(ភ្នំពេញ)៖ រោងភាពយន្ត​លេជេន (Legend Cinema) ដែលជារោងភាពយន្តទំនើបដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា នឹងកំពុងតែទទួលបានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន នឹងរៀបចំព្រឹត្តិការណ៍​ដ៏ធំមួយ គឺព្រឹត្តិការណ៍​ភាពយន្តប្រចាំឆ្នាំ២០១៧ (Movie of The Year 2017) ជាលើកទីពីរ ក្នុងគោលបំណងបន្តការចូលរួមលើកស្ទួយ វិស័យភាពយន្តនៅកម្ពុជា។​

ព្រឹត្តិការណ៍ភាពយន្តប្រចាំឆ្នាំ​២០១៧ (Movie of The Year 2017) នេះ នឹងត្រូវប្រារព្ធឡើង នៅរោងភាពយន្តលេជេន ទួលគោក ក្នុងបរិវេណផ្សារទំនើប TK Avenue ចាប់ពីម៉ោង​៤៖០០នាទីរសៀល​តទៅ។ កម្មវិធីនេះ នឹងមានអ្នកចូលរួម ពីសំណាក់សិល្បករ ផលិតករ ប្រមាណជាង៣០០នាក់។ ​ក្រៅពីការបង្កើតបរិយាកាស ក្នុងការទំនាក់ទំនងរវាង អ្នកពាក់ព័ន្ធនៅក្នុង វិស័យភាពយន្តនៅកម្ពុជា រោងភាពយន្តក៏មានគោលបំណងដ៏ធំមួយ ក្នុងការចូលរួមលើកកម្ពស់ ការផ្សព្វផ្សាយវិស័យខ្សែភាពយន្ត នៅកម្ពុជាផងដែរ។​


អ្វីដែលកាន់តែពិសេសសម្រាប់កម្មវិធីនេះគឺ ក៏មានការចូលរួមពីសំណាក់ តារាចម្រៀងល្បីៗ ពីផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណរាជ និងក្រុមរាំ 4Nix សម័យទំនើបល្បីៗផ្សេងៗទៀត ​ដើម្បីអោយកម្មវិធីកាន់តែមានភាពអធិកអធម និងសប្បាយរីករាយ​។​
លោក ព្រំ បញ្ញាវ័ន្ត តំណាងផ្នែកទីផ្សារ របស់រោងភាពយន្តលេជេន បានថ្លែងឲ្យដឹងថា ក្រុមហ៊ុន និងផលិតកម្មធំៗចំនួន ៣ នឹងត្រូវបានអញ្ជើញឲ្យចូលរួម ក្រោយពីខ្សែភាពយន្តរបស់ពួកគេ បានក្លាយជាខ្សែភាពយន្តដ៏ល្បីពេញនិយមប្រចាំឆ្នាំ និង​រកប្រាក់ចំណូលបានខ្ពស់ច្រើនជាងគេ ដូចជា ក្រុមហ៊ុននាំចូលនិង ចែកចាយភាពយន្ត​ WML, ផលិតកម្ម LD Picture និងផលិតកម្ម Kongchak Pictures ជាដើម។
​ផលិតករ និងក្រុមហ៊ុនទាំងអស់ នឹងមានឱកាស បង្ហាញពីគម្រោងក្នុងការផលិត និងការត្រៀមដាក់បញ្ចាំងខ្សែភាពយន្តថ្មីៗ របស់ពួកគេនាពេលអនាគត ក្នុងឱកាសនេះ​។
លោក​ ព្រំ បញ្ញាវ័ន្ត បានថ្លែងបន្តឲ្យដឹងទៀតថា នៅក្នុងនោះយើងបានជ្រើសរើសខ្សែភាពយន្តចំនួន១០រឿង ទាំងរឿងជាតិ និងអន្តរជាតិ ដែលរកប្រាក់ចំណូលបានច្រើនជាងគេប្រចាំឆ្នាំ២០១៧នៅរោងភាពយន្តលេជេន មកដាក់ប្រកួតប្រជែងគ្នា ដើម្បីស្វែងរករឿងដែលល្អជាងគេ តាមរយៈការបោះឆ្នោតពីសំណាក់ប្រិយមិត្ត នៅលើគ្រប់គេហទំព័ររបស់រោងភាពយន្តលេជេន។
ការបោះឆ្នោតមាន២ដំណាក់កាលធំៗ:
+ដំណាក់កាលទី១: ពានរង្វាន់ខ្សែភាពយន្តខ្មែរប្រចាំឆ្នាំ២០១៧
ចាប់ពីថ្ងៃទី១៥ រហូតដល់់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧។
+ដំណាក់កាលទី២:​ ពានរង្វាន់ខ្សែភាពយន្តប្រចាំឆ្នាំ២០១៧
ចាប់ពីថ្ងៃទី២១ រហូតដល់់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧។
លទ្ធផលបន្ទាប់ពីការបោះឆ្នោតនេះ នឹងត្រូវបានយកមកប្រកាសនៅអំឡុងនៃកម្មវិធី ខ្សែភាពយន្តប្រចាំឆ្នាំ ២០១៧ ជាមួយនឹងពានរង្វាន់ និងលិខិតសរសើរ ពីរោងភាពយន្តលេជេនដោយផ្ទាល់​ហើយសម្រាប់ផលិតករដ៏ទៃៗទៀតដែលមិនបានទទួលជ័យលាភីនៅយប់នោះក៏ទទួលបាននៅលិខិតសរសើរផងដែរ សម្រាប់ខ្សែភាពយន្តដែលមានប្រជាប្រិយភាពជាងគេប្រចាំឆ្នាំ២០១៧ ក្នុងចំណោមខ្សែភាពយន្តជាច្រើនរឿងដែលបានចាក់បញ្ចាំងនៅរោងភាពយន្តលេជេន ចាប់ពីដើមខែមករា រហូតដល់ ពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៧។
ដើម្បីបន្តការលើកតម្កើងបន្ថែមទៀតនៅខ្សែភាពយន្តខ្មែរ សម្រាប់រឿងខ្មែរដែលឈ្នះពានរង្វាន់ខ្សែភាពយន្តខ្មែរឆ្នើម នៅអំឡុងនៃកម្មវិធីនឹងត្រូវបានយកមកបញ្ចាំងឡើងវិញសម្រាប់ភ្ញៀវកិត្តិយសដែលអញ្ជើញមកចូលរួមក្នុងរាត្រីនៃកម្មវិធីផងដែរ។
ជាចុងក្រោយ រោងភាពយន្តមានសេចក្តីថ្លែងអំណរគុណយ៉ាងខ្លាំងដល់ម្ចាស់ឧបត្ថម្ភធំពី ក្រុមហ៊ុននាំចូលនិង ចែកចាយភាពយន្ត​​ WML ផលិតកម្ម Kongchak Pictures អេអាយអេ (ខេមបូឌៀ) ឡាយហ៏​ អ៊ិនសូរេន (​AIA)​, Uber, សហការឧបត្ថម្ភដោយ KOI Café​, Joma Café Bakery Cambodia និងបណ្តាឧបត្ថម្ភផ្សេងៗទៀត។