ថៃ៖ មានករណីភ្ញាក់ផ្អើលមួយ បានកើតឡើងកាលពីពេលថ្មីៗនេះ ដោយបន្ទាប់ពីមានគ្រោះអគ្គិភ័យបានឆាបឆេះផ្ទះមួយខ្នង នៅក្នុងក្រុម ៦ ស្រុកសងភីណ៉ង ខេត្តសុភ័ណ្ឌបុរី ស្រាប់តែម្ចាស់ផ្ទះដែលមានជំងឺដេកនៅកន្ទេលដើរមិនរួច រយៈពេលយូរមកហើយនោះ អាចដើរបានទាំងមិនដឹងខ្លួនថា ខ្លួនឯងឈឺដើរមិនរួច ។

ប្រភពព័ត៌មាន បានឱ្យដឹងថា កាលពីម៉ោងប្រហែល ១២:១៥ នាទីអាធ្រាត្រ ឈានចូលដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ មានករណីអគ្គិភ័យមួយ បានឆាបឆេះផ្ទះមួយខ្នងខាងលើ មានកម្ពស់ ២ជាន់ ហើយត្រូវបានក្រុមអ្នកពន្លត់អគ្គិភ័យ ជួយអន្តរាគមន៍រយៈពេលចំនួន ៣០នាទី ទើបអាចគ្រប់គ្រងបាន ហើយក្នុងករណីនេះ បានបំផ្លាញទ្រព្យសម្បត្តិរបស់ម្ចាស់ផ្ទះសរុប ៣សែនបាត (៩២០០ដុល្លារ) ។

ប្រភពពីម្ចាស់ផ្ទះឈ្មោះ អ៊ុំព្រី ឆាស្វែងសាប អាយុ ៦៥ឆ្នាំ បាន ឱ្យដឹងថា មុនភ្លើងឆេះផ្ទះ គាត់មានជំងឺប្រចាំកាយ ដើរទៅណាមិនរួចអស់រយៈពេលយូរណាស់មកហើយ ។ មុនថ្ងៃកើតហេតុ ប្រពន្ធ និងកូនរបស់គាត់ បាននាំគ្នាចេញទៅក្រៅអស់ ទុកឱ្យគាត់នៅផ្ទះម្នាក់ឯង ដោយគ្រាន់តែបើកកង្ហារទុកឱ្យគាត់ប៉ុណ្ណោះ ។
ក្រោយមកទៀត ស្រាប់តែទុស្សសេខ្សែភ្លើង ឆាបឆេះឡើងតែម្ដង ។

ប្រភពដដែលបន្តថា ខណៈពេលដែលគាត់កំពុងដេកលើគ្រែ ស្រាប់តែឃើញភ្លើងឆេះ ហើយគាត់ក៏បានក្រោកឡើង ស្ទុះរត់ទៅស្រែកឱ្យគេជួយ ទាំងបានភ្លេចខ្លួនថា ឈឺមិនអាចដើររួច បន្ទាប់មក ទើបអ្នកក្បែរខាង នាំគ្នាជួយហៅឡានទឹកមកជួយពន្លត់បាន មិនឱ្យរាលដាលដល់ផ្ទះអ្នកដទៃ ៕
សហការី KBN
ប្រភព៖ kapook