ប្រទេស​ថៃ​៖​ ​ពលករ​ខ្មែម្នាក់ទៅបម្រើ​ការងារ ​នៅ​ក្នុង​ប្រទេស​ថៃ​ បានផឹកស៊ីជាមួយនឹងជនជាតិខ្មែរដូចគ្នា ស្រាប់តែទាស់ពាក្យសម្ដីគ្នាជាមួយនឹងជនជាតិថៃ ក៏ត្រូវជននោះទាញបុ័ងតោ កាប់ស្លាប់ នៅក្នុងថ្លុកឈាម បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពី​វេលា​ម៉ោង​៧​ និង​៣០​ នាទី​យប់​ ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០១៧​ នៅខាង​មុខ​អគារ​ស្នាក់​នៅ​របស់​កម្មករ​របស់​ក្រុមហ៊ុន​​អ៊ី​តា​លៀន​ថៃ​ ឌី​វើ​លុប​ភើ​មេន​ ក្បែរច្រកចូល​សណ្ឋាគារ​ប៉ា​ធុម​ផា​ឡាស់​ ស្ថិតក្នុង​ឃុំ​បាន​ម៉ៃ​ ស្រុក​មឿង​ ខេត្ត​ប៉ា​ធុម​ថា​នី​ ប្រទេស​ថៃ​។​

បើតាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចថៃ បានឲ្យដឹងថា ជនរងគ្រោះនៅក្នុុងអំពើឃាតកម្មនោះ ឈ្មោះ​ ធុ​ច​ ចង្រិត​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ ជា​ពលករ​ខ្មែរ។ ​នៅ​កន្លែង​កើតហេតុ ​គេ​សង្កេត​ឃើញ​មាន​កម្មករ​​ជា​ច្រើន​នាក់​ បាន​ឈរ​ចោមរោម​មើល​សព​ពលករ​ខ្មែរ​ម្នាក់ ​ដែល​បាន​ដេក​ស្លាប់​ស្តូកស្តឹង នៅ​ក្នុង​ថ្លុកឈាម​។ ក្រោយ​ពេលកើតហេតុ ​សមត្ថកិច្ច​ថៃ​បាន​ចុះ​ទៅ​ពិនិត្យ​សព រក​ឃើញ​មាន​ស្នាម​កាប់​នឹង​វត្ថុ​មុត​ស្រួច​ចំនួន​២​កន្លែង​ គឺ​ក្បាល​ផ្នែក​ខាងក្រោយ​មួយ​កន្លែង​ និង​ដៃស្តាំ​មួយ​កន្លែង​។​

ប្រភពព័ត៌មានដដែល បានបន្តថា មុនពេលកើតមាននូវអំពើឃាតកម្មនោះ ជនរងគ្រោះ និងមិត្តភក្ដិរបស់គេម្នាក់ទៀតដែលជាជនជាតិ​ខ្មែរបាននាំគ្នាផឹកស្រា នៅមុខបន្ទប់របស់ពួកគេស្នាក់នៅ។ លុះ​ពេល​ពួកគេស្រវឹង​ ទំនងជា​មានការ​ទាស់សម្តី​គ្នា​ ហើយត្រូវ​ភាគី​ម្ខាងទៀត​ទាញ​កាំបិត​បុ័ងតោ​ កាប់​ប្រហារទៅលើជនរងគ្រោះ បណ្ដាលឲ្យស្លាប់យ៉ាងអណោចអធ័ម នៅក្នុងថ្លុកឈាម។

បើតាមសម្ដីរបស់អ្នកស្រី សិរី​ផា​ន់​ សែន​ផាប​ អាយុ​៤៩​ឆ្នាំ​ បាន​ឲ្យដឹងថា ​មុនពេលមានការភ្ញាក់ផ្អើលពីករណីអំពើឃាតកម្មនោះ គាត់​កំពុង​​ឈរ​ជជែក​គ្នា​លេង​ជាមួយនឹង​អ្នកគ្រប់គ្រង​អគារ​ស្នាក់​នៅ​របស់​កម្មករ​ នៅ​ឯ​ប៉ុស្តិ៍​យាម​ខាង​មុខ​។ លុះបន្តិចក្រោយមក គាត់​បានឃើញ​ពលករ​ខ្មែរ​ម្នាក់​(​ជនសង្ស័យ​)​ ស្លៀកខោ​ជើងវែង​ ពាក់​អាវដៃវែង​ ពណ៌​ខៀវ​ គ្មាន​ពាក់ទ្រនាប់ជើង ​ដើរ​ចេញ​មកក្រៅ​ ដោយ​បានប្រាប់អ្នកយាម និងគាត់​ថា​ សុំ​ទៅ​ទិញ​សាច់​ក្លែម​នៅខាងក្រៅ​មួយ​ភ្លែត​។ រីឯ​ជននោះក៏​គេចខ្លួនបាត់​រហូត​ ​ទើបក្រោយមកក៏​ដឹង​ថា​ មាន​ករណី​ឃាតកម្មបែបនេះកើតឡើងតែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចថៃបានចុះទៅពិនិត្យ និងស្រាវជ្រាវ​ស្វែងរក​អត្តសញ្ញាណ ​ដើម្បី​រៀបចំ​បញ្ជូន​សាកសពមកឲ្យ​ក្រុម​គ្រួសារ​ និងសាច់ញាតិ​ នៅ​ឯ​ប្រទេស​កម្ពុជា​វិញ​។ ដោយឡែក​ជនសង្ស័យវិញ គឺសមត្ថកិច្ចថៃបាន​ស្គាល់​សាវតារ​ច្បាស់​ហើយ និងកំពុង​តាម​រក​​ចាប់ខ្លួន​ នាំ​ទៅ​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​៕