ថៃ៖ ថ្មីៗនេះ ព័ត៌មានក្នុងស្រុក របស់ប្រទេសថៃ បានចុះផ្សាយពីករណីរំលោភមួយ ដែលបានកើតឡើង នៅស្រុកកែងក្រ ខេត្តឆ័យភូមិ ប្រទេសថៃ ។
ប្រភពព័ត៌មាន បានឱ្យដឹងថា ជនរងគ្រោះ ជាក្មេងស្រីអាយុ ១២ឆ្នាំ ត្រូវបានជនសង្ស័យព្យាយាមចាប់រំលោភ ខណៈពេលដែលនាង នៅផ្ទះតែម្នាក់ឯង តែនាងបានខំប្រឹងស្រែកឱ្យអ្នកជិតខាងជួយ រួចត្រូវបានជនសង្ស័យចាប់ខ្ទប់មាត់ និងដាល់ភ្នែកមួយដៃ មុនពេលគេរត់គេចខ្លួន ។

ក្រោយកើតហេតុ ក្មេងស្រីរងគ្រោះត្រូវបាន លោកមេភូមិដែលកំពុងចុះសួរសុខទុក្ខប្រជាជន ទៅជួយមើល រួមជាមួយប្រជាពលរដ្ឋក្បែរខាងផងដែរ ។
យោងតាមសម្ដីម្ដាយក្មេងស្រីរងគ្រោះអាយុ ៤៦ឆ្នាំ ជាជនពិការជើងឆ្វេង បានឱ្យដឹងថា មុនថ្ងៃកើតហេតុ ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៧ ខ្លួនបានទៅធ្វើការនៅខេត្តនគររាជសីម៉ា ដោយទុកឱ្យកូនស្រីរងគ្រោះ នៅផ្ទះម្នាក់ឯង តែគាត់ក៏បានផ្ញើបងប្រុសរបស់គាត់ឱ្យជួយមើលកូនម្ដងម្កាលដែរ ។

ក្រោយមកទៀត ស្រាប់តែបានដឹងដំណឹងថា កូនស្រីរបស់ខ្លួនត្រូវបានជនដៃដល់ចាប់រំលោភ គាត់ជាម្ដាយ ក៏បានប្រញាប់ប្រញាល់ត្រឡប់មកផ្ទះដើម្បីមើលកូន ។
ស្ត្រីដដែលបានបន្តថា កូនស្រីរងគ្រោះរបស់គាត់បានប្រាប់ថា ខណៈដែលនាងកំពុងដេក នៅម៉ោងប្រហែល ៩យប់ ស្រាប់តែជនសង្ស័យ បានចូលទៅក្នុងផ្ទះជាន់ទី ២របស់នាង ហើយក៏ដេកពីលើនាង តែនាងព្យាយាមរើបំរាស់ និងស្រែកឱ្យអ្នកជិតខាងជួយ ពេលនោះជនល្មើសក៏បានចាប់ខ្ទប់មាត់នាង និងដាល់ភ្នែកមួយដៃ រួចក៏មានប្រជាពលរដ្ឋស្រែកឡូឡាមកជួយ ជនល្មើសក៏បានរត់គេចខ្លួន បាត់ស្រមោលតែម្ដង ។

ស្ត្រីជាម្ដាយបានប្រាប់ឱ្យដឹងទៀតថា ហេតុដែលនាង ទុកកូនឱ្យនៅចាំផ្ទះម្នាក់ឯងដូចនេះ ក៏ព្រោះតែជីវភាពខ្វះខាត ដោយត្រូវការ ការងារធ្វើដើម្បីបានលុយខ្លះមកចិញ្ចឹមកូន ។
ក្រោយពីបានទទួលពាក្យបណ្ដឹងលើករណីមួយនេះ សមត្ថកិច្ច ក៏បានតាមស៊ើបអង្កេត ចាប់ខ្លួនជនសង្ស័យ ដើម្បីមកផ្តន្ទាទោសតាមច្បាប់ ៕
សហការី KBN
ប្រភព៖ khaosod