ខេត្តកណ្ដាល៖ ពលរដ្ឋមួយចំនួន រស់នៅក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ក៏ដូចជាប្រជាពលរដ្ឋ រស់នៅតាមបណ្ដាខេត្តដទៃទៀត ដែល​ពី​មុនមក តែងតែប្រកបមុខរបរចិញ្ចឹមជ្រូកលក់តកូនតចៅ ប៉ុន្តែដោយសារមានការនាំចូលជ្រូកពីប្រទេសជិតខាងយ៉ាងគំហុកខ្លាំងពេក ធ្វើឲ្យអ្នកចិញ្ចឹមជ្រូកក្នុងស្រុក ត្រូវខាតបង់មិនអាចទប់ទល់បាន អ្នកខ្លះត្រូវបង្ខំចិត្តបោះបង់ចោលមុខរបរនេះ និងត្រូវធ្វើចំណាកស្រុក​ទៅស៊ីឈ្នួលទាំងប្រថុយប្រថាន នៅក្នុងប្រទេសរបស់គេ ទើបពួកគាត់អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទូទៅ ត្រូវងាកមកនិយមទិញសាច់ជ្រូក​ក្នុង​ស្រុកវិញ ពីព្រោះការបរិភោគសាច់ជ្រូកក្នុងស្រុក វាមិនប៉ះពាល់ដល់សុខភាពរបស់យើង ហើយវាជួយរួមចំណែកបង្កើននូវការងារ​ នៅក្នុងស្រុកទៀតផង។

លោក ហួង គង់ អាយុ៣៣ឆ្នាំ មានលំនៅក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានឲ្យដឹងថា​ ក្នុងនាមខ្ញុំជាអ្នកចិញ្ចឹមជ្រូកលក់ផង និងជាអាជីវករលក់សាច់ជ្រូក នៅក្នុងផ្សារផង ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់មេត្តា1ជួយគាំទ្រ និងជួយទិញសាច់ជ្រូករបស់ខ្មែរយើង។ បើទោះបីជាការលក់តម្លៃថ្លៃជាងសាច់ជ្រូកនាំចូលពីបរទេសក៏ដោយ ប៉ុន្តែសាច់ជ្រូក ក្នុងស្រុក មានរសជាតិឆ្ងាញ់ជាង និងមិនប៉ះពាល់ដល់សុខភាពរបស់អ្នកទទួលទាននោះឡើយ ពីព្រោះអ្នកចិញ្ចឹមជ្រូកក្នុងស្រុក មិនសូមប្រើប្រាស់នូវចំណីអាហារ​មានលាយនូវសារធាតុគីមីច្រើន ដូចការចិញ្ចឹមជ្រូករបស់បរទេស។

អ្នកកាប់ជ្រូកលក់ដដែល បានបន្តថា សូមបងប្អូនកុំមានទស្សនៈថា អាណា(សាច់ជ្រូក)ថោក ទិញអាហ្នឹង!..យើងគួរតែគិតពីប្រយោជន៍រួមទាំងសុខភាពរបស់យើងជាអ្នកទទួលទាន ទើបវាជាការសំខាន់ ហើយវាប្រសើរជាងយើងយកប្រាក់ទៅចាយវាយ និងទិញសាច់ជ្រូកដែលនាំចូលពីប្រទេសជិតខាង។ ម្យ៉ាងទៀត កាលណាយើងនិយមទិញ ឬប្រើប្រាស់ផលិតផលដែលផលិត នៅក្នុងស្រុករបស់យើង គឺជាការរួម​ចំណែកមួយដ៏ធំធេង ក្នុងការចូលរួមលើកស្ទួយនូវជីវភាពរបស់ប្រជាពលរដ្ឋខ្មែរយើងទៀត។

