កាសែតក្នុងស្រុក ឈ្មោះ Straitstimes បានចុះផ្សាយពីហេតុការណ៍ ដ៏រន្ធត់មួយបានកើតឡើង កាលពីវេលាម៉ោង ៧ព្រឹក ថ្មីៗនេះ មានគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវហាយវ៉េមួយ ក្នុងខេត្តហ្វុងយ៉ាង មុនធុនអ៊ានស៊ុយ ភាគខាងត្បូងប្រទេសចិន ដោយមានរថយន្តចំនួន៣០គ្រឿង បានបុកបន្តកន្ទុយគ្នា ។

ខណៈពេលដែលគ្រោះថ្នាក់កើតឡើង គេបានឃើញអណ្តាតភ្លើង បានឆាបឆេះឡើង យ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យមានមនុស្សស្លាប់ រហូតដល់ទៅ១៨នាក់ និងរបួស២១នាក់ ក្នុងនោះមាន១១នាក់រងរបួសធ្ងន់ ។

ក្រុមជួយសង្គ្រោះ បាននាំអ្នករបួសទាំងអស់ ទៅសង្គ្រោះនៅមន្ទីរពេទ្យ ភ្លាមៗផងដែរ ខណៈពេលដែលក្រុមប៉ូលិស និងក្រុមអ្នកពន្លត់អគ្គីភ័យបានប្រើប្រាស់ ឡានចំនួន១៤គ្រឿង ហើយអ្នកសង្គ្រោះជាង១០០នាក់ ដើម្បីចូលទៅជួយ ដល់ក្រុមអ្នកដែលជាប់នៅលើផ្លូវនោះ ដោយប្រើរយៈពេលជាង២ម៉ោង ទើបអាចពន្លត់ភ្លើងបានសម្រេច ។

ក្រោយពីប៉ូលិសត្រួតពិនិត្យ ជាបឋមបានប្រាប់ឲ្យដឹងថា ខណៈពេលនោះ មានព្រិលធ្លាក់នៅកន្លែងកើតហេតុយ៉ាងក្រាស់ ធ្វើឲ្យពិបាកក្នុងការបើកបរ ហើយអ្នកបើកមិនអាចគ្រប់គ្រង ស្ថានការបានល្អធ្វើឲ្យរថយន្តទាំងនោះ បានបុកបន្តកន្ទុយគ្នាតែម្តង ។

បន្ទាប់ពីមានការ ស៊ែរវីដេអូឃ្លីបពីហេតុការណ៍ខាងលើ ធ្វើឲ្យមនុស្សជាច្រើន មានការរន្ធត់ពេលដែលឃើញភ្លើង ឆាបឆេះយ៉ាងសន្ធោសន្ធៅ អណ្តាតភ្លើងខ្មួលខ្មាញ់នៅលើអាកាស ៕