រាជធានីបាងកក៖ ពលករខ្មែរមួយក្រុមមានគ្នា២០នាក់ បានជិះរថយន្តទៅស្វែងរកការងារធ្វើដោយខុសច្បាប់ នៅក្នុងប្រទេសថៃ តាមរយៈមេខ្យល់អូសទាញ បានជួបនឹងគ្រោះអកុសល ត្រូវរថយន្តបើកគេចពីតម្រួតថៃ បណ្ដាាលឲ្យក្រឡាប់ស្លាប់ចំនួន៤នាក់ និងរងរបួសចំនួន​៤​នាក់ ហើយអ្នករួម​ដំណើរជាមួយចំនួន១២នាក់ផ្សេងទៀត បានរត់គេចខ្លួនបាត់អស់ កាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងឃុំហ៊ួសំរោង ស្រុកផ្លែងយ៉ាវ ខេត្តឆាក់ឈើងសៅ ប្រទេសថៃ។

បើតាមសេចក្ដីរាយការណ៍ពីប្រទេសថៃ បានឲ្យដឹងថា មុនពេលកើតហេតុមាននូវគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នោះ មេខ្យល់បានដើរ​ប្រមូលពលករខ្មែរឲ្យចូលទៅធ្វើការងារ នៅក្នុងប្រទេសថៃដោយខុសច្បាប់ចំនួន២០នាក់ ហើយនាំគ្នាឡើងជិះរថយន្តភីកអាប់ ពណ៌ស មួយគ្រឿង ដោយធ្វើដំណើរទាំង​យប់អធ្រាត្រ។ លុះពេលរថយន្ត​បើកទៅជិតដល់កន្លែងដែលតម្រួតថៃដាក់កុងត្រួលត្រួតពិនិត្យ អ្នកបើកបរក៏បានបើករថយន្តគេច ក្នុង​ល្បឿនលឿន ធ្វើឲ្យរថយន្តរេចង្កូតខុសផ្លូវក្រឡាប់ជាច្រើនត្រឡប់ បណ្ដាលឲ្យពលករខ្មែរចំនួន៤នាក (ស្រីម្នាក់)ស្លាប់ និង​រងរបួសចំនួន​៤នាក់។ ដោយឡែកពលករខ្មែរចំនួ១២នាក់ផ្សេងទៀត ដែលរួមដំណើរជាមួយគ្នានោះ ក៏បានរត់គេចខ្លួនបាត់អស់ ដោយសារពួកគេភ័យខ្លាច​នឹងតម្រួតថៃចាប់ខ្លួន។

ក្រោយពេលកើតហេតុ សមត្ថកិច្ចថៃបានចុះទៅពិនិត្យ និងបញ្ជូនអ្នករងរបួសទៅសង្គ្រោះ នៅក្នុងមន្ទីរពេទ្យ។ ដោយឡែកសាកសពរបស់​ជនរងគ្រោះ គឺសមត្ថកិច្ចថៃកំពុងស្វែងរកអត្តសញ្ញាណ ដើម្បីបញ្ជូនមកប្រទេសកំណើតវិញ៕