សាច់ជ្រូកដែលអាជីវករដាក់លក់តាមទីផ្សារ

អ្នកកាប់ជ្រូកដដែល បានបន្តថា មួយវិញទៀត បើយើងទាំងអស់គ្នាគាំទ្រ និងទិញសាច់ជ្រូកក្នុងស្រុករបស់ខ្មែរយើង គឺមានន័យថា យើងបានចូលរួម និងជួយឲ្យពលរដ្ឋខ្មែរយើងមានការងារធ្វើ ជាពិសេសជាងនេះទៅទៀត គឺដើម្បីសុខុមាភាពរបស់យើងគ្រប់គ្នា។ សព្វថ្ងៃនេះប្រជាពលរដ្ឋខ្មែរយើង ភាគច្រើនស្ទើរតែបោះបង់ចោលនូវមុខរបរចិញ្ចឹមជ្រូកលក់នេះទៅហើយ ដោយសារតែការទិញចំណីជ្រូកថ្លៃ ពោលគឺក្នុងមួយ​បាវ មានតម្លៃរហូតដល់ទៅជាង១សែនរៀល។ លុះពេលពួកគាត់យកជ្រូកដែលចិញ្ចឹមបាននោះទៅលក់វិញ គឺលក់បានត្រឹមតែតម្លៃ​៥០០០រៀល ក្នុង១គីឡូ​ក្រាមតែប៉ុណ្ណោះ។

អ្នកកាប់ជ្រូកលក់ដដែល បានបន្តថា សព្វថ្ងៃនេះ មិនដូចចាស់ៗពីដើមដែលចិញ្ចឹមជ្រូក ដោយហាន់ដើមចេកលាយកន្ទក់ ឬបង្ហូរស្រា យក​កាកបាយ និងបាយកកឲ្យជ្រូកស៊ីនោះទេ។ កាលណោះ អ្នកខ្លះបានទិញចំណីមកឲ្យជ្រូកស៊ីដែរ គឺក្នុង១បាវ តម្លៃមានតម្លែត្រឹម​តែ​៤-៦ម៉ឺនរៀល និងចិញ្ចឹមរយៈពេលពី៤-៦ខែ ទើបជ្រូកគ្រប់គីឡូ សម្រាប់លក់។ ប៉ុន្តែនៅពេលអ្នកចិញ្ចឹម យកជ្រូកនោះទៅលក់វិញ គឺមានតម្លៃចាប់​ពី​៨​ពាន់-១ម៉ឺនរៀល ក្នុង១គីឡូក្រាម។ លុះមកដល់អំឡុងឆ្នាំ២០១៤ រហូតមកដល់ឆ្នាំ២០១៨នេះ តម្លៃជ្រូករស់ បានចុះថោកដល់កម្រិត​ គឺ៥​ពាន់​រៀល ក្នុង១គីឡូក្រាម រីឯចំណីរបស់វាវិញ គឺឡើងថ្លៃដល់១២ម៉ឺនរៀល ក្នុង១បាវ។ បើយើងចិញ្ចឹមជ្រូក ទម្រាំបានលក់ គឺត្រូវ​ប្រើរយៈពេល ចាប់​ពី៣ខែកន្លះទៅ៥ខែ។

អាជីវករកាប់ជ្រូកលក់ដដែល បានបន្តថា សូម្បីតែអ្នកចិញ្ចឹមជ្រូកលក់ ដោយបង្ហូរស្រា យកកាកបាយឲ្យជ្រូកស៊ី នាពេលបច្ចុប្បន្ននេះ ក៏ជួបប្រទះនឹងបញ្ហាខ្លាំងដែរ ពីព្រោះសព្វថ្ងៃនេះ ស្រាស និងស្រាថ្នាំ គឺពួកគាត់លក់មិនសូវដាច់ ស្របពេលពលរដ្ឋខ្មែរយើងឥឡូវ និយម​ចូលចិត្តហូបតែស្រាបៀរ។ ដូច្នេះហេតុផលទាំងនេះហើយ ទើបបណ្ដាលឲ្យអ្នកចិញ្ចឹមជ្រូកក្នុងស្រុក ត្រូវខាតបង់ធ្ងន់ធ្ងរ ខ្លះចិញ្ចឹមប៉ះជ្រូកមានជំងឺផង គួបផ្សំនឹងចំណីថ្លៃទៀតនោះ ទើបធ្វើឲ្យអ្នកចិញ្ចឹមត្រូវខាតបង់ និងក្ស័យធនអស់ជាច្រើន ហើយត្រូវបង្ខំចិត្តបោះបង់ចោល។

