ខេត្តព្រះសីហនុ៖ កប៉ាល់ទេសចរណ៍យក្សមួយគ្រឿងដឹកភ្ញៀវទេសចរបរទេសជិត២ពាន់នាក់ បានចូលមកចត នៅក្នុងកំពង់ផែខេត្តព្រះសីហនុ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃព្រហស្បតិ៍ ខែបុស្ស ឆ្នាំរការ នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨។

មន្រ្ដីកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឲ្យដឹងថា នាវាទេសចរណ៍១គ្រឿងដែលចូលចតនៅក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ​ កាលពីព្រឹក​មិញនេះ ឈ្មោះ Costa Victoria ។ នាវានេះបានធ្វើនាវាចរចាកចេញពីកំពង់ផែ Laem Chabang ខេត្ត Chonburi ប្រទេសថៃ មុននឹងវាចូលមកចត នៅក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុរបស់ប្រទេសកម្ពុជាយើង។

មន្រ្ដីកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ បានបន្តថា នាវាទេសចរណ៍ខ្នាតយក្សមួយនេះ មានផ្ទុកអ្នកដំណើរចំនួន ១៩១៥នាក់ (ស្រី ១០២០ នាក់) និងនាវិកចំនួន ៧៨៧នាក់ (ស្រី១៣០នាក់)។ នាវាទេសចរណ៍មួយគ្រឿងនេះ នឹងចាកចេញពីកំពង់ផែស្វយ័ត ក្រុងព្រះសីហនុឆ្ពោះទៅកាន់ កំពង់ផែ នៃប្រទេសប្រទេសសិង្ហបុរី នៅវេលាម៉ោង៧យប់ ថ្ងៃដដែលនេះ៕