ខេត្តមណ្ឌលគិរី៖ បុរសម្នាក់បើករថយន្តកែច្នៃដំឡូងចេញពីចម្ការ ចុះពីចំណោត ស្រាប់តែក្រឡាប់ផ្ងារជើងទ្រមេឃ បង្កឲ្យភ្ញាក់ផ្អើលឡើង ដល់ប្រជាពលរដ្ឋ រត់ទៅជួយយកអាសា កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នៅជិត​ព្រំដែន​កម្ពុជា​-​វៀតណាម ត្រង់ចំណុច​ប៉ុស្តិ៍​ការពារ​ព្រំដែនអូរ​ជុំ ស្ថិត​ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុម្ព ស្រុក​កែវ​សីមា។

មន្រ្ដីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ឆែ វុន អាយុ​៣៧​ឆ្នាំ មានលំនៅ​ក្នុងភូមិ​ស្បែក​គី ឃុំ​កណ្តោលជ្រំ ស្រុក​ពញា​ក្រែក ខេត្ត​ត្បូងឃ្មុំ។ មុនពេលកើតហេតុ ជនរងគ្រោះបានបើករថយន្ត​ច្នៃ​ដឹក​ដំឡូង ​ចេញពី​ចម្ការ​ ដើម្បី​យក​ទៅ​លក់​ឲ្យ​ស្តង់​ទទួល​ទិញ​ដែល​មាន​ចម្ងាយ​ពី​កន្លែង​កើតហេតុ​ ប្រហែល​១០​គីឡូម៉ែត្រ។ លុះពេលជនរងគ្រោះបើកចុះចេញពីចម្ការបានបន្តិច ដែលជាកន្លែចំណោត បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ បណ្ដាលឲ្យអ្នកបើកបររងរបួសធ្ងន់។

ក្រោយពេលកើតហេតុ សាច់ញាតិ និងក្រុមគ្រួសារបានដឹកជនរងគ្រោះបញ្ជូនទៅសង្រ្គោះ នៅក្នុងមន្ទីរពេទ្យ នៃប្រទេសវេៀតណាម៕