អាជីវករកាប់ជ្រូកលក់ដដែល បានបន្តថា បើអ្នកខ្លះ ពួកគាត់ទៅចងការប្រាក់ពីធនាគារ ដើម្បីយកមកធ្វើដើមទុន ចិញ្ចឹមជ្រូកវិញ គឺកាន់​តែជួបនឹងការខាតបង់ឡុងចុង ជំពាក់លុយធនាគារវណ្ឌក គ្មានលទ្ធភាពសង រហូតរត់ចោលស្រុកក៏មាន និងខ្លះទៀតដូរមុខរបរថ្មី ឬត្រូវ​បង្ខំចិត្តធ្វើការចំណាកស្រុកចោលកូនប្រពន្ធ ដើម្បីរកប្រាក់មកសងធនាគារ។ សម្រាប់បងប្អូនទាំងនោះ គឺពួកគាត់មិនចង់ធ្វើចំណាក​​ស្រុកទៅធ្វើការងារ នៅក្នុងស្រុកគេទាំងប្រថុយប្រថានបែបនេះទេ ប៉ុន្តែធ្វើយ៉ាងម៉េច បើកត្តាជីវភាពតម្រូវឲ្យពួកគាត់ត្រូវតែចាកចេញពី​ភូមិឋានបែបនេះ។ និយាយរួម ទាំងរូបខ្ញុំផ្ទាល់ និងបងប្អូនប្រជាពលរដ្ឋដែលធ្វើចំណាកស្រុកទាំងនោះ គឺគ្មានអ្នកណាម្នាក់ចង់ចាកចោលស្រុក​កំណើត ប្រទេសកំណើត និងប្រពន្ធកូនរបស់ខ្លួននោះទេ ប៉ុន្តែឲ្យពួកគាត់ធ្វើយ៉ាងម៉េច បើទ្រាំរស់នៅ គឺអត់មានអីហូប។ បើក្រឡេក​មើល​ដីស្រែក៏មានតិចតួច ដូច្នេះចង់ឬមិនចង់ ក៏ត្រូវតែបង្ខំចិត្តចាកចោលស្រុកកំណើត ប្រពន្ធកូនជាទីស្រឡាញ់របស់ខ្លួន ដើម្បី​រកលុយហើយ។

ជ្រូកដែលក្រុមឈ្មួញនាំចូលមកពីប្រទេសជិតខាង

អ្នកកាប់ជ្រូកដដែល បានបន្តទៀតថា បើប្រជាពលរដ្ឋខ្មែរយើងងាកមកនិយមចូលចិត្តទិញសាច់ជ្រូក ឬផលិតផលដែលផលិត នៅក្នុងប្រទេសខ្មែររបស់យើង មានន័យថា បងប្អូនប្រជាពលរដ្ឋបានជួយស្វែងរកការងារឲ្យបងប្អូនខ្មែរយើងមានការងារធ្វើ ជួយដល់ជីវភាពខ្មែរ​យើងឲ្យធូរធារ តាមរយៈការលើកស្ទួយផលិតកម្មក្នុងស្រុក ហើយការធ្វើចំណាកស្រុក ក៏នឹងអាចជួយកាត់បន្ថយផងដែរ។

ជាមួយគ្នានេះដែរ ចិនកាប់ជូូកខាងលើនេះ ក៏បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋឈ្វេងយល់ពីភាពខុសគ្នា រវាងសាច់ជ្រូកក្នុងស្រុក និងសាច់ជ្រូកនាំចូលពីប្រទេសជិតខាង ដែលត្រូវកត់សម្គាល់ដូចខាងក្រោមនេះ៖ ជ្រូកខ្មែរយើងដែលស៊ីចំណីធម្មជាតិ គឺមានខ្លាញ់ច្រើន មានសាច់ពណ៌ផ្កាឈូក។ រីឯសាច់ជ្រូកក្រុមហ៊ុន មានខ្លាញ់តិច មានសាច់ពណ៌ក្រហម។ ដោយឡែកសាច់ជ្រូកដែលនាំចូលពីវៀតណាមឬប្រទេស​ថៃវិញ គឺមានសាច់ពណ៌ក្រហម​ដិតក្រមៅ សាច់ស្ទើរតែដល់ស្បែក ឬស្ទើរតែគ្មានជាតិខ្លាញ់អ្វីបន្តិចសោះ។

កសិករខែ្មរចិញ្ចឹមជ្រូកតាមផ្ទះ

ជាចុងក្រោយនេះ ចិនកាប់ជ្រូកលក់ដដែល​ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលបានងាកមកនិយមទិញសាច់ជ្រូកដែលបងប្អូនប្រជាពលរដ្ឋខែ្មរយើងចិញ្ចឹមក្នុងស្រុក និងនិយមទិញផលិតផលក្នុងប្រទេសខែ្មរយើង យកមកប្រើប្រាស់៕