ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ បានអញ្ជើញជួបសំណេះសំណាលផ្តល់កិត្តិយស ប្រគល់ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាល ជូនដល់កីឡាករ កីឡាការិនី ដែលបានឈ្នះមេដាយមាស ក្នុងការប្រកួត SEA Games លើកទី២៩ និងការប្រកួតជើងឯក គ្រប់កម្រិតអន្តរជាតិ នាពេលកន្លងទៅថ្មីៗនេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្ដែងនូវសប្បាយរីករាយ និងអបអរសាទរចំពោះកីឡាករ-កីឡាការីនី ជាម្ចាស់ជយលាភីចំនួន២១១នាក់ ដែលទទួលបានមេដាយមាស មេដាយប្រាក់ និងមេដៃសំរិទ្ធ។ សម្តេចតេជោ បានកោតសរសើរ និងអរគុណចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករម្នាក់ៗ និងការខិតខំរបស់ក្រសួងអប់រំយុវជន និងកីឡា សហព័ន្ធកីឡា គ្រូបង្វឹកទាំងអស់ ដែលកន្លងមកបានចូលរួមយ៉ាងសកម្ម ក្នុងការជំរុញវិស័យកីឡាជាតិ ឲ្យកាន់តែរីកចម្រើនឡើងជាលំដាប់។

នៅក្នុងថ្ងៃនេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់នូវថវិកាផ្ទាល់ខ្លួន ឧបត្ថម្ភលើកទឹកចិត្តដល់កីឡាករ កីឡាការិនី ជាម្ចាស់ជយលាភី និងគ្រូបង្វឹកចំនួន១០៩០០០ដុល្លារសហរដ្ឋអាមេរិក បន្ថែមពីលើថវិការបស់រាជរដ្ឋាភិបាល ដែលបានចំណាយប្រមាណ ១២​ពាន់៥០០លានរៀល។ នេះគឺជាការលើកទឹកចិត្តយ៉ាងខ្លាំងដល់កីឡាករ កីឡាការិនី ដើម្បីជំរុញឲ្យពួកគេខិតខំប្រឹងប្រែងខ្លាំងឡើងបន្ថែមទៀត។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោបានណែនាំ និងលើកទឹកចិត្ដល់តក្មួយៗជាកីឡាករ ត្រូវប្រកាន់ខ្ជាប់នូវភាពថ្លៃថ្នូរ ស្អាតស្អំ កុំធ្វើដើម្បីតែប្រាក់មួយមុខ។ ព្រោះនេះជាកិត្តិយសរបស់កីឡាករផ្ទាល់ខ្លួនផង និងជាកិត្តិយសរបស់ជាតិទៀតផង។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបំពាក់គ្រឿងឥស្សរិយយសដល់កីឡាករ កីឡាការីនីដែលទទួលបានមេដាយខាងលើ និងបានជូនពរដល់កូនក្មួយៗជាកីឡាករ កីឡាការិនីទាំងអស់ ឲ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ជាពិសេស នៅក្នុងការប្រកួតកីឡា SEA Games នៅក្នុងប្រទេសកម្ពុជា នាឆ្នាំ២០២៣ខាងមុខនេះ។ ពិធីនេះបានបញ្ចប់ប្រកបទៅដោយបរិយាកាសយ៉ាងស្និទ្ធស្នាល និងរីករាយជាទីបំផុត៕