រាជធានីបាងកក៖ អ្នក​គ្រូពេទ្យជនជាតិថៃវ័យក្មេងម្នាក់ បម្រើម្នាក់ការងារ នៅក្នុង​មណ្ឌល​សុខភាព​មួយកន្លែង​ នៅក្នុង​ខេត្ត​ឈៀង​រ៉ា​យ ប្រទេស​ថៃ បានសហការគ្នាជាមួយប្រុសស្នេហ៍ជួញដូរថ្នាំញៀន ក៏សមត្ថកិច្ចថៃចាប់ខ្លួន រួមជាមួយនឹងយ៉ាម៉ាចំនួន៨០០០០០គ្រាប់ កាលពីវេលា​ម៉ោង​១១ ​និង​៤៥​នាទីព្រឹក ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៨ នៅត្រង់ប៉ុស្តិ៍​ត្រួតពិនិត្យ​​យានយន្ត​គ្រប់​ប្រភេទ​មួយកន្លែង ស្ថិតក្នុងស្រុក​ម៉ែ​តាំ ខេត្ត​ផាក់​យ៉ៅ។​

ប្រភពព័ត៌មានពីសមត្ថកិច្ចថៃ បានឲ្យដឹងថា មុនពេលឃាត់ខ្លួន សមត្ថកិច្ចថៃបានដាក់កម្លាំងនៅតាមគោលដៅរបស់ខ្លួនឈរជើង លុះមកដល់វេលាខាងលើ ក៏ប្រទះឃើញអ្នកគ្រូ​ពេទ្យវ័យ​ម្នាក់បាន​បើករថយន្ត​ឆ្លងកាត់ប៉ុស្ដិ៍ត្រួតពិនិត្យរបស់សមត្ថកិច្ច។ នៅពេលនោះ​ សមត្ថ​កិច្ចក៏សុំអ្នកបើកបរឲ្យឈប់ ដើម្បី​ត្រួតពិនិត្យ ក៏រកឃើញនៅ​ក្នុងគូទ​រថយន្ត​ មាន​កាបូបស្ពាយ​ចំនួន​៣។ ភ្លាមៗនោះ សមត្ថកិច្ចបានឆែក​ឆេរមើល ស្រាប់តែប្រទះឃើញមាន​ថ្នាំញៀន ប្រភេទ​យ៉ាម៉ា សរុប​ចំនួន ៣៨០ ០០០ គ្រាប់ ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​ ​នាំយកទៅ​សាកសួរ។

ប្រភពព័ត៌មានដដែល បានបន្តថា បន្ទាប់ពីសាកសួរចម្លើយជាជំហានដំបូងភ្លាម ជនសង្ស័យ(អ្នកគ្រូពេទ្យ)បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថៃថា នាង និងសង្សាររបស់នាងបានរកស៊ីជួញដូរថ្នាំញៀន ដោយយក​ថ្នាំញៀនទាំងនេះ​ចេញពី​ខេត្ត​ឈៀង​រ៉ា​យ ហើយពួកនាងទាំង២នាក់​​បានចែកមុខសញ្ញាគ្នាជា២ គឺរូបនាងផ្ទាល់ត្រូវយកថ្នាំញៀនចំនួន៣៨០០០០គ្រាប់ទៅចែកចាយនៅខេត្ត​ព្រែ ខេត្ត​ត្រាត​ និង​ខេត្ត​រ៉ាំ​ង​ស៊ីត។ ដោយឡែកសង្សាររបស់នាងត្រូវដឹកថ្នាំញៀនចំនួន៤២០០០០គ្រាមតាមរថយន្តណាវ៉ារ៉ា យកទៅក្រុងបាងកក។ លុះពេលនាង​បើករថយន្តមកដល់ចំណុចខាងលើក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន រួមជាមួយនឹងវត្ថុតាងតែម្ដង។

ប្រភពព័ត៌មានដដែល បានបន្តថា យោងតាមចម្លើយនេះ សមត្ថកិច្ចថៃក៏បានទាក់ទងទៅកាន់ស្ថានីយប៉ូលិសផ្សេងៗទៀត ដើម្បីតាមចាប់បុរសស្នេហ៍របស់អ្នកគ្រូពេទ្យដែលកំពុងដឹកថ្នាំញៀនឆ្ពោះទៅកាន់ទីក្រុងបាងកក។ បន្ទាប់ពីមានសេចក្ដីរាយការណ៍បែបនេះ សមត្ថកិច្ចក៏ចាប់ស្ទាក់ផ្លូវ ហើយក៏ចាប់ខ្លួនសង្សាររបស់អ្នកគ្រូពេទ្យខាងលើ នៅក្នុង​ស្រុក​ង៉ាវ ខេត្តឡាំ​ប៉ាង ប្រទេសថៃ រួមជាមួយនឹងថ្នាំញៀន ចំនួន៤២០០០០គ្រាប់។

តាមផែនការរបស់ពួកគេ គឺអ្នកគ្រូពេទ្យនឹងធ្វើ​ដំណើរ​ទៅ​សម្រាកជាមួយមិត្តប្រុស ​នៅក្នុង​សណ្ឋាគារ​មួយកន្លែង នៅក្នុង​ខេត្ត​ឈៀង​រ៉ា​យ ដោយ​ដឹក​ថ្នាំញៀន​ចំនួន ៣៨០ ០០០ គ្រាប់។ ប៉ុន្តែផែនការទាំង២មុខព្រួញនេះ ក៏អស់លក្ខណ៍ត្រូវសមត្ថកិច្ចក្របួចជាប់ រួមជាមួយនឹងថ្នាំញៀនចំនួន៨សែនគ្រាប់។

ក្រោយពេលឃាត់ខ្លួនរួចមក សមត្ថកិច្ចថាបាននាំជនសង្ស័យទាំង២នាក់ទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទា​ទោសតាមច្បាប់៕