ភ្នំពេញ៖ ជនសង្ស័យម្នាក់ពាក់ព័ន្ធទៅនឹងរឿងឃាតកម្ម កាប់សម្លាប់ យុវជនម្នាក់ ជានិស្សិតនៅមហា​វិទ្យល័យ​ស្ថាបត្យកម្ម ត្រូវវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញសហការណ៍ជាមួយកម្លាំងនគរបាលខេត្តបាត់ដំបង ស្រាវជ្រាវចាប់ខ្លួនបាន ទៅតាមដីការបស់តុលាការ នាម៉ោង១៧និង៣៥នាទីល្ងាច ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ នៅ ចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។

ជនសង្ស័យមានឈ្មោះ ហេង បញ្ញា ភេទប្រុស អាយុ ២៦ឆ្នាំ ទីលំទីលំនៅ ផ្ទះលេខ52E2 ផ្លូវលេខ១៣៤ ភូមិ៤ សង្កាត់មនោរម្យ​​ ខណ្ឌ៧មករា រាជធានីភ្នំពេញ តែក្រោយធ្វើកម្មភាពជនសង្ស័យរត់គេចខ្លួនទៅសម្ងំលាក់ខ្លួននៅ ស្រុកកំរៀង ខេត្តបាត់ដំបង ។ ចំណែកជនរងគ្រោះ ឈ្មោះ អេង ម៉េងឃាង ភេទប្រុស អាយុ ២១ឆ្នាំ ជានិស្សិត មហាវិទ្យាល័យស្ថាបត្យកម្ម ឆ្នាំទី៣ មានស្រុកកំណើត នៅស្រុកកងមាស ខេត្តកំពង់ចាម ។

លោកវរៈសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានឱ្យដឹងថា ជនសង្ស័យក្រោយពីធ្វើសកម្មភាព ប្រើដោយកាំបិតបុ័ងតោ កាប់ទៅលើជនរងគ្រោះជាច្រើនកាំបិត បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម នៅផ្ទះលេខ 11E3Z ផ្លូវលេខ១៤០ ភូមិ៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ហើយ ជនសង្ស័យបានរត់គេចខ្លួនទៅស្នាក់លាក់ខ្លួននៅ ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង រហូតដល់តុលាកាក្រុងភ្នំពេញ ចេញដីកាប្រកាស់តាមចាប់ខ្លួន លេខ៤០៥ ដ.ច.ន.ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ​២០១៧ ដោយលោក សាយ សារុន ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ។

លុះមកដល់ល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ ជនសង្ស័យ ត្រូវបានកម្លាំងនគរបាល ចាប់ឃាត់ខ្លួនបានតែម្ដង ។ ក្រោយពីកម្លាំងជំនាញអនុវត្តន៍នីតិវិធីរួច ជនសង្ស័យត្រូវបានការិយាល័យជំនាញស្នងការនគរបាល រាជធានីភ្នំពេញ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៣ ខែមករានេះ ដេីម្បីចាត់ការបន្តតាមនីតិវិធី ៕

យោងតាមចំម្លើយសារភាពរបស់ជនសង្ស័យ បានប្រាប់ថា រូបគេនិងជនរងគ្រោះជាបងប្អូនជីដូនមួយនិងគ្នា ហើយមូលហេតុដែលឈានទៅដល់ការកាប់សម្លាប់នេះ ដោយសារខ្លួនខ្ចីលុយប្អូនជីដូនមួយចំនួន ២០ដុល្លារ ហើយប្អូនជីដូនមួយមិនឱ្យ ធ្វើឱ្យខ្លួនខឹង ទាញកាំបិតបុ័ងតោកាប់ប្រហារតែម្តង ។ ក្រោយកាប់ហើយ បានរតមកេចខ្លួនទៅព្រំដែនតែម្តង ដោយធ្វើជាកម្មករនៅទីនោះ។

គួររំឮកថា កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ មានករណីឃាតកម្មកាប់សម្លាប់ទៅលើយុវជនម្នាក់ ជានិស្សិតនៅមហា​វិទ្យល័យ​ស្ថាបត្យកម្ម នៅលើផ្ទះលេខ 11E3Z ជាន់ទី៣ ផ្លូវលេខ១៤០ ភូមិ៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា ក្រោយពីសម្លាប់ហើយ ជនសង្ស័យរត់គេចខ្លួនបាត់ជាង ១ឆ្នាំ ទៅលាក់ខ្លួនតាមបណ្តោយព្រំដែនខ្មែរ-ថៃ លុះមកដល់ល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នេះ ជនសង្ស័យ ត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួនបាន ៕