រាជធានីបាងកក៖ យុវជនវ័យក្មេង២នាក់​ បានទាក់ទងគ្នាតាមបណ្ដាញសង្គមហ្វេសប៊ុកចុះឡើង ក៏ចាប់ចិត្តប្រតិព័ទ្ធនឹងគ្នា ហើយដឹកដៃគ្នា ចូលរោងការ​ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ នៅក្នុងផ្ទះលេខ១ ឃុំបាងថៃ ស្រុកបាងថៃ ខេត្តនគររាជ ប្រទេសថៃ។

បើតាមសារព័ត៌មានថៃ បានឲ្យដឹងថា យុវជនទាំង២នាក់ដែលស្រឡាញ់ភេទដូចគ្នា ហើយដឹកដៃគ្នារៀបការនោះ ទី១-ឈ្មោះ Piraphon Pimma អាយុ២២ឆ្នាំ (ធ្វើជាកូនក្រមុំ) មុខរបរជាបុគ្គលិករោងចក្រ នៅក្នុងនគររាជ និងទី២-ឈ្មោះ Viphon Chaysirikon អាយុ​២៨​ឆ្នាំ (ធ្វើជាកូនកំលោះ)។

ប្រភពព័ត៌មាន បានបន្តថា កាលពីជាង២ឆ្នាំមុន ពួកគេទាំង២នាក់បានស្គាល់គ្នា តាមបណ្ដាញសង្គមហ្វេសប៊ុក ហើយក៏រាប់អានគ្នា និងឧស្សាហ៍ទាក់ទាងគ្នាទៅវិញទៅមក។ ដោយសារពួកគេមានទំនោរទៅលើភេទដូចគ្នា ក៏ចាប់ផ្ដើមកត់សម្គាល់ពីអត្តចរិតគ្នា ហើយមើលឃើញ​ថា ពួកគេសុទ្ធតែមានចិត្តស្មោះត្រង់នឹងគ្នា ដោយអត់មានអ្នកណាចេះកុហក ឬក្បត់គ្នានោះឡើយ។ ចាប់តាំងពីនោះមក ពួកគេក៏ចាប់ផ្ដើមស្រឡាញ់គ្នា រហូតបាត់មុខគ្នាលែងបាន។

ប្រភពព័ត៌មានដដែល បានបន្តថា ក្រោយពីពួកគេមើលចិត្តគំនិតគ្នាអស់រយៈពេល២ឆ្នាំរួចមក ពួកគេបាននាំគ្នាខិតខំសន្សំលុយកាក់ ហើយ​ព្រមព្រៀងចូលស្ដីដណ្ដឹង និង​រៀប​ការតាមប្រពៃណីរបស់ថៃ ដោយខាងបុរសដែលដើរតួនាទីជាកូនកំលោះ បានជូនថ្លៃបណ្ណាការដល់បុរស​ដែលដើរតួជាកូនក្រមុំ ចំនួនចំនួន១សែនបាត (ប្រាក់ថៃ) មាសថៃ២បាត មានតម្លៃប្រហែល៦ម៉ឺនបាត និងចិញ្ចៀន២វង់។

ប្រភពព័ត៌មានដដែល បានបន្តថា នៅក្នុងពិធីអាពាហ៍ពិពាហ៍របស់គូស្នេហ៍ខាងលើនេះ មានការចូលរួមពីសាច់ញាតិ និងភ្ញៀវទាំងសង​ខាង ប្រកបដោយទឹកមុខសប្បាយរីករាយជាបំផុត ហើយសាច់ញាតិទាំងសងខាងក៏បានជូនពរដល់កូនកំលោះក្រមុំមួយគូនេះ សូមឲ្យពួកគេ​ស្រឡាញ់គ្នា រហូតដល់ចាស់ស្លាប់រៀងៗខ្លួន។

ដោយឡែកយុវជនដែលដើរតួជាកូនក្រមុំ បាននិយាយយ៉ាងខ្លីថា ដោយសារតែកូនកំលោះជាមនុស្សស្លូតបូត មានចិត្តស្មោះត្រង់ ទើបនឹងសុខចិត្តស្រឡាញ់ និងព្រមព្រៀងរៀបការជាមួយគាត់៕