សិល្បៈ៖ ប៉ុន្មានថ្ងៃមុននេះ មានការភ្ញាក់ផ្អើលមួយក្នុងពិភពសិល្បៈបន្ទាប់ពីមានស្រ្តីម្នាក់ឈ្មោះ លី ទីណា អាយុ ៤៧ឆ្នាំ រស់នៅស្រុកបកែវ ខេត្ត រតនគិរី បានចេញសារក្នុងហ្វេសប៊ុក និងដើរអួតប្រាប់គេឯងថា លោក ពេជ្រ ថាណា ជាប្តីរបស់នាង ហើយរថយន្តឡិចស៊ីស RX330 គេជាអ្នកទិញឱ្យផងដែរ។

ទាក់ទងជាមួយគ្នានេះ លោក ពេជ្រ ថាណា បាននិយាយថា រឿងនេះលោកជាជនរងគ្រោះមួយរូប ព្រោះលោក មិនមែនជាមនុស្សបែបលក់ខ្លួនដូចគេចោទប្រកាន់នោះទេ ។ លោកបញ្ជាក់ពីដំណើររឿងថា “ខ្ញុំបានស្គាល់នារីម្នាក់ឈ្មោះ លី ទីណា ដោយចៃដន្យទេ ពោលគឺដំបូងឡើយគាត់ (លី ទីណា) បាន Chat ក្នុងហ្វេសប៊ុក ដោយគាត់បានប្រើពាក្យថា គាត់មានការងារចង់ជួបខ្ញុំ ព្រោះគាត់ចង់ហៅខ្ញុំទៅច្រៀងក្នុងកម្មវិធីការប្អូន ដោយគាត់សុំឱ្យខ្ញុំទៅជួបគាត់ នៅសណ្ឋាគារ ស៊ីធីលុច្ស ក្បែរផ្សារថ្មី ។

ពេលនោះគ្រាន់តែខ្ញុំទៅដល់ភ្លាមគាត់សុំថតរូប តែខ្ញុំមិនឱ្យថតក៏បានចេញមកវិញ តែគាត់បានសុំយកវីដេអូ ពេលខ្ញុំដើរចូលសណ្ឋាគារទៅអួតគេ និងគំរាមខ្ញុំថា ខ្ញុំជាប្តីរបស់គេទៅវិញ ពេលនោះខ្ញុំដឹងថា ខ្ញុំចាញ់បោកគេទៅហើយ ប៉ុន្តែដោយសារខ្ញុំជាតារាច្រៀង ខ្លាចប៉ះពាល់ដល់ប្រិយភាព ក៏ព្យាយាមលាក់បាំងរឿងនេះ” ។

លោក ពេជ្រ ថាណា បានបន្តថា ពេលឃើញសកម្មភាពនារីវ័យចំណាស់ធ្វើបែបនេះដាក់ខ្លួន លោកក៏បានដាក់ពាក្យប្តឹងនៅមន្ត្រីប៉ុស្តិ៍នគរបាលស្រុកបកែវម្តរួចមកហើយ គឺសុំឱ្យប៉ូលិសជួយដោះស្រាយ ហើយនារីម្នាក់នេះក៏បានចុះកិច្ចសន្យាថា បញ្ឈប់ការបរិហាកេរ្តិ៍លោកទៀតដែរ ប៉ុន្តែក្រោយមកនារីម្នាក់នេះនៅតែមិនបញ្ឈប់ឡើយ គឺនៅតែបន្តដើរបង្ខូចកេរ្តិ៍ឈ្មោះថា លោកជាប្តីគេ ហើយថែមទាំងថា រថយន្ត ឡិចស៊ីស RX330ដែលលោកជិះរាល់ថ្ងៃគេជាអ្នកទិញឱ្យថែមទៀត ។

តារាចម្រៀងប្រចាំផលិតកម្ម ថោន រូបនេះបន្តថា ព្រោះតែនារីម្នាក់នេះមិនបញ្ឈប់អំពើរបស់ខ្លួន ទើបនៅថ្ងៃទី១០ មករា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ខណៈដែលនារីម្នាក់ខាងលើមកភ្នំពេញ លោកក៏បានប្តឹងប៉ុស្តិ៍នគរបាលផ្សារថ្មី១ ឱ្យជួយដោះស្រាយ ហើយការជួបគ្នានៅមុខនគរបាលនេះដែរ នារីឈ្មោះ លី ទីណា ក៏បានទទួលស្គាល់បញ្ឈប់ធ្វើអំពើដើរនិយាយបង្ខូចកេរ្តិ៍ឈ្មោះលោកដូច្នេះទៀតដែរ ហើយនៅក្នុងកិច្ចសន្យា ក៏មានស្នាមេដៃគាត់ផងដែរ។

ក្រៅពីនេះម្ចាស់បទ «គេមាន បងក្រ» ខាងលើ ក៏បានសង្កត់ធ្ងន់ថា បើលើកនេះ នារីម្នាក់នេះមិនបញ្ឈប់ទេ លោកនឹងធ្វើតាមច្បាប់ ដើម្បីរកភាពស្អាតស្អំរបស់លោកតែម្តង។
ជាមួយគ្នានឹងការរងគ្រោះព្រោះនារីខាងលើនេះ មិនមែនមានតែលោក ពេជ្រ ថាណា ម្នាក់ទេ ពោលគឺ មានតារាសម្តែងលោក គីម ហូ ក៏បានចេញមុខអះអាងថា លោកក៏ជាជនរង់គ្រោះដូចលោក ពេជ្រ ថាណា ផងដែរ ព្រោះនារីម្នាក់នេះ បានដើរប្រាប់គេថា លោកជាប្តីរបស់នាង ដោយលោកគ្រាន់តែស្គាល់តាមហ្វេសប៊ុកដូចគ្នា ហើយគាត់បាន chat មកមិនចេះចប់មិនចេះហើយ ដោយគេប្រាប់លោកថា គេជាថៅកែផលិតកម្មមួយរូប ចង់ជួបលោក តែពេលលោកមិនអើពើជាមួយ គេក៏ទៅដើរនិយាយថា លោកជាប្តីគេទៅវិញ៕