ខេត្តកណ្ដាល៖ រថយន្តបែនមួយគ្រឿងបើកបោះពួយយ៉ាងលឿន ស្រាប់តែរេចង្កូតទៅបុកម៉ូតូពេញទំហឹង ខ្ទាតទាំងម៉ូតូ និងមនុស្សបោកទៅលើថ្នល់ បណ្ដាលឲ្យស្លាប់យ៉ាងអណោចអធ័មចំនួន៤នាក់​ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ នៅលើដងផ្លូវជាតិលេខ៤១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១-២ ស្ថិតក្នុងភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល។

អ្នកបើកបររថយន្ត បង្កឲ្យមានមនុស្សស្លាប់

មន្ត្រីនគរបាលចរាចរស្រុកអង្គស្នួល បានឲ្យដឹងថា​ រថយន្តបែនបង្ក ម៉ាកនីស្សាន់ ពណ៌ទឹកប៊ិក ពាក់ស្លាកលេខ តាកែវ 3A-2777 បើកបរដោយឈ្មោះ សេង ចាន់ឌឿន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបើកបររថយន្ត មានលំនៅក្នុងភូមិត្រពាំងស្យា ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ់។ រីឯម៉ូតូរងគ្រោះ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CW​-4614 បើកបរដោយឈ្មោះ ម៉ន ជីមី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបជាកម្មករ (ពាក់មួកសុវត្ថិភាព) និងអ្នករួមដំណើរជាមួយចំនួន៣នាក់ រួមមាន ទី១-ឈ្មោះ ហៀង គឹមសាន ភេទស្រី អាយុ២៤ឆ្នាំ មុខរបរជាកម្មការិនី (ត្រូវជាប្រពន្ធ ពាក់មួកសុវត្ថិភាព) ទី២-ឈ្មោះ ម៉ន សម្បត្តិ អាយុ២ឆ្នាំ (ត្រូវជាកូន) និងទី៣-ឈ្មោះ ខេម ស្រីម៉ី អាយុ៩ឆ្នាំ ត្រូវជាក្មួុយ( ពាក់មួកសុវត្ថិភាព)។ ជនរងគ្រោះទាំងបួន មានលំនៅក្នុងភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតមាននូវគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នោះ គេឃើញបុរសរងគ្រោះបើកម៉ូតូ ម៉ាកហុងដាឌ្រីម(មានកញ្ចក់) ដឹកប្រពន្ធ​​ កូន និងក្មួយ តាមបណ្ដោយ​ផ្លូវជាតិលេខ​៤១ ក្នុងទិសដៅពីត្បូងទៅជើង (កំពង់ត្រាំទៅថ្នល់ទទឹង) បញ្ច្រាសទិសគ្នាជាមួយនឹងរថយន្តបង្ក បើកបោះពួយយ៉ាងលឿន។ លុះពេលរថយន្តបើកមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុកម៉ូតូពេញទំហឹង ខ្ទាតទាំងម៉ូតូ និងមនុស្សបោកទៅលើថ្នល់ បណ្ដាលឲ្យជនរងគ្រោះទាំង៤នាក់ ស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័មមួយរំពេច។

មន្ត្រីនគរបាលចរាចរដដែល បានបន្តថា បន្ទាប់កើតហេតុភ្លាម សមត្ថកិច្ចក៏បានចុះទៅឃាត់ខ្លួនអ្នកបើកបររថយន្តបង្ក ហើយនាំទៅកាន់អធិការដ្ឋាននគរបាល និងធ្វើតេស្តទឹក​នោម ដោយពុំមានសារធាតុញឿននៅក្នុងខ្លួននោះទេ។ សមត្ថកិច្ចបានសន្និដ្ឋានថា ករណីនេះអាចបណ្តាលមកពីអ្នកបើកបររថយន្តមិនប្រកាន់ស្ដាំ ហើយអ្នកបើកបរម៉ូតូបើកបរក្នុងល្បឿន​លឿន វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់។

រថយន្តបង្ក

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានយករថយន្តទៅរក្សាទុក នៅក្នុងអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ និងប្រគល់សាកសពជនរងគ្រោះទៅឲ្យសាច់ញាតិ​ដឹកទៅធ្វើបុណ្យតាមប្រពៃណី៕