC មាន៩០% និងរដ្ឋលេខា​ធិការដ្ឋានអាកាសចរស៊ីវិល តំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា មាន១០%។

លោក ស៊ី​ន ចាន់​សិរី​វុ​ត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍​ស៉ី​វិល ធ្លាប់​បាន​ប្រាប់​ប្រ​ព័​ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា ដោយសារ​តែ​កំណើន​នៃ​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស បាន​បន្ត​កើនឡើង ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ហើយ​នៅ​ឆ្នាំ​២០២៥ខាងមុខនេះ អាកាសយានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ មិន​អាច​ពង្រីក​សមត្ថភាព​របស់​ខ្លួនបន្ត​ទៀត​បានឡើយ ជាមួយ​កត្តា​ចង្អៀត ​នៃ​ការ​ស្ទះចរាចរណ៍ ​ដែល​នាំឲ្យ​រាំងស្ទះ​ដល់​វិស័យ​អាកាសចរណ៍​ផង​ដែរ​នោះ ទើប​រាជរដ្ឋាភិបាល​កម្ពុជា មាន​ទស្សនវិស័យ​ថា ​នឹង​សាងសង់នូវ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី​មួយទៀត។ ប៉ុន្តែ​ពេល​​​នោះ​អ្នកនាំពាក្យ​រូប​នេះ មិន​បាន​បញ្ជាក់​ពី​ទីតាំង និង​ក្រុមហ៊ុន​ដែល​នឹង​ត្រូវ​ទទួល​បាន​សិទ្ធិ​សាងសង់ព្រ​លាន​យន្តហោះ​ថ្មី​នេះ ​នៅឡើយ​ទេ ដោយ​លោក​លើក​ឡើង​ថា វា​ស្ថិត​នៅ​ក្នុង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​។

លោក​ស៊ី​ន ចាន់​សិរី​វុ​ត្ថា ​បាន​បន្តថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ថា រាជរដ្ឋាភិបាល​កម្ពុជាចង់​សាងសង់​អាកាសយានដ្ឋាន​ថ្មីនោះ ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា ដែល​ជា​ក្រុមហ៊ុន​របស់បារាំងទទួល​បាន​សិទ្ធិ​វិនិយោគលើ​ព្រ​លាន​យន្តហោះ​នៅ​កម្ពុជា​ បច្ចុប្បន្នបាន​ជួល​អ្នក​ជំនាញការ​មក​ពី​បារាំង ដើម្បី​ឲ្យ​សិក្សា​លើ​គម្រោងការ​សាងសង់ថា ​គួរ​ធ្វើ​នៅ​ម្តុំ​ណា ដើម្បី​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​សង្គម​តិច​បំផុត ហើយ​ងាយស្រួល ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ព្រ​លាន​យន្តហោះ​នោះ​។

បច្ចុប្បន្ន ​កម្ពុជា​មាន​ព្រ​លាន​យន្តហោះ​អន្តរជាតិ ​ចំនួន​៣ គឺ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប និង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ​។

ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក ​លឺ ខឺឈាង នាយក​រដ្ឋមន្ត្រី​ចិន នៅ​ក្នុងរាជធានីភ្នំពេញ​ ចាប់ពី​ថ្ងៃ​ទី​១០-​១២ ខែមករា ឆ្នាំ​២០១៨ នេះ ក៏​មានការ​រៀបចំ​ពិធី​ចុះហត្ថលេខាជាមួយនឹងសម្ដេច ហ៊ុន សែន ​នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុង​ការ​សម្រេច​យក​ប្លង់​ស្ថាបត្យកម្ម​ណាមួយ​ នៃ​ប្លង់​ស្ថាបត្យកម្មស្ថាបនា​ព្រ​លាន​យន្តហោះ​ថ្មី​ នៅ​ខេត្តសៀមរាបផង​ដែរ។

ព្រ​លាន​យន្តហោះ​ថ្មី​ នៅ​ខេត្តសៀមរាប​នេះ គ្រោង​នឹងស្ថាបនា​នៅ​លើ​ផ្ទៃដី​ ទំហំជាង៧០០ហិ​កតារ ដោយបោះទុន​វិនិយោគ​លើ​ទឹកប្រាក់ ៨៨០លាន​ដុល្លារ​អា​មេ​រិ​ក ក្រោម​ការ​វិនិយោគ​របស់​ក្រុមហ៊ុន YUNAN Development Group ដែល​ជា​ក្រុមហ៊ុន​ដ៍​ធំ​មួយ ​មាន​មូលដ្ឋាន​នៅ​ក្នុងប្រទេស​ចិន ។

ការ​សាងសង់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី​នេះ មាន​ទីតាំង​ស្ថិត​នៅ​ក្នុងស្រុក​សូទ្រនិគម ខេត្តសៀមរាប ដែល​ការ​ស្ថាបនា​ព្រ​លាន​នេះ ​ក្នុង​បំណង​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច និងភ្ញៀវ​ទេសចរអន្តរជាតិ​មក​ទស្សនាកម្ពុជា​បន្ថែម​ទៀត ពិសេស​ជា​ការ​ទាក់ទាញ​ក្រុមហ៊ុន​អាកាសចរណ៍​ធំ​ៗ​ មក​ចុះ​ចត​នៅ​កម្ពុជា ដោយសារ​សមត្ថភាព​ព្រ​លាន​យន្តហោះ​ថ្មី​នេះ អាច​អនុញ្ញាត​ឲ្យ​យន្តហោះ​ខ្នាត​ធំ​ចុះ​ចត​បាន។

បើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បាន​ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​អន្តរជាតិ ដែល​ធ្វើ​ដំណើរ​មក​កម្ពុជា​ តាម​ផ្លូវអាកាស មាន​ចំនួន​១ ១៣៣ ៩៤០​នាក់ នៅ​រយៈពេល​៥​ខែ​ នាដើមឆ្នាំ​២០១៧កន្លងទៅនេះ